តៃវ៉ាន់ជាទឹកដីដែនកោះ មានផ្ទៃដីប្រមាណ ៣៦ ១៩៧ គីឡូម៉ែត្រការ៉េ ពោលគឺតូចជាងកម្ពុជាដល់ទៅ ៥ ដងឯណោះ។

ថ្វីបើតូចមែន តែតៃវ៉ាន់គឺតូចខ្លឹម ពោលបើនិយាយពីសេដ្ឋកិច្ចជាប់រហស្សនាមជាខ្លាមួយក្នុងចំណោមខ្លាសេដ្ឋកិច្ចទាំង ៤ នៅអាស៊ី។ ហេតុផល ៧ យ៉ាងដែលជនបរទេសប្រាថ្នាចង់ទៅលេងទឹកដីកោះតៃវ៉ាន់។
1/ ប្រជាជនតៃវ៉ាន់ជាមនុស្សរួសរាយ

ចំណុចមួយនេះ គឺស្រដៀងនឹងខ្មែរយើងដែរ ដោយប្រជាជនតៃវ៉ាន់ភាគច្រើន មិនថាប្រុសស្រី ក្មេង ឬចាស់ឡើយ គឺពួកគេមានភាពរួសរាយរាក់ទាក់ មិនថាអ្នកចង់ទៅទិញឥវ៉ាន់ ឬទៅដើរលេងកន្លែងសប្បាយៗជាដើម។
2/ ប្រព័ន្ធសុខាភិបាលនៅតៃវ៉ាន់គឺល្អបំផុតក្នុងពិភពលោក

កាលពីឆ្នាំ ២០១៩ កោះតៃវ៉ាន់ជាប់លេខ ១ មានប្រព័ន្ធសុខាភិបាលល្អបំផុតក្នុងពិភពលោក ដោយទស្សនាវដ្ដី CEOWorld Magazine។ តាមរយៈការដាក់ពិន្ទុតាមរយៈអ្នកជំនាញផ្នែកសុខភាព តម្លៃសេវាកម្ម ភាពងាយស្រួលនៃការផ្ដល់ថ្នាំ និងការណែនាំ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធល្អឥតខ្ចោះថែមទៀត។
ជាការពិតប្រព័ន្ធសុខាភិបាលនៅតៃវ៉ាន់មានគុណភាពល្អ រហូតដល់ថ្នាក់ជនបរទេស ជាពិសេសជនជាតិអាមេរិកលាន់មាត់សរសើរ និងស្ទើរតែមិនជឿថា គុណភាពសេវាកម្មល្អឥតខ្ចោះរបៀបហ្នឹង ម៉េចបានជាអស់ថ្លៃពិនិត្យទាបម៉្លេះ។
3/ កត្តាម្ហូបអាហារដែលឆ្ងាញ់ និងងាយស្រួលរក

រឿងមួយដែលឲ្យតែគ្រប់គ្នានិយាយដល់កោះតៃវ៉ាន់ ហើយពួកគេនឹកឃើញមុនគេនោះ គឺម្ហូបអាហារ ដ្បិតម្ហូបនៅទីនោះគឺងាយស្រួលរក ហើយថែមទាំងមានតម្លៃសមរម្យទៀតផង។
អ្នកអាចរកមើលអាហារតាមចិញ្ចើមផ្លូវ Street Food បានគ្រប់ពេលគ្រប់កន្លែងតែម្ដង ហើយវាមានតម្លៃថោក តែឆ្ងាញ់មិនធម្មតាឡើយ។
4/ ការចំណាយគឺអស់តិច
វាអាចជារឿងដែលមិនគួរឲ្យជឿមួយ បើប្រាប់ថាការរស់នៅលើកោះតៃវ៉ាន់មានការចំណាយតិចតួច តែវាជារឿងពិត លើកលែងតែអ្នកចង់ទៅរស់នៅទីក្រុងតៃប៉ិ ព្រោះនៅទីនោះតម្លៃជួលផ្ទះអាចមានតម្លៃថ្លៃ។
មានជនជាតិបរទេសជាច្រើនបានទៅកោះតៃវ៉ាន់ និងសម្រេចរស់នៅទីនោះ ដោយខ្លះធ្វើជាគ្រូបង្រៀន និងខ្លះទៀតបើកមុខជំនួញ ឬធ្វើការជាដើម ខណៈតម្លៃជួលផ្ទះគឺអាចមានទាបបំផុតដល់ ១៥% នៃប្រាក់ខែរបស់ពួកគេ បើធៀបនឹងប្រទេសដទៃអាចមានដល់ ៣០-៥០% ឯណោះ។
សម្រាប់ការហូបចុកវិញ អ្នកអាចចំណាយតិចបំផុត ១ ដុល្លារសម្រាប់អាហារមួយពេល និងការធ្វើដំណើរគឺ ២ ដុល្លារសម្រាប់ការជិះតាក់ស៊ី ឬថោកជាងនេះបើធ្វើដំណើរតាមឡានក្រុង។
5/ កត្តាអាកាសធាតុ

សម្រាប់ចន្លោះខែមិថុនា ដល់ខែកញ្ញា សីតុណ្ហភាពនៅកោះតៃវ៉ាន់អាចក្ដៅខ្លាំង តែ ៨ ខែផ្សេងទៀតអាកាសធាតុគឺមិនក្ដៅ ហើយក៏មិនត្រជាក់ដែរ ដែលវាអំណោយផលដល់ការដើរហាត់ប្រាណ ជិះកង់ ឬចំណាយពេលជាមួយមិត្តភក្ដិក្នុងការដើរលេងជុំវិញកោះបានយ៉ាងរីករាយ។
សម្រាប់រដូវក្ដៅ សីតុណ្ហភាពអាចមានចន្លោះពី ២៨-៣៥ អង្សាសេ រីឯរដូវរងាវិញគឺកម្រមានក្រោម ១៥ អង្សាសេណាស់ ពោលគឺភាគច្រើនស្ថិតនៅខ្ទង់ ២០ អង្សាសេ។
6/ តៃវ៉ាន់គឺជាទឹកដីមានសុវត្ថិភាពបំផុតមួយ

បើអ្នកគិតថា ជប៉ុនជាប្រទេសដែលមានសុវត្ថិភាពបំផុតនោះ អ្នកគិតត្រូវហើយ តែសូមកុំភ្លេចដាក់កោះតៃវ៉ាន់បន្ទាប់ពីជប៉ុនគឺជាដែនដីដែលមានសុវត្ថិភាពបំផុតលើពិភពលោក។
បើសិនជាអ្នករស់នៅកោះតៃវ៉ាន់ អ្នកមិនចាំបាច់ព្រួយបារម្ភពីការប្លន់តាមផ្លូវ ចោរលូកហោប៉ៅឡើយ ស្របពេលករណីអំពើហិង្សាវិញ គឺកម្រកើតមានខ្លាំងណាស់។
7/ ការទិញឥវ៉ាន់នៅផ្សាររាត្រី

ក្រៅពីប៉ុន្មានចំណុចរៀបរាប់ខាងលើរួចមក ចំណុចសំខាន់ចុងក្រោយគឺ ផ្សាររាត្រីនៅតៃវ៉ាន់ ព្រោះនៅទីនោះមិនត្រឹមតែមានម្ហូបញាំឆ្ងាញ់ៗទេ សូម្បីឥវ៉ាន់ផ្សេងៗក៏មានតម្លៃធូរថ្លៃមិនគួរឲ្យជឿទៀតផង៕
ប្រភព: tastythailand