កាលពីអតីតកាល វត្ថុកម្រៗ និងមានតម្លៃថ្លៃមហាសាលគឺភាគច្រើនគ្រប់គ្រងដោយខ្សែរាជវង្ស ដើម្បីទុកជាការបង្ហាញពីសក្ដានុពល ដែលប្រជាជនធម្មតាមិនអាចធ្វើបាន។
យ៉ាងណាមិញ បច្ចុប្បន្ននេះ វាខុសពីអតីតកាល ត្រង់ថាមិនមែនតែខ្សែរាជវង្សឡើយ ទើបអាចទិញវត្ថុកម្រ និងថ្លៃៗបាន ព្រោះពេលនេះចំនួនមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនចាយមិនអស់ មានចំនួនច្រើនគរជើងគ្នា ហើយពួកគេមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយលើរបស់ណាដែលពួកគេស្រឡាញ់ពេញចិត្តដោយមិនខ្វល់ពីតម្លៃ។
ខាងក្រោមនេះ គឺជាវត្ថុកម្រ និងថ្លៃបំផុត ៦ យ៉ាងលើពិភពលោក ដោយខ្លះក៏មានម្ចាស់ ខ្លះទៀតក៏មិនទាន់មាន៖
1/នាវា Yacht History Supreme តម្លៃ ៤,៥ ពាន់លានដុល្លារ

នាវាមួយនេះត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់មហាសេដ្ឋីមានបំផុតនៅប្រទេសម៉ាឡេស៊ី Robert Kuok ដោយតួខ្លួនរបស់វាមានប្រវែងដល់ទៅជាង ៣០ ម៉ែត្រ។
នៅពីក្រោយ ហេតុផលដែលធ្វើឲ្យនាវាមួយនេះមានតម្លៃថ្លៃមហាសាល គឺដោយសារគ្រឿងបង្គំដែលមានដូចជា មាស ប្លាទីន និងគ្រឿងអលង្ការផ្សេងៗសរុបប្រមាណ ១០ ម៉ឺនគីឡូ ដែលបានបង្កប់នៅតួនាវានេះ ហើយនៅមានជញ្ជាំងដែលរចនាមកជាមួយឆ្អឹងដាយណូស័រ T-rex នៅបន្ទប់គេងធំជាងគេទៀត។
2/ផ្ទាំងគំនូរ Salvator Mundi តម្លៃ ៤៥០ លានដុល្លារ

ផ្ទាំងគំនូរនេះគឺត្រូវបានគេស្គាល់ថា ជាស្នាដៃឯកមួយក្នុងចំណោមស្នាដៃពិសេសៗជាច្រើនទៀតរបស់កំពូលអ្នកប្រាជ្ញ Leonardo Da Vinci ហើយវត្ថុកម្រនេះ ត្រូវបានក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Bader bin Abdullah bin Mohammed bin Farhan al-Saud បន្ទាប់ពីទ្រង់បានចំណាយ ៤៥០ លានដុល្លារដេញថ្លៃយកផ្ទាំងគំនូរនេះនៅការដេញថ្លៃជាសាធារណៈមួយ។
រំលឹកថា មូលហេតុដែលធ្វើឲ្យតម្លៃរបស់ផ្ទាំងគំនូរមួយផ្ទាំងនេះមានតម្លៃថ្លៃបែបនេះ ព្រោះគេជឿថា វាបានបាត់អំឡុងឆ្នាំ ១៧៦៣ និងត្រូវបានរកឃើញវិញក្នុងអំឡុងទសវត្ស ១៩០០។
3/ ផ្ទាំងគំនូរ Garçon À La Pipe តម្លៃ ១០៤ លានដុល្លារ

សម្រាប់ចំណាត់ថ្នាក់លេខ ៤ វិញ ក៏ជាផ្ទាំងគំនូរមួយផ្ទាំងដែរ តែវាខុសពីខាងលើគ្រាន់ថា Garçon À La Pipe គឺជាគំនូរប្រេង គូរដោយវិចិត្រករល្បីឈ្មោះ Pablo Picasso នៅអំឡុងឆ្នាំ ១៩០៥ ដែលគ្រានោះ លោកមានវ័យ ២៤ ឆ្នាំ។
អត្ថន័យនៃផ្ទាំងគំនូរមួយនេះមិនត្រូវមានអ្នកដឹងច្បាស់ឡើយ ដោយ Pablo Picasso មិនមែនជាអ្នកចូលចិត្តនិយាយស្ដីច្រើន ដូច្នេះហើយទើបវាក្លាយជាគោលដៅរបស់អ្នកជំនាញ និងអ្នកស្រឡាញ់គំនូរ ដើម្បីយកមកសិក្សាបន្ថែមទៀត។
4/ នាឡិកាដៃ Graff Diamonds Hallucination តម្លៃ ៥៥ លានដុល្លារ

នាឡិកា Graff Diamonds Hallucination គឺជាវត្ថុមានតម្លៃបំផុតមួយក្នុងលោកដែលអ្នកមិនអាចប្រកែកបានជាមួយនឹងការរចនាដ៏ប្រណិត ដោយបំពាក់មកជាមួយនូវពេជ្រកម្រ ១១០ ប្រភេទផ្សេងៗគ្នា ហើយតម្លៃវិញគឺអាចទិញវីឡាទំនើបមួយនៅតំបន់ Beverly Hills បានយ៉ាងងាយ។
5/ នាឡិកាដៃ Limited Patek Philippe តម្លៃ ២៦ លានដុល្លារ

បើនិយាយពីនាឡិកាម៉ាក Patek Philippe មានមនុស្សប្រហែលជាមិនច្រើននាក់ទេ នៅស្រុកខ្មែរដែលស្គាល់យីហោមួយនេះ តែនៅតំបន់អឺរ៉ុប Patek Philippe គឺជានាឡិកាលំដាប់អភិជនដែលជាទីពេញចិត្តរបស់មហាសេដ្ឋីជាច្រើនរូប ហើយតម្លៃដែលគេពេញនិយមគឺចន្លោះពី ១៩ ០០០ ទៅ ៣០ ០០០ ដុល្លារ។
តែសម្រាប់នាឡិកាមួយគ្រឿងនេះមានលក្ខណៈខុសប្លែកពីគេ ព្រោះវាផលិតឡើងតែមួយគ្រឿងប៉ុណ្ណោះ ហើយវាក៏ជានាឡិកាតែ ៧ គ្រឿងគត់ដែលត្រូវផលិតឡើងក្នុងពិធីអបអរគម្រប់ខួបទី ១៧៥ ឆ្នាំរបស់ Patek Philippe ដូចគ្នា។
6/ ខ្សែដៃ ពេជ្រ Diamond Panther Bracelet តម្លៃ ១២,៤ លានដុល្លារ

ខ្សែដៃ Diamond Panther Bracelet គឺជាប្រភេទគ្រឿងអលង្ការថ្លៃបំផុតក្នុងលោកនាពេលបច្ចុប្បន្ន ហើយវាក៏ជាខ្សែដៃដែលមានការរចនាល្អបំផុតមិនធ្លាប់មានពីមុនមកផងដែរ។
ដូចទៅនឹងឈ្មោះ ខ្សែដៃមួយនេះត្រូវបានផលិតនៅឆ្នាំ ១៩៥២ ដែលធ្វើចេញពី Onyx និងពេជ្រជាមួយរូបរាងជាសត្វខ្លារខិន៕
ប្រភព: Therichest