មហាសេដ្ឋីមានដាច់គេក្នុងពិភពលោកលោក Jeff Bezos បានធ្វើដំណើរទៅកាន់លំហអាកាសដោយជោគជ័យកាលពីថ្ងៃទី ២០ កក្កដាកន្លងទៅ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាមួយការហោះហើរលើកដំបូងនៃក្រុមហ៊ុន Blue Origin ទៅកាន់លំហអាកាសនេះទៀតសោត គេសង្កេតឃើញថា ក្រៅពីស្ថាបនិកក្រុមហ៊ុន Amazon ក៏មានវត្តមានរបស់បងប្រុសលោកគឺ Mark និងអវកាសយានិកវ័យ ៨២ ឆ្នាំ Wally Funk ដែលបានក្លាយជាអវកាសយានិកវ័យចំណាស់ជាងគេដែលហោះទៅកាន់លំហអាកាស។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ វត្តមានយុវជនវ័យ ១៨ ឆ្នាំដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ ក៏មានឈ្មោះជាអ្នកធ្វើដំណើរទៅកាន់ទីអវកាសជាមួយយាន Blue Origin ដែលគេគឺមានឈ្មោះ Oliver Daemen។

អាចនិយាយថាជាសំណាងរបស់ Oliver ដែលអាចធ្វើដំណើរជាមួយមហាសេដ្ឋី Jeff Bezos បាន ព្រោះកៅអីរបស់គេគឺដើមឡើយជាកម្មសិទ្ធិរបស់បុគ្គលមួយរូបដែលឈ្នះក្នុងការដេញថ្លៃទិញសំបុត្រហោះទៅកាន់លំហអាកាសមុនគេបង្អស់ជាមួយ Bezos ក្នុងតម្លៃ ២៨ លានដុល្លារ។
យ៉ាងណាមិញ បុគ្គលខាងលើបែរជាមិនអាចហោះហើរតាមកាលកំណត់បាន ក្រោមបញ្ហាមានភារកិច្ចចាំបាច់ផ្សេងទៀតនៅថ្ងៃនោះ និងសម្រេចធ្វើដំណើរនាពេលក្រោយវិញ ដែលធ្វើឲ្យឪពុកOliver លោក Jose Daemen មានឱកាសទិញកៅអីទំនេរមួយនោះជូនកូនប្រុសលោកវិញ ខណៈតម្លៃគឺមិនបានបង្ហើបឲ្យដឹងឡើយ។

បញ្ជាក់ដែរថា Jose Daemen គឺជា CEO នៃក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយនៅប្រទេសហូឡង់ ដែលមានឈ្មោះថា Somerset Capital Partners ហើយទំហំទ្រព្យសម្បត្តិរបស់លោកវិញគឺគេប៉ាន់ប្រមាណថា ស្ថិតក្នុងចន្លោះពី ៥០០ លានទៅ ១,២ ពាន់លានដុល្លារ ព្រោះត្រឹមសំបុត្រតម្លៃខ្ទង់ ២៨ លានដុល្លារ គឺលោកទិញទាំងគ្មានការស្ទាក់ស្ទើរផង។
រំលឹកដែរថា យានអវកាស Blue Origin ដែលបានហោះទៅកាន់លំហអាកាស គឺមានការហោះហើរត្រឹមរយៈពេល ១១ នាទីប៉ុណ្ណោះ រាប់បញ្ចូលទាំងការវិលត្រឡប់មកផែនដីវិញ៕
ប្រភព: distractify