សេដ្ឋី​ចិន​ធ្លាប់​មាន​ប្រាក់ ១៦ ពាន់​លាន​ដុល្លារ មិនដល់​ ៦ ​ខែ​ ជំនួញខាត​បង់​ សឹង​អស់​លុយ​ពី​ខ្លួន

អន្តរជាតិ

លោក Larry Chen កាលពី​ដើម​ឆ្នាំ ២០២១ គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ទំហំ​ទ្រព្យសម្បត្តិ​រហូត​ដល់ ១៦ ពាន់​លាន​ដុល្លារ​ តែ​រស់នៅ​លើ​គំនរ​មាសប្រាក់​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង ទ្រព្យសម្បត្តិ​របស់​លោក​ត្រូវ​បាន​បាត់បង់​ទៅវិញ​រហូត ៩៩%​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

តើ​មាន​រឿង​អ្វី​បាន​ជា​ទឹកប្រាក់​ដ៏​ច្រើន​លើសលុប ​បែរ​ជា​មក​រលាយ​បាត់​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក​បែបនេះ?

រំលឹក​ដែរ​ថា លោក Chen កាលពី​ដើម​ឡើយ​ជា​គ្រូបង្រៀន​មួយ​រូប ដែល​បាន​បង្កើត​​កម្មវិធី​បង្រៀន​អនឡាញ Gaotu Techedu Inc., ដែលអាច​ឲ្យ​សិស្ស​​រៀន​ពី​ផ្ទះបាន​​​។ កម្មវិធី​នោះ​ថែម​ទាំង​មាន​មុខងារ​បង្រៀន​ភាសា​បរទេស​ ក៏​ដូចជា​មុខវិជ្ជា​ផ្សេងៗ​ទៀត​សម្រាប់​មនុស្ស​ពេញវ័យ​ផង​ដែរ។

លុះ​ដល់​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ដែល​មាន​និមិត្តសញ្ញា​ GOTU មាន​ភាគហ៊ុន​លើ​ទីផ្សារ​ហ៊ុន​​មាន​តម្លៃ​ត្រឹម ១០​ដុល្លារ រហូត​ដល់​ចុងឆ្នាំ ២០១៩ ឡើង​ដល់ ១៥​ដុល្លារ និង​២០​ដុល្លារ​នៅ​ដើម​ឆ្នាំ ២០២០ ដែល​ពេលនោះ​ធ្វើ​ឲ្យ​លោក​ Chen ​​វិវត្ត​ពី​គ្រូបង្រៀន​ទៅ​ជា​មហាសេដ្ឋី។

រដូវ​កាល​ COVID ចូល​មកដល់​ តម្លៃ​ភាគហ៊ុន GOTU ស្រាប់​តែ​ឡើង​ក្រឺត​ពី ៤០​ ទៅ ៩០​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០២០ និង​បន្ត​ឡើង​ដល់ ១៤៥​ដុល្លារ​នៅ​ចុងខែ​មករា ២០២១ ដែល​​ទំហំ​ទ្រព្យសម្បត្តិ​គ្រូ​បង្រៀន​រូប​នេះ​គឺ​មាន ១៦ ពាន់​លាន​ដុល្លារ។

តែ​ត្រឹម​រយៈ​ពេល ៦​ខែ​ក្រោយ​មក ភាគហ៊ុន GOTU ធ្លាក់​ពី ១៤៥ មក​នៅ​ត្រឹម ២,៨៩ ដុល្លារ​វិញ។ មូលហេតុ​ធ្វើ​ឲ្យ​វា​ធ្លាក់​ថ្លៃ​ខ្លាំង​បែបនេះ​គឺ មាន​ក្រុមហ៊ុន​គូប្រជែង​ជា​ច្រើន​បាន​ចោទប្រកាន់​ GOTU ថា​ជា​ក្រុមហ៊ុន​បោកប្រាស់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ចិន​ក៏​ប្រកាស​ហាម​ផ្ដាច់​មិន​ឲ្យ​មាន​ក្រុមហ៊ុន​ណា​ដែល​រកស៊ី​ទាក់ទង​នឹង​ការ​កម្មវិធី​បង្រៀន​​តាម​សាលា​ ដើម្បី​រក​ចំណូល​ជា​សាធារណៈ​ឡើយ។

សរុប​មក បើ​គិត​មក​ទល់​ពេលនេះ​ លោក Chen ដែល​ធ្លាប់​មាន​ប្រាក់ ១៦ ពាន់​លាន​ដុល្លារ​កាលពី​ចុង​ខែមករា​ គឺ​នៅ​សល់​ត្រឹម ២៣០ លាន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​តម្លៃ​ភាគហ៊ុន ២,៨៩ ដុល្លារ​។ បែបនេះ ក៏​មាន​ន័យ​ថា​ត្រឹម​រយៈពេល ៦ ខែ​ទ្រព្យសម្បត្តិ​របស់​លោក Chen គឺ​បាត់បង់​អស់​ដល់​ទៅ ៩៩% ឯណោះ៕​

ប្រភព: celebritynetworth