មិនត្រឹមតែជោគជ័យលើមុខជំនួញឡើយ មហាសេដ្ឋីចិន Jack Ma ថែមទាំងអាចថ្ពក់បានបេះដូងភរិយារបស់លោក តាំងពីលោកមានជីវភាពក្រខ្សត់ ហើយភរិយារបស់លោក អ្នកស្រី Zhang Ying បានសរសើរពីចំណុចពិសេសស្វាមីរបស់អ្នកស្រីគឺ Jack Ma មិនមែនជាបុរសសង្ហារអីនោះទេ តែអ្នកស្រីលង់ស្រឡាញ់ព្រោះគាត់អាចធ្វើរឿងជាច្រើនដែលបុរសសង្ហារមិនអាចធ្វើបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ MEAWW។

ជាការពិត មហាសេដ្ឋីចិនម្នាក់នេះមានប្រវត្តិតស៊ូមិនធម្មតាឡើយ ហើយមនុស្សល្មមៗកម្រធ្វើបានដូចជាលោកណាស់ ពោលទម្រាំមានបានដូចសព្វថ្ងៃ Jack Ma ធ្លាប់រងការមើលងាយ និងរើសអើងពីលក្ខណៈសម្បត្តិរបស់លោក ដូចជាពិបាកក្នុងការស្វែងរកការងារធ្វើ ប៉ុន្តែលោកមិនដែលបាក់ទឹកចិត្ត ហើយតែងតែចាត់ទុកភាពបរាជ័យទាំងនោះ ជាបទពិសោធន៍ជីវិត និងតែងតែតស៊ូរហូតទទួលបានភាពជោគជ័យដ៏ធំធេងទាំងមុខជំនួញ និងជីវិតគ្រួសារ។
ចំណែកឯរឿងរ៉ាវផ្ទាល់ខ្លួនរបស់គ្រួសារមហាសេដ្ឋីម្នាក់នេះកម្រមានអ្នកដឹងណាស់ ជាពិសេសគឺភរិយារបស់លោក អ្នកស្រី Zhang Ying តែម្ដង ដោយគេគ្រាន់តែដឹងថា អ្នកទាំង២ បានចាប់ដៃគ្នាធ្វើជំនួញតាំងពីបាតដៃទទេទាំង ២ នាក់។
Jack Ma និងភរិយាបានជួបគ្នាលើកដំបូងនៅវិទ្យាស្ថាន Hangzhou Teacher’s Institute ហើយបានរៀបការជាមួយគ្នាអំឡុងទសវត្សឆ្នាំ ១៩៨០ និងមានកូនចំនួន ៣ នាក់។

នៅឆ្នាំ ១៩៩៥ ក្រោយចាប់ដៃគ្នាជាមួយអ្នកស្រី Zhang យ៉ាងកម្សត់កម្រ លោក Jack Ma បានចាប់ផ្ដើមបង្កើតក្រុមហ៊ុន China Yellowpages ជាក្រុមហ៊ុនរកស៊ីតាមអ៊ីនធឺណិតមុនគេបង្អស់នៅប្រទេសចិន។ ក្រោយមកទៀត នៅឆ្នាំ ១៩៩៩ ក៏បានបង្កើតក្រុមហ៊ុនអនឡាញដំបូងនៅប្រទេសចិន Alibaba សម្រាប់ការធ្វើពាណិជ្ជកម្មដែលមានដៃគូសហការ ១៦ ក្រុមហ៊ុន។

ការងារនៅក្រុមហ៊ុន Alibaba អ្នកស្រី Zhang គ្រាន់តែមកជួយមើលការខុសត្រូវលើការរៀបចំអាហារសម្រន់ និងភេសជ្ជៈសម្រាប់ក្រុមការងារដែលមកជួបប្រជុំតែប៉ុណ្ណោះ។
អ្នកស្រី Zhang មិនចូលចិត្តបង្ហាញមុខជាសាធារណៈឡើយ គឺចូលចិត្តឯកជនភាពសម្រាប់ជីវិតផ្ទាល់ខ្លួនច្រើនជាង។ អ្នកស្រីក៏ត្រូវបានគេសរសើរថាជាមនុស្សចិត្តល្អ ដែលតែងតែបង្ហាញមុខរាល់កម្មវិធីសង្គម និងកម្មវិធីសប្បុរសធម៌មិនដែលខាន ហើយថែមទាំងវិនិយោគរាប់លានដុល្លារ ដើម្បីពង្រឹងវិស័យអប់រំ និងវិស័យសុខាភិបាលថែមទៀត៕