ការផលិតរថយន្តសរុបរបស់ថៃ ទំនងធ្លាក់ចុះមកនៅតិចជាង ១,៤ លានគ្រឿង នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឲ្យដឹងថា ការផលិតរថយន្តសរុបរបស់ប្រទេសខ្លួន នៅឆ្នាំនេះ ទំនងជាធ្លាក់ចុះតិចជាង ១,៤ លានគ្រឿង ដោយសារតែផលប៉ះពាល់នៃគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Surapong Paisitpatanapong អនុប្រធាន FTI បាននិយាយថា ៖”យើងរំពឹងថាការផលិតរថយន្តសរុបនឹងថយចុះមកតិចជាង ១,៤លានគ្រឿងនៅឆ្នាំនេះ” ។ នៅឆ្នាំ២០២៤ ការផលិតរថយន្តសរុបរបស់ប្រទេសថៃ បានកើនឡើងដល់ ១,៤៦ លានគ្រឿង ពោលគឺតិចជាងគោលដៅដែលបានព្យាករទុកចំនួន ១,៥ លានគ្រឿង។

យ៉ាងណាមិញ កាលពីដើមឆ្នាំនេះ FTI បានរក្សានូវគោលដៅផលិតរថយន្តសរុបចំនួន ១,៥ លានគ្រឿង នៅក្នុងឆ្នាំនេះ ដោយក្នុងនោះរួមមាន ១ លានគ្រឿងសម្រាប់ការនាំចេញ និង ៥ សែនគ្រឿង សម្រាប់លក់នៅទីផ្សារក្នុងស្រុក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ FTI រំពឹងទុកថាគោលដៅនេះ នឹងមិនអាចសម្រេចបាននោះឡើយ បន្ទាប់ពីមានការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីផែនការពន្ធគយ ២៥% លើរថយន្តដែលផលិតពីបរទេសនិងនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានចូលជាធរមាននៅកាលពីថ្ងៃទី២ ខែមេសា ខណ:ពន្ធគយលើគ្រឿងបន្លាស់រថយន្ត ត្រូវបានរំពឹងទុកនឹងចូលជាធរមានមិនលើសពីថ្ងៃទី៣ ខែឧសភា ខាងមុខនេះ។

ទន្ទឹមនឹងនេះ លោក Surapong ក៏មានការព្រួយបារម្ភផងដែរអំពីផលប៉ះពាល់នៃពន្ធគយទៅវិញទៅមកដ៏ខ្ពស់របស់ ត្រាំ ដែលត្រូវបានកំណត់ដំបូងឲ្យចូលជាធរមាននៅថ្ងៃទី៩ ខែមេសា និងក្រោយមកត្រូវបានពន្យារពេលរយៈពេល ៩០ថ្ងៃវិញសម្រាប់ប្រទេសដែលមិនដាក់ពន្ធសងសឹកសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឲ្យមានការចរចាពាណិជ្ជកម្ម។

គួរជម្រាបជូនផងដែរថា យោងតាម FTI ការផលិតរថយន្តសរុបនៅក្នុងប្រទេសថៃបានថយចុះ ៦% ក្នុងខែមីនា បើធៀបនឹងឆ្នាំមុន មកនៅត្រឹមចំនួន ១២៩ ៩០៩ គ្រឿង ដោយការផលិតសម្រាប់ការនាំចេញបានធ្លាក់ចុះ ៩,៣% ប៉ុន្តែការផលិតសម្រាប់លក់ក្នុងស្រុកកើនឡើង ០,៣៦% ដែលជំរុញដោយការផលិតរថយន្តអគ្គិសនី កាន់តែច្រើន៕