លោក ត្រាំ បង្ហើបថាកិច្ចព្រមព្រៀងពន្ធគយជាមួយឥណ្ឌា អាចបញ្ចប់ទៅក្នុងពេលឆាប់ៗ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចពិភាក្សាស្តីពីពន្ធគយនាំចូលជាមួយប្រទេសឥណ្ឌា គឺដំណើរការទៅបានយ៉ាងរលូន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅសេតវិមាន កាលពីថ្ងៃទី២៩ ខែមេសា លោក ត្រាំ បាននិយាយថា ៖”ខ្ញុំគិតថាយើងនឹងអាចធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា ក្នុងពេលឆាប់ៗ។ នាយករដ្ឋមន្ត្រីឥណ្ឌា បានមកកាន់ទីនេះកាលពីបីសប្តាហ៍មុន។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀងជាមួយយើងណាស់”។

គួរឲ្យដឹងផងដែរថា ជុំវិញការលើកឡើងរបស់លោក​ ត្រាំ បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក គឺជាកំពុងខិតជិតខ្លាំងណាស់ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងពន្ធគយជាមួយប្រទេសឥណ្ឌា ខណ:ពេលដែលអនុប្រធានាធិបតី លោក JD Vance បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi កាលពីសប្តាហ៍មុន។

លោក Bessent បាននិយាយទៀតថា “មេដឹកនាំប្រទេសទាំងពីរកំពុងមានការ​ពិភាក្សា​រីកចម្រើនយ៉ាងខ្លាំង។ ខ្ញុំនឹងមានការប្រកាសអំពីលទ្ធផលនៃកិច្ចព្រមព្រៀងពន្ធគយរបស់ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ”។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Bessent ហាក់មិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយ ជុំវិញការបញ្ចប់កិច្ចព្រមព្រៀងនេះនៅឡើយទេ។

សេតវិមានកំពុងព្យាយាមចរចារកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន ពោលគឺនៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីលោក ត្រាំ បានប្រកាសអំពីពន្ធគយថ្មីមួយចំនួន។

លោក Bessent បានបន្ថែមទៀតថា ៖”យើងមានទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ១៧ រួចមកហើយ ។ យើងនឹងព្យាយាមនិយាយជាមួយពួកគេទាំងអស់ ឬយ៉ាងហោចណាស់ទាំង ១៧ ក្នុងចំណោមពួកគេក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ ពួកគេភាគច្រើនបានមកដល់ទីក្រុងវ៉ាស៊ីនតោន”។

ជម្រាបជូនថា កាលពីសប្តាហ៍មុន មន្ត្រីអង់គ្លេស និងសិង្ហបុរីបាននិយាយថា ការចរចាពន្ធជាមួយអាមេរិកមិនទាន់អាចឈានដល់ការសន្និដ្ឋាននៅឡើយទេ ហើយការពិភាក្សានឹងត្រូវបន្តធ្វើឡើងនៅពេលខាងមុខទៀត៕