កាលពីឆ្នាំ ១៩៩៤ Amazon គ្រាន់តែជាគេហទំព័រលក់សៀវភៅតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុណ្ណោះតែបច្ចុប្បន្នក្រុមហ៊ុនមួយនេះមានមានតម្លៃដល់ទៅ ១,៧ ទ្រីលានដុល្លារ ហើយស្ថាបនិកដែលបង្កើតវាឡើងគឺ Jeff Bezos ក៏បានក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតលើលោកគឺជិត ២០០ ពាន់លានដុល្លារ។
សម្រាប់រយៈពេល ២៧ ឆ្នាំនៃភាពជោគជ័យមានមកទល់សព្វថ្ងៃ ច្បាស់ណាស់មានមេរៀនជាច្រើនដែលលោកទទួលបានច្រើនរាប់មិនអស់ទាំងមេរៀនអាក្រក់ និងមេរៀនល្អ យ៉ាងណាមិញ សម្រាប់អត្ថបទមួយនេះយើងសូមធ្វើការចែករំលែកនូវបទពិសោធន៍ល្អ ៥ ដែលស្ថាបនិកក្រុមហ៊ុនផលិត និងផ្គត់ផ្គង់យានអវកាស Blue Origin បានចែករំលែកដូចតទៅ៖
1/ ហ៊ានប្រថុយហានិភ័យ
“នៅពេលដែលអ្នកមានវ័យ ៨០ ឆ្នាំ ហើយអ្នកគិតអំពីរឿងស្ដាយក្រោយក្នុងឆាកជីវិត ភាគច្រើនរឿងអស់ទាំងនោះគឺសុទ្ធតែជាអ្វីដែលអ្នកមិនធ្លាប់ធ្វើ។ វាកម្រណាស់ដែលអ្នកស្ដាយក្រោយនូវអ្វីដែលអ្នកធ្លាប់ធ្វើតែបរាជ័យ”។ នេះបើតាមសម្ដីរបស់ Bezos ប្រាប់នៅក្នុងកិច្ចសម្ភាសន៍មួយនៅឆ្នាំ ២០១៨។
ទស្សនៈខាងលើគឺបានជួយត្រួសត្រាយផ្លូវឲ្យ Bezos បង្កើតបាន Amazon ឡើង។ នៅពេលដែលលោកមានវ័យ ៣០ ឆ្នាំ Bezos បានចូលរួមពិព័រណ៍ការងារមួយ ហើយលោកបានមើលឃើញពីអនាគតដ៏ភ្លឺស្វាងនៃប្រព័ន្ធអ៊ីនធឺណិត ហើយក៏មានគំនិតបង្កើតហាងសៀវភៅអនឡាញឡើង។
យ៉ាងណាមិញ បើទោះជាមានការយល់ស្របពីចៅហ្វាយនាយ តែ Bezos នៅត្រូវបានគេផ្ដល់យោបល់ឲ្យបោះបង់គំនិតមួយនេះ ព្រោះវាមានហានិភ័យពេកហើយគេគួររក្សាការងារដែលមាននាពេលនោះជាង។ តែ Bezos ជំនះធ្វើវាទាល់តែបាន ដោយនៅឆ្នាំ ១៩៩៤ គាត់បានចាប់ផ្ដើមគម្រោង និងនៅខែកក្កដា ១៩៩៥ គេហទំព័រ Amazon បានលេចរូបរាងជាផ្លូវការ។
2/ ត្រូវចេះធ្វើការសម្រេចចិត្តឲ្យបានលឿន និងត្រឹមត្រូវ
គន្លឹះសំខាន់នៃការរក្សាស្ថិរភាពនៃជំនួញឲ្យបានគង់វង្សគឺ ការសម្រេចចិត្តដែលមានភាពត្រឹមត្រូវ និងរហ័ស។ នេះបើតាមសម្ដីរបស់ Bezos ឧស្សាហ៍និយាយតាមសារព័ត៌មាន។
“រាល់ការសម្រេចចិត្តទាំងក្នុងវិស័យជំនួញ និងជីវិតរបស់ខ្ញុំ គឺតែងធ្វើចេញពីបេះដូង វិចារណញ្ញាណ និងស្មារតី មិនមែនធ្វើចេញពីការវិភាគច្រើនអ្វីឡើយ”។ នេះបើតាមសម្រង់សម្ដីក្នុងកិច្ចសម្ភាសន៍មួយនៅកម្មវិធី Economic Club Washington D.C. កាលពីឆ្នាំ ២០១៨ របស់ Bezos។
3/ ត្រូវចេះស្វែងរកចំណូលចិត្តផ្ទាល់ខ្លួន
ការដែលចេះស្វែងរកចំណូលចិត្តនៅក្នុងជីវិតរបស់អ្នក គឺជាចំណុចគោលនៃភាពជោគជ័យ ហើយនេះគឺជាអ្វីដែល Bezos តែងទូន្មានបុគ្គលិកក្រោមឱវាទរបស់លោក ក៏ដូចជាកូនៗទាំង ៤ នាក់ផងដែរ។
“អ្នកអាចមានការងារ ឬមុខជំនួញអ្វីមួយ ហើយប្រសិនបើអ្នករកឃើញពីចំណូលចិត្តពិតប្រាកដថែមទៀត នោះអ្នកហាក់ដូចជាត្រូវរង្វាន់ធំអញ្ចឹង ដ្បិតវាគឺជារឿងសំខាន់បំផុត”។
នៅពេលលោកបង្កើត Amazon មហាសេដ្ឋីរូបនេះទម្លាយថា ចំណូលចិត្តរបស់លោកគឺចង់បង្កើតអ្វីថ្មី ហើយកាលពីពេលថ្មីៗនេះ Bezos ទម្លាយថាក្ដីស្រមៃធំមួយទៀតក្នុងឆាកជីវិតគឺចង់ទៅលំហអាកាស។
Bezos បានចំណាយអស់រាប់ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ការសាងសង់ក្រុមហ៊ុនផលិតយានអវកាស Blue Origin ហើយរឿងតំបូងបង្អស់ដែលលោកចង់ធ្វើ បន្ទាប់ពីលាលែងតំណែងជា CEO នៃ Amazon គឺនឹងក្លាយជាអវកាសយានិកដឹកអ្នកដំណើរដំបូងជាមួយប្អូនប្រុសរបស់លោកនៅថ្ងៃ ២០ កក្កដាខាងមុខ។
4/ ត្រូវហ៊ានប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់
អាជីវកម្មរបស់ Amazon គឺពឹងផ្អែកទៅលើប្រសិទ្ធភាព និងសេវាកម្ម ដោយអតិថិជនធ្វើការកុម្ម៉ង់ឥវ៉ាន់ច្រើនមុខ ហើយរំពឹងថាវានឹងមកដល់មុខផ្ទះរបស់ពួកគេក្នុងរយៈពេល ២-៣ ថ្ងៃ ឬតិចជាងនេះ។ តែ Bezos បែរជាយល់ឃើញថា ភាពមិនច្បាស់លាស់ ឬមិនល្អឥតខ្ចោះបន្តិច គឺជាគន្លឹះនៃវិថីឆ្ពោះទៅរកភាពជោគជ័យ។
“ភាពមិនច្បាស់លាស់ គឺជាហេតុផលសំខាន់ដែលផ្ទុយគ្នានឹងប្រសិទ្ធភាព ហើយអ្នកចាំបាច់ត្រូវការវាទាំង ២។ ពេលខ្លះនៅក្នុងជំនួញ អ្នកតែងដឹងថាអ្នកនឹងត្រូវធ្វើអ្វីខ្លះ ហើយនៅពេលចាប់ផ្ដើមធ្វើវា អ្នកនឹងទទួលបានប្រសិទ្ធភាពខ្ពស់”។
“ផ្ទុយទៅវិញ ភាពមិនច្បាស់លាស់ក្នុងវិស័យជំនួញគឺគ្មានប្រសិទ្ធភាពទេ តែវាក៏មិនអត់ប្រយោជន៍ដែរ។ វាគឺជាអ្នកនាំផ្លូវ ដោយបណ្ដុះចេញជាគំនិតថ្មី ស្មារតីរឹងមាំជាងមុន ការងឿងឆ្ងល់ ដែលអាចឲ្យយើងដឹងបានថា ភាពរីករាយរបស់អតិថិជនគឺវាសមតម្លៃ នឹងភាពរញ៉េរញ៉ៃដែលយើងឆ្លងកាត់កន្លងមក។
មេរៀនសំខាន់មួយដែល Bezos ចែករំលែកគឺ ភាពជោគជ័យទទួលបានតាមរយៈ ការបង្កើតថ្មី បើកដំណើរការ ធ្វើថ្មីម្ដងទៀត ដាក់ដំណើរការម្ដងទៀត និងធ្វើបែបនេះរហូត។
5/ កុំបាត់បង់ភាពផ្ទាល់ខ្លួនដែលមានប្លែកពីគេ
“ពួកយើងសុទ្ធតែដឹងអំពីភាពខុសប្លែកពីអ្នកដទៃ ភាពជាខ្លួនឯង គឺមានតម្លៃខ្លាំងណាស់។ពួកយើងគឺត្រូវបានបង្រៀនឲ្យ “ធ្វើជាខ្លួនឯង” ហើយអ្វីដែលខ្ញុំចង់ប្រាប់គ្រប់គ្នានោះគឺព្យាយាមរក្សា និងគ្រប់គ្រងភាពជាខ្លួនឯងកុំឲ្យបាត់បង់។ គ្រប់គ្នាចង់ឲ្យអ្នកផ្លាស់ប្ដូរទៅតាមបែបផែនផ្សេងៗគ្នា តែសូមកុំឲ្យវាកើតមានឡើងឲ្យសោះ”។
Bezos បានអះអាងថា វាសមតម្លៃនៃការរក្សាភាពខុសប្លែកពីអ្នកដទៃ បើទោះជាវាទាមទារការខិតខំព្យាយាមច្រើនក៏ដោយ៕
ប្រភព: cnbc