ចិន កំពុងបង្កើតបញ្ជីឈ្មោះមុខទំនិញអាមេរិកមួយចំនួន ដែលនឹងត្រូវលើកលែងពីពន្ធ ១២៥%

អន្តរជាតិ

រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះ បានបង្កើតបញ្ជីឈ្មោះមុខទំនិញរបស់សហរដ្ឋអាមេរិកមួយចំនួនដែលនឹងត្រូវលើកលែងពីការយកពន្ធគយ ១២៥% របស់ខ្លួន ហើយកំពុងជូនដំណឹងស្ងាត់ៗ ទៅកាន់បណ្តាក្រុមហ៊ុនក្នុងស្រុកអំពីគោលនយោបាយថ្មីនេះ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការបន្ធូរបន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសចិន បានផ្តល់ការលើកលែងពន្ធគយលើផលិតផលមួយចំនួនដែលត្រូវបានជ្រើសរើសរួចរាល់ហើយ រួមទាំងឱសថ មីក្រូឈីប និងម៉ាស៊ីយន្តហោះ ហើយកំពុងស្នើឲ្យក្រុមហ៊ុនានាក្នុងស្រុកកំណត់មុខទំនិញសំខាន់ៗរបស់អាមេរិកបន្ថែមទៀត ដែលពួកគេត្រូវការជាចាំបាច់ ដោយមិនគិតពន្ធ។

គួរឲ្យដឹងផងដែរថា ជុំវិញវិធីសាស្រ្តចុងក្រោយនេះ ហាក់ដូចជាការផ្លាស់ប្តូរជំហរថ្មីមួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលធ្លាប់បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមានឆន្ទៈប្រយុទ្ធប្រឆាំងរហូតដល់ទីបញ្ចប់ លុះត្រាតែសហរដ្ឋអាមេរិកយល់ព្រមដកពន្ធគយ ១៤៥% របស់ខ្លួនវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ គេហាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើទំនិញចំនួនប៉ុន្មាន និងផលិតផលមួយណា នឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះ ខណ:ពេលដែលអាជ្ញាធរមិនបានចែករំលែកព័ត៌មានលម្អិតជាសាធារណៈនោះទេ៕