Amazon បាញ់បង្ហោះផ្តាយរណបអ៊ីនធើណិតដំបូងបំផុតរបស់ខ្លួន ដើម្បីប្រជែង Starlink របស់ Elon Musk

អន្តរជាតិ

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបអ៊ីនធើណិតដំបូងបំផុតរបស់ខ្លួនឈ្មោះថា Kuiper ចំនួន ២៧ គ្រឿង ទៅកាន់ទីអវកាស ពីរដ្ឋ Florida ដោយត្រូវបានគេចាត់ទុកថាជាជំហានថ្មីចុងក្រោយមួយក្នុងការដាក់ពង្រាយបណ្តាញសេវាអ៊ីនធើណិតពីលំហអាកាស ដើម្បីប្រកួតប្រជែងទៅនឹងផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្កាយរណបដំបូង ក្នុងចំណោមផ្កាយរណប ៣ ២៣៦​ គ្រឿងផ្សេងទៀត ដែលក្រុមហ៊ុន Amazon គ្រោងនឹងបញ្ជូនទៅកាន់គន្លងផែនដីកម្រិតទាប ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចេញដំបូងតាំងតែពីឆ្នាំ២០១៩ នោះ គឺដើម្បីបញ្ជូនសេវាអ៊ីនធឺណិតតាមរយ:ផ្កាយរណប នៅទូទាំងពិភពលោកសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុនអាជីវកម្ម និងរដ្ឋាភិបាល ជាដើម។

គួរឲ្យដឹងផងដែរថា ផ្កាយរណបចំនួន ២៧ គ្រឿងដំបូងនេះ ត្រូវបានបំពាក់លើក្បាលគ្រាប់រ៉ុក្កែត Atlas V ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Boeing និង Lockheed Martin United Launch Alliance ដែលត្រូវបានបាញ់បង្ហោះ ទៅក្នុងលំហដោយជោគជ័យ នៅម៉ោង ៧យប់ (ម៉ោងក្នុងតំបន់) ពីកន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុននៅឯស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ។

ជម្រាបជូនផងដែរថា ផ្ការណប Kuiper នេះ ត្រូវបានចាត់ទុកថាជាការបណ្តាក់ទុនដ៏ធំបំផុតមួយរបស់ Amazon ដែលកំពុងដំណើរការ ហើយត្រូវបានចាត់ទុកថានឹងក្លាយជាដៃគូប្រជែងដ៏ធំរបស់ Starlink ក៏ដូចជាផ្តល់សេវាកម្មទូរគមនាគមន៍សកលដូចជា AT&T និង T-Mobile ជាដើម។ ក្រុមហ៊ុន Amazon បានកំណត់ទីតាំងសេវាកម្មនេះថាជាអត្ថប្រយោជន៍ដ៏ធំបំផុតសម្រាប់តំបន់ជនបទដាច់ស្រយាល៕