ណែនាំ​ឲ្យ​ស្គាល់ មហាសេដ្ឋីមាន​បំផុត​ ៥ រូប​​នៅ​សិង្ហបុរី ក៏​ម្ចាស់​ក្រុមហ៊ុន​ថ្នាំលាប Nippon Paint ដ៏ល្បីនៅ​ខ្មែរ​ដែរ

អន្តរជាតិ

សិង្ហបុរីគឺ​ជា​ប្រទេស​ស្ថិត​លើ​ដី​កោះ​ដ៏​តូច​មួយ​ តែ​បើ​និយាយ​ពី​សេដ្ឋកិច្ច​វិញ ត្រូវ​បាន​គេ​ហៅ​ថា​ជា​ប្រទេស​កូន​នាគ​អាស៊ី ដ្បិត​ប្រទេស​តូច​តែ​សេដ្ឋកិច្ច​ខ្លាំង​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​កំណើន​សេដ្ឋកិច្ច​ ប្រជាជនជន​ចូលចិត្ត​ធ្វើជំនួញ ទើប​រដ្ឋបុរី​នេះ​ជា​ប្រទេស​មួយ​ដែល​សំបូរ​ទៅ​ដោយ​អភិជន។ សិង្ហបុរី​​មាន​មហាសេដ្ឋី​ដល់ទៅ ៣២ រូប​លេច​វត្តមាន​លើ​ទស្សនាវដ្ដី Forbes។ តែ​ឧកញ៉ាញូត៍​លើក​យក​តែ​បុគ្គល ៥ រូប​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ប្រចាំ​ប្រទេស​សិង្ហបុរី​មក​និយាយ​ប៉ុណ្ណោះ៖

1/ Zhang Yong មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៣ ពាន់​លាន​ដុល្លារ

​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​សិង្ហបុរី​នេះ​ មាន​​ប្រវត្តិ​តស៊ូ​មិន​ធម្មតា​ឡើយ ពោល​គឺ​ជា​មហាសេដ្ឋី​រក​ស៊ី​ពី​បាត​ដៃ​ទទេ និង​មាន​ការ​តាំងចិត្ត​ខ្លាំង​មែនទែន​។ ផ្ដើម​ចេញ​ពី​ការ​មិន​ចេះ​ចម្អិន​អាហារ Yong បាន​វិវត្ត​ខ្លួន​បង្កើត​ហាង​ស៊ុប Hot Pot មាន​ឈ្មោះ Haidilao ដែល​មាន​សាខា​ទូទាំង​ពិភពលោក។

2/ Goh Cheng Liang មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២១,៧ ពាន់​លាន​ដុល្លារ

ប្រជាជន​អាស៊ី​រូប​ណា​ដែល​ថា​មិន​ស្គាល់​ថ្នាំលាប​ជញ្ជាំង Nippon Paint នោះ តែ​បើ​មក​ស្គាល់​ម្ចាស់​ក្រុមហ៊ុន​ថ្នាំលាប​មួយ​នេះ​ អ្នក​នឹង​ភ្ញាក់ផ្អើល​ព្រោះ​ Goh Cheng Liang គឺ​ជា​បុគ្គល​មាន​បំផុត​ទី ២ នៅ​សិង្ហបុរី។ ក្រុមហ៊ុន Nippon កាន់​កំណត់ត្រា​ជា​រោងចក្រ​ផលិត​ថ្នាំលាប​ដំបូងបង្អស់​នៅ​សិង្ហបុរី និង​បាន​វិវត្ត​ខ្លួន​ទៅ​ជា​រោងចក្រ​ផលិត​ថ្នាំ​លាប​ធំ​បំផុត​ទី ៤ លើ​ពិភពលោក។

3/ Li Xiting មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៥,១ ពាន់​លាន​ដុល្លារ

បុរស​មាន​វ័យ ៧០ ឆ្នាំ​រូប​នេះ ជា​ស្ថាបនិក​ក្រុមហ៊ុន Shenzhen Mindray Bio-Medical Electronics ដែល​និយាយ​ឲ្យ​ខ្លី ក្រុមហ៊ុន​របស់​លោក​​គឺ​ជា​អ្នក​ផលិត និង​ចែកចាយ​ឧបករណ៍​វេជ្ជសាស្ត្រ​។

​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​លោក គឺ​លោក​ជា​មហាសេដ្ឋី​វិវត្ត​ខ្លួន​ពី​ចំណុចសូន្យ​ ហើយ​អំឡុង​ពេល​ការ​រីក​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ ១៩ ក្រុមហ៊ុន Mindray បាន​បរិច្ចាគ​ឧបករណ៍​វេជ្ជសាស្ត្រ​ទៅកាន់​មន្ទីរពេទ្យ​ជាច្រើន​ជាពិសេស​គឺ​នៅ​តំបន់​ផ្ទុះ​ខ្លាំង​ដូចជា​ ទីក្រុង​ Wuhan និង​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ដែល​គិត​ជា​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ៥ លាន​ដុល្លារ។

4/ Robert & Phillip Ng មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៣,៣ ពាន់​លាន​ដុល្លារ

Robert Ng of Far East Organization##########x##########

សម្រាប់​នៅ​ចំណាត់​ថ្នាក់​ទី ៤ នេះ​អាច​និយាយ​បាន​ថា ជា​ការ​ស្នង​មរតក​បន្ត​ពី​ឪពុក ដ្បិត​ក្រុមហ៊ុន Far East Organization គឺ​រក​ឃើញ​ដោយ​លោក Ng Teng Fong ដែល​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​ដោយ​កូនប្រុស​ទាំង ២​ របស់​លោក។ អ្នក​ទាំង ២ កំពុង​កាន់​កាប់​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​ប្រចាំ​សិង្ហបុរី និង​ជានិច្ចកាល​តែង​ឆ្លាស់​វេន​គ្នា​ទៅ​មើល​ការខុសត្រូវ​នៅ​សាខា​ផ្សេងៗ​នៅ​ទីក្រុង​ហុងកុង។

5/ Forrest Li មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១២,៤ ពាន់​លាន​ដុល្លារ

បុគ្គល​ដែល​ជាប់​ឈ្មោះ​ចុងក្រោយ​ក្នុង​បញ្ជី​ គឺជា​មហាសេដ្ឋី​ចំណូល​ថ្មី ពោល​គឺ​មិន​ត្រឹមតែ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Online Game ដែល​មាន​ឈ្មោះ​ថា Sea ទេ​ គេ​ថែម​ទាំង​ជា​ស្ថាបនិក​ APP Shoppe ដែល​ជា​កម្មវិធី​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង Taobao របស់​ Alibaba ដែរ។

លើស​ពី​នេះ​ទៅទៀត​ Li ថែមទាំង​បាន​ឈ្នះ​ពាន​រង្វាន់​ ជា​អ្នកជំនួញ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​នេះ Businessman of the Year នៅ​កម្មវិធី Singpapore Business Awards លើក​ទី ៣៥​ ផង​ដែរ៕

ប្រភព: bllnr | Forbes