ការសិក្សាពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ និងមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ហើយបានបង្ហាញពីភាពប្រកួតប្រជែងខាងសេដ្ឋកិច្ចរវាងចិនជាមួយសហរដ្ឋអាមេរិក នៅទីបំផុតមានតែចិនប៉ុណ្ណោះដែលទទួលលទ្ធផលដ៍អស្ចារ្យ។
បើតាមក្រុមសេដ្ឋវិទូជឿជាក់ថា ប្រទេសចិននឹងផ្តួលសហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅត្រឹមឆ្នាំ២០២៨ខាងមុខ។

ប្រទេសចិន ត្រូវបានប្រើវិបត្តិរោគរាតត្បាត ដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងនាមជាតួអង្គនៅលើឆាកពិភពលោក ដោយផ្តល់វ៉ាក់សាំងកូវីដរបស់ខ្លួន កន្លះកោដិដូសទៅឲ្យប្រទេសចំនួន៤៥ ដើម្បីយកឈ្នះជំងឹដ៍កាចសាហាវនេះរួមទាំងនៅតំបន់អាមេរិកខាងត្បូងដែលជាភូមិសាស្រ្តរបស់អាមេរិកផងដែរ។
ទន្ទឹមនឹងនេះ ការចាក់ថ្នាំបង្ការរោគជាមួយវ៉ាក់សាំងរបស់ចិន បានចាប់ផ្តើមនៅក្នុងប្រទេសជាង២៥ ហើយវ៉ាក់សាំងត្រូវបានបញ្ជូនទៅ១១ប្រទេសផ្សេងទៀត។
ខណៈប្រទេសចិន បានបង្កើតមហាសេដ្ឋីជាង២០០នាក់កាលពីឆ្នាំមុន ហើយទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើននិងការចុះបញ្ជីក្រុមហ៊ុនថ្មីមួយចំនួន បានជួយទូទាត់ចំពោះការខូចខាតដែលបណ្តាលមកពីជំងឺកូវីដ១៩។

បញ្ជីអ្នកមានសកលលោករបស់ក្រុមហ៊ុន Hurun បានបង្ហាញរបាយការណ៍ថា ជនជាតិចិនចំនួន២៥៩នាក់ បានក្លាយខ្លួនជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយនាំឲ្យប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន១,០៥៨នាក់។

សហរដ្ឋអាមេរិកដែលជាតួអង្គរសំខាន់ក្នុងពិភពលោកក៍បានបង្កើតមហាសេដ្ឋីថ្មីត្រឹមតែ៧០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលធ្វើឲ្យចំនួនសរុបរបស់ខ្លួនកើនដល់៦៩៦នាក់។

ប្រទេសចិន ត្រូវបានមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនមានការរីកលូតលាស់ខណៈ ហិរញ្ញវត្ថុរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ត្រូវទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕
ប្រភព៖ Daily Mail