មហាសេដ្ឋី Bill Gates និងបិតាវិនិយោគិន Warren Buffett គឺត្រូវបានគេស្គាល់ថា ជាមិត្តសម្លាញ់នឹងគ្នាជាយូរណាស់មកហើយ ដោយមិត្តភាពមួយនេះកើតមានឡើងតាំងពីឆ្នាំ ១៩៩១ មកម៉្លេះ ពោលគឺ ៣០ ឆ្នាំហើយ។

យ៉ាងណាមិញ មានមនុស្សមិនច្រើនទេដែលដឹងពីឫសគល់នៃមិត្តភាពរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារទាំង ២ រូបនេះ ដោយដំបូងឡើយអ្នកទាំង ២ មិនសូវត្រូវរ៉ូវគ្នាឡើយ ដោយម្នាក់ជាអ្នកចូលចិត្តបង្កើតអ្វីថ្មីៗ និងម្នាក់ទៀតជាកំពូលអ្នកលក់ និងវិនិយោគ។

រំលឹកទៅកាលពីឆ្នាំ ២០០០ នៅកម្មវិធីមួយរបស់ក្រុមហ៊ុន Berkshire Hathaway របស់លោក Buffett ស្ថាបនិករូបនេះទម្លាយថា លោកបានទៅសួរសុខទុក្ខមិត្តម្នាក់គឺ អ្នកស្រី Meg Greenfield ដែលអ្នកស្រីក៏ជាមិត្តភក្ដិរបស់ឪពុកម្ដាយ Bill Gates ដែរ ដូច្នេះអ្នកស្រីក៏នាំ Buffett ទៅលេងផ្ទះរបស់ Bill Gates ជាមួយគ្នា។

ពេលនោះ Gates គ្មានចំណាប់អារម្មណ៍ចង់ជួប Buffett បន្តិចសោះឡើយ ដោយលោកយល់ឃើញថា របៀបនៃការរកចំណូលរបស់អ្នកជំនួញជនជាតិអាមេរិកមិនស៊ីគ្នាជាមួយលោក។
“កាលនោះខ្ញុំមិនទាំងចង់ជួបWarren ផង ព្រោះខ្ញុំគិតថា “គាត់គ្រាន់តែជាអ្នកជំនួញដែលទិញ និងលក់របស់របរផ្សេងៗ ដែលវាមើលទៅមិនទំនងជាការធ្វើជំនួញលើទីផ្សារសោះ ហើយក៏គ្មានផ្ដល់ផលប្រយោជន៍អីដល់សង្គមទៀត ដែលវាស្ទើរក្លាយទៅជាបញ្ហាសង្គមទៀតផង” នេះគឺជាអ្វីដែលខ្ញុំយល់ឃើញ មុនពេលជួបគាត់ ណាមួយគាត់ក៏នឹងមិនផ្ដល់យោបល់ពីការបង្កើតអីថ្មីមកខ្ញុំដែរ”។ នេះបើតាមសម្ដីរបស់ Bill Gates ប្រាប់នៅក្នុងសាលសន្និសិទមួយកាលពីឆ្នាំ ២០១៩”។
ដោយឡែក Warren Buffett វិញក៏ទម្លាយដែរថា ពេលជួបគ្នាដំបូង លោកក៏មានអារម្មណ៍មិនសូវជាល្អប៉ុន្មានជាមួយ Gates ដែរ តែលោកព្យាយាមសម្របខ្លួនជាមួយស្ថាបនិកក្រុមហ៊ុន Microsoft។
“ពួកយើងមានពេលវេលាមិនសូវជាល្អប៉ុន្មានទេកាលពីដំបូងៗ តែក្រោយមកអ្វីៗរាងមានភាពល្អប្រសើរគ្រាន់បើ នៅពេលដែលគាត់បានព្យាយាមពន្យល់ខ្ញុំអំពីបច្ចេកវិទ្យាមួយដែលគាត់ទើបនឹងបង្កើតឡើងពេលនោះ។ ខ្ញុំពិតជាចាប់អារម្មណ៍ជាមួយបច្ចេកវិទ្យាមួយនោះ ហើយគាត់គឺជាគ្រូដ៏ អស្ចារ្យមួយរូប”។
Buffett និង Gates បានចំណាយពេលវេលាធ្វើរឿងសប្បាយៗជាមួយគ្នាជាច្រើនក្នុងរយៈពេល ៣ ទសវត្សមកនេះ ដូចជាការលេងកីឡា រហូតដល់ការញាំអាហារនៅ McDonald ដោយប្រើប្រាស់កាតបញ្ចុះតម្លៃជាដើម។

លើសពីនេះ Bill Gates ថែមទាំងបានដុតនំខែកសម្រាប់ថ្ងៃខួបកំណើត ៩០ ឆ្នាំរបស់ Warren Buffett ថែមទៀត ហើយអ្នកទាំង ២ ក៏មិនភ្លេចប្រារព្ធនូវកម្មវិធីរំលឹកខួបមិត្តភាព ៣០ ឆ្នាំរបស់ពួកគេផងដែរ កាលពីថ្ងៃទី ៤ កក្កដាកន្លងទៅ៕
ប្រភព: scmp