កាត់ទោស​មហាសេដ្ឋី​ចិញ្ចឹម​ជ្រូក​ធំ​បំផុត​នៅប្រទេស​ចិន ឲ្យ​​ជាប់​ពន្ធនាគារ១៨ ឆ្នាំ​

អន្តរជាតិ

កាលពី​ពេល​ថ្មីៗនេះ លោក Sun Dawu ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​មាន​មុខ​មាត់​ម្នាក់​នៅ​ប្រទេស​ចិន ពោល​គឺ​ជា​មហាសេដ្ឋី​ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​ទៅ ១៨ ឆ្នាំ​ជាមួយ​ការ​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ​ជិត ៥០ ម៉ឺន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​របាយការណ៍​ចុះផ្សាយ​ដោយ BBC បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក Sun មាន​រឿង​ក្ដីក្ដាំ​បែបនេះ​ គឺ​ដោយ​សារ​រង​ការ​ចោទប្រកាន់​ពី​បទ​បង្កជម្លោះ​ និង​បញ្ហា​នៅ​ប្រទេស​ចិន។

មិនមែន​មាន​តែ​លោក​ម្នាក់​ទេ​ដែល​ត្រូវ​ចាប់ខ្លួន គឺ​នៅ​មាន​សមាជិក​គ្រួសារ​និង​បុគ្គលិក​ប្រមាណ ២០ នាក់​ថែមទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​កសិដ្ឋាន​ដែល​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល។ ប្រភព​ដដែល​បន្ថែម​ថា លោក Sun គឺ​ជា​គោលដៅ​មួយ​នៃ​បុគ្គល​មាន​ឥទ្ធិពល​ច្រើន​រូប​ទៀត​ដែល​រដ្ឋាភិបាល​ចិន​​កំពុង​ធ្វើការ​ឃ្លាំមើល។

ដោយឡែក​បើ​តាម​ការ​អះអាង​របស់​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចិន ហៅ​កាត់ CHRD បាន​ឲ្យ​ដឹង​ថា​ សេដ្ឋី​ខាងលើ​បាន​និយាយ​ប៉ះពាល់​ចំណុច​រសើប​នៃ​ផ្នែក​នយោបាយ ហើយ​បច្ចុប្បន្ន​ក្រុម​មេធាវី​របស់​លោក​កំពុង​ដោះស្រាយ​រឿង​ប្រាក់​ពិន័យ។

នៅ​ក្នុង​សវនាការ​ដំបូង​កាលពី​ពេល​ថ្មីៗ​នេះ Sun បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​ទាំងអស់ តែ​លោក​បាន​យល់ស្រប​ថា​បាន​ប្រព្រឹត្ត​ខុស​ដូច​នឹង​អ្វី​ដែល​បាន​ចុះផ្សាយ​តាម​អ៊ីនធឺណិត​មែន។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់ BBC។

“របៀប​នៃ​ការ​សួរចម្លើយ​ខ្ញុំ​ គឺ​ពួកគេ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ទទួល​រង​ការ​ឈឺចាប់ និង​អ្នក​ដែល​ស្អប់​យើង​ទទួល​ក្ដី​រីករាយ។ ខ្ញុំ​យល់ព្រម​ទទួល​ខុសត្រូវ​តែ​ម្នាក់ឯង បើ​ទោះ​ជា​ទោស​នោះ​ធ្ងន់​ប៉ុណ្ណា​ក៏ដោយ​ តែ​សូម​ដោះលែង​អ្នក​ដទៃ​ចុះ ព្រោះ​ពួក​យើង​គឺ​ជា​អ្នក​ចូលរួម​ជួយ​ដល់​សង្គម”។ នេះ​បើ​តាម​សម្ដី​របស់ Sun ប្រាប់​ទៅ​កាន់​កិច្ច​សម្ភាសន៍។

CHRD បាន​អះអាង​ថា ការ​ផ្ដន្ទាទោស​ទៅ​លើ​លោក Sun គឺ​ជា​ការ​គម្រាម​កំហែង​ដល់​ក្រុម​អ្នកគាំទ្រ​សិទ្ធិ​មនុស្ស​ ព្រោះ​កន្លងមក​លោក​ Sun គឺ​ជា​អ្នក​ផ្គត់ផ្គង់​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ដោយ​បើក​ចំហ។

ជា​ចុងក្រោយ​ Ramona Li ដែល​ជា​អ្នកស្រាវជ្រាវ​ និង​ជា​តស៊ូ​មតិ​នៃ CHRD បាន​ទម្លាយ​ថា៖ “ការ​គាំទ្រ​របស់​គាត់ (Sun) សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ព្រួយបារម្ភ​ដល់​ស្ថានភាព​ប្រជាជន​ទូទាំង​ប្រទេស។ រដ្ឋាភិបាល​ប្រើ​មធ្យោបាយ​ចាប់​ខ្លួន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ដើម្បី​បញ្ឈប់​ការ​តស៊ូ​មួយ​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ចិន​មាន​ការ​ព្រួយបារម្ភ​ច្រើន​ចំពោះ​ការ​គ្រប់គ្រង​នយោបាយ​ ជាជាង​ការ​សម្រេច​បាន​នូវ​គោលដៅ​ប្រឆាំង​ភាព​ក្រីក្រ​”៕

ប្រភព: cbsnews