ទស្សនាវដ្ដី Forbes បានធ្វើការទម្លាយបញ្ជីមហាសេដ្ឋីមានដាច់គេប្រចាំឆ្នាំ ២០២០ លើពិភពលោក ខណៈនៅតំបន់អាស៊ានដែលមាន ១០ ប្រទេសក៏មានសេដ្ឋីជាច្រើនរូបជាប់បញ្ជីទស្សនាវដ្តី៍ដ៏ល្បីនេះ ហើយដែលឧកញ៉ាញូវស៍បានផ្សព្វផ្សាយជាហូរហែដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ីជាដើម។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
សម្រាប់អត្ថបទនេះវិញ ឧកញ៉ាញូវស៍សូមលើកបង្ហាញពីមហាសេដ្ឋីមានបំផុត ៥ រូបនៅប្រទេសឥណ្ឌូណេស៊ីវិញម្ដង ដោយពួកគេគឺជា៖
1/ បងប្អូនត្រកូល Hartono មានទ្រព្យសម្បត្តិប្រមាណ ៣៨,៨ ពាន់លានដុល្លារ
ឈរកំពូលតារាងសេដ្ឋីមានបំផុតនៅឥណ្ឌូណេស៊ីគឺជាបងប្អូនត្រកូល Hartono ដែលទ្រព្យសម្បត្តិរបស់ពួកគេមួយភាគធំបានមកពីការវិនិយោគទៅលើធនាគារកណ្ដាលអាស៊ី Bank Central Asia។ គ្រួសារត្រកូល Hartono បានទិញភាគហ៊ុនធនាគារកណ្ដាលអាស៊ី បន្ទាប់ពីត្រកូលអភិជន Salim បាត់បង់លទ្ធភាពគ្រប់គ្រងធនាគារមួយនេះ កាលពីចន្លោះឆ្នាំ ១៩៩៧-៩៨ អំឡុងពេលវិបត្តិសេដ្ឋកិច្ចតំបន់អាស៊ាន។
ក្រៅពីនោះ ពួកគេក៏មានប្រភពចំណូលផ្សេងទៀតដូចជា រោងចក្រផលិតបារី Djarum និងក្រុមហ៊ុនសម្ភារៈអេឡិចត្រូនិកល្បីឈ្មោះ Polytron ក៏ដូចជាអចលនទ្រព្យនៅទីក្រុងចាកាតាជាដើម។
2/ គ្រួសារត្រកូល Widjaja មានទ្រព្យសម្បត្តិប្រមាណ ១១,៩ ពាន់លានដុល្លារ
គ្រួសារ Widjaja គឺជាត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភបំផុតទី ២ ប្រចាំឥណ្ឌូណេស៊ី បន្ទាប់ពីស្នងមរតកជំនួញពីលោក Eka Tjipta Widjaja ដែលបានចែកឋានកាលពីខែមករា ២០១៩នៅជន្មាយុ ៩៨ ឆ្នាំ។
រំលឹកដែរថា Widjaja បានចាប់ផ្ដើមអាជីវកម្មដំបូងជាអ្នកលក់នំតាំងពីវ័យជំទង់ ហើយតស៊ូរហូតដល់បង្កើតបានក្រុមហ៊ុនយក្ស Sinar Mas ដែលបច្ចុប្បន្នកំពុងក្ដោបក្ដាប់អាជីវកម្មច្រើនវិស័យដូចជា ផលិតក្រដាស អចលនទ្រព្យ ផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ វិស័យកសិកម្ម និងទូរគមនាគមន៍ជាដើម។
3/ Prajogo Pangestu មានទ្រព្យសម្បត្តិប្រមាណ ៦ ពាន់លានដុល្លារ
សម្រាប់មហាសេដ្ឋីលំដាប់ថ្នាក់ទី ៣ រូបនេះវិញ គឺជាកូនអ្នកជួញដូរកៅស៊ូ ដែលបានប្រឡូកក្នុងវិស័យអាជីវកម្មនៅចុងទសវត្ស ១៩៧០។ នៅឆ្នាំ ១៩៩៣ ក្រុមហ៊ុនលក់ឈើរបស់លោកបានលេចចេញរូបរាងជាផ្លូវការក្រោមឈ្មោះ Barito Pacific Timber និងក្រោយមកប្ដូរជា Barito Pacific វិញនៅឆ្នាំ ២០០៧ ក្រោយឈប់រកស៊ីខាងឈើ។
នៅឆ្នាំ ២០០៧ ដដែលនោះ Barito Pacific បានទិញយកភាគហ៊ុន ៧០% នៃក្រុមហ៊ុនគីមីឥន្ធនៈ Chandra Asri និងនៅឆ្នាំ ២០១១ ក្រុមហ៊ុននេះបានបង្រួមជាមួយ Tri Polyta Indonesia និងក្លាយជាក្រុមហ៊ុនគីមីឥន្ធនៈធំបំផុតប្រចាំប្រទេស។
4/ Anthoni Salim និងគ្រួសារ មានទ្រព្យសម្បត្តិប្រមាណ ៥,៩ ពាន់លានដុល្លារ
លេខ៤នៃបញ្ជីមួយនេះ គឺជានាយកប្រតិបត្តិ Salim Group ដែលវិនិយោគលើវិស័យធនាគារ អាហារ និងប្រព័ន្ធទូរគមនាគមន៍។ លោក Salim គឺជា CEO នៃក្រុមហ៊ុន Indofood ដែលជាក្រុមហ៊ុនផ្គត់ផ្គង់មីកញ្ចប់ធំបំផុតមួយក្នុងពិភពលោក ដែលយើងភាគច្រើនស្គាល់ថាជាមីគោក Indomie។
ដោយឡែកបងប្អូនត្រកូល Salim ក៏មិនធម្មតាដែរ ដោយបងប្រុស Andree Halim គឺជាអនុប្រធានក្រុមហ៊ុន QAF ប្រចាំប្រទេសសាំងហ្គាពួរ រីឯប្អូនស្រី Mira វិញគឺជាស្ថាបនិកក្រុមហ៊ុនចែកចាយផលិតផល Indofood នៅប្រទេសចិន។
5/ Sri Prakash Lohia មានទ្រព្យសម្បត្តិប្រមាណ ៥,៦ ពាន់លានដុល្លារ
សម្រាប់លេខរៀងចុងក្រោយគេវិញ គឺជាស្ថាបនិកក្រុមហ៊ុនផលិតគីមីឥន្ធនៈ ដែលលោករកចំណូលបានយ៉ាងច្រើនពីការផលិតសារធាតុគីមី PET ដែលយកមកសម្រាប់ផលិតជាសរសៃសម្លៀកបំពាក់។ នៅទសវត្ស ១៩៧០ លោកនិងឪពុកបានធ្វើចំណាកស្រុកពីប្រទេសឥណ្ឌាមកកាន់ប្រទេសឥណ្ឌូណេស៊ី ដែលក្រោយមកជាកន្លែងដែលពួកគេបង្កើតក្រុមហ៊ុន Indorama Corporation ដែលផលិតសរសៃអំបោះ។
បច្ចុប្បន្ន លោក Lohia នៅកាន់តំណែងជាប្រធានក្រុមហ៊ុនដដែលដោយគ្រាន់តែរស់នៅទីក្រុងឡុងដ៍ និងតែងតាំងកូនប្រុស Amit ជាអនុប្រធានចាំមើលការខុសត្រូវផ្សេងៗ។ រីឯប្អូនប្រុសរបស់លោក Aloke Lohia ក៏ជាមហាសេដ្ឋីមួយរូបផងដែរ ដែលកំពុងរស់នៅប្រទេសថៃ និងជាស្ថាបនិកក្រុមហ៊ុន Indorama Ventures Public Co ដែលផលិតសារធាតុ PET៕
ប្រភព: Forbes