លោក ត្រាំ ចុះបទបញ្ជាតម្រូវឲ្យអ្នកបើករថយន្តដឹកទំនិញ ត្រូវចេះភាសាអង់គ្លេសស្ទាត់

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានឈានដល់ការចុះបទបញ្ជាប្រតិបត្តិថ្មីមួយ ដែលតម្រូវឲ្យអ្នកបើកបររថយន្តដឹកទំនិញទាំងអស់ នៅសហរដ្ឋអាមេរិក មានភាពស្ទាត់ជំនាញក្នុងការនិយាយភាសាអង់គ្លេស ដែលត្រូវបានចាត់ទុកថាជាភាសាផ្លូវការរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជាថ្មីដែលត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅនេះ បាននិយាយថា ជារៀងរាល់ថ្ងៃអ្នកបើកបររថយន្តដឹកទំនិញ មានភាពពិបាកក្នុងការគ្រប់គ្រង និងបង្ករឲ្យមានភាពគ្រោះថ្នាក់។ ជុំវិញបញ្ហានេះ អ្នកបើកបរទាំងអស់ត្រូវអាចអាន និងយល់ច្បាស់ពីស្លាកសញ្ញាចរាចរណ៍ និងអាចទំនាក់ទំនងជាមួយមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ រួមទាំងបុស្តិ៍ល្បាតព្រំដែន ប៉ុស្តិ៍ត្រួតពិនិត្យ និងស្ថានីយ៍ថ្លឹងរថយន្ត ជាដើម។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីដឹកជញ្ជូនសហរដ្ឋអាមេរិក លោក Sean Duffy នឹងដាក់ចេញការណែនាំថ្មីស្តីពីការអនុវត្តបទបញ្ជាប្រតិបត្តិថ្មីនេះ និងគោលនយោបាយដើម្បីសាកល្បងតេស្តសមត្ថភាពភាសាអង់គ្លេស របស់អ្នកបើកបររថយន្តដឹកទំនិញទាំងអស់។ ហើយមិនតែប៉ុណ្ណោះ បទបញ្ជានេះក៏ចែងផងដែរថា អ្នកបើកបរដែលបំពានលើតម្រូវការជំនាញភាសាអង់គ្លេស នឹងត្រូវទទួលរងនូវការផ្អាកប្រតិបត្តិការតែម្តង។

ជម្រាបជូនថា អ្នកបើកបររថយន្តដឹកទំនិញនៅសហរដ្ឋអាមេរិក ត្រូវបានគ្រប់គ្រងយ៉ាងជិតស្និទ្ធដោយទីភ្នាក់ងារសហព័ន្ធ និងរដ្ឋ ដោយមានគោលដៅធានាសុវត្ថិភាពចរាចរណ៍ សុខភាពអ្នកបើកបរ និងអនុលោមតាមច្បាប់ដឹកជញ្ជូន។ ពួកគេត្រូវតែមានអាជ្ញាប័ណ្ណពិសេស និងគោរពតាមបទប្បញ្ញត្តិស្តីពីម៉ោងធ្វើការ និងការពិនិត្យសុខភាពតាមកាលកំណត់៕