លោក Manuel Villar គឺជាបុគ្គលមានឥទ្ធិពលបំផុតមួយរូបនៅប្រទេសហ្វីលីពីន ឬត្រូវបានគេស្គាល់ថាជាវិនិយោគិនជោគជ័យបំផុតផ្នែកវិស័យអចលនទ្រព្យប្រចាំប្រទេស ព្រោះបើគិតមកទល់ពេលនេះ ទ្រព្យសម្បត្តិសរុបរបស់លោកគឺមានរហូតដល់ទៅជិត ៧ ពាន់លានដុល្លារ។
តួលេខនេះអាចនិយាយបានថាច្រើនដាច់គេសម្រាប់ទ្រព្យបុគ្គល តែបើគិតជាលក្ខណៈគ្រួសារវិញ លោកចាញ់តែបងប្អូនត្រកូល Sy ដែលទ្រព្យសម្បត្តិរួមរបស់បងប្អូនទាំង ៦ នាក់គឺប្រមាណ ១៣,៩ ពាន់លានដុល្លារ។
ឧកញ៉ាញូស៍សូមណែនាំប្រវត្តិត្រួសៗអំពីមហាសេដ្ឋីមានបំផុត ៥ រូបប្រចាំប្រទេសហ្វីលីពីនដូចតទៅ៖
1/ បងប្អូនត្រកូល Sy
ក្រុមគ្រួសារត្រកូល Sy គឺជាគ្រួសារមានឥទ្ធិពលបំផុតនៅហ្វីលីពីន ហើយបងប្អូនទាំង ៦ រូប ដែលមានឈ្មោះ Teresita, Elizabeth, Henry Jr., Hans, Herber និង Harley បានស្នងមរតកមហាសាលពីឪពុករបស់ពួកគេគឺលោក Henry Sy Sr.
ក្រុមហ៊ុន SM Investments និង SM Prime គឺជាកម្លាំងញើសឈាមរបស់ Henry Sr. ដែលអាជីវកម្មដំបូងរបស់លោកគឺលក់ស្បែកជើងក្នុងឆ្នាំ ១៩៥៨ នៅទីក្រុង Manila។ សព្វថ្ងៃ SM គឺជាក្រុមហ៊ុនធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលគ្រប់គ្រងវិស័យជាច្រើនដូចជា ហាងទំនិញ ផ្សារទំនើប ធនាគារ សណ្ឋាគារ អចលនទ្រព្យ និងរ៉ែជាដើម។ បើគិតពីទ្រព្យរួមរបស់បងប្អូនត្រកូល Sy គឺមានប្រមាណ ១៣,៩ ពាន់លានដុល្លារ។
2/ Manuel Villar
ជាវិនិយោគិនជោគជ័យបំផុតផ្នែកអចលនទ្រព្យ ហើយបើសិនគិតតែពីទ្រព្យបុគ្គល Manuel ប្រាកដជាឈរនៅកំពូលតារាងជាក់ជាមិនខាន ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៦,៧ពាន់លានដុល្លារ។
Manuel បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន Vista Mall ដែលជាផ្សារទំនើបធំបំផុតមួយប្រចាំប្រទេសហ្វីលីពីន និងមានសាខាទូទាំងប្រទេស ហើយលោកក៏ជា CEO នៃ Vista Land & Landscapes ដែលជាក្រុមហ៊ុនសាងសង់ផ្ទះធំបំផុតប្រចាំប្រទេសទៀតផង។
3/ Enrique Razon, Jr.
សម្រាប់លោក Razon វិញអាចនិយាយបានថាធំធាត់នៅក្នុងត្រកូលអ្នករកស៊ី ដ្បិតកាលពីឆ្នាំ ១៩១៦ ជីតារបស់លោកគឺមានអាជីវកម្មនៅកំពង់ផែក្នុងទីក្រុង Manila និងក្រោយពីសង្គ្រាមលោកលើកទី ២ ឪពុករបស់ Razon បានបន្តអាជីវកម្មមួយនេះឡើងវិញ។
បច្ចុប្បន្ន Razon គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន International Container Terminal Services ហៅកាត់ ICTSI ដែលជាក្រុមហ៊ុនឈានមុខគេប្រចាំប្រទេសផ្នែកគ្រប់គ្រងកំពង់ផែ។ ICTSI គឺមានសាខានៅក្រៅប្រទេសដូចជានៅ ប៉ែកអឺរ៉ុបខាងជើង ទ្វីបអាហ្វ្រិក និងទ្វីបអាមេរិកជាដើម។
ក្រៅពី ICTSI បុរសវ័យ៦១ ឆ្នាំក៏មានក្រុមហ៊ុនមួយទៀតឈ្មោះ Bloomberry Resorts ដែលរួមបញ្ចូលទាំង Solaire Resort កាស៊ីណូ និងរោងកុនល្អឯកដែលអាចផ្ទុកមនុស្សបានដល់ទៅ ១ ៧៤០ នាក់ឯណោះ។ ទ្រព្យសម្បត្តិរួមរបស់បុរសខាងលើគឺប្រមាណ ៥,២ ពាន់លានដុល្លារ។
4/ Lance Gokongwei និងបងប្អូន
លេខ ៤ នៃបញ្ជីក៏ជាក្រុមគ្រួសារសមាជិក ៦ នាក់ដូចត្រកូល Sy ដែរ តែជាត្រកូល Gokongwei ម្ដង ដែលមានបងប្អូនដូចជា Lance, Robina, Lisa, Faith, Hope និង Marcia ដែលបានទទួលមរតកពីឪពុក John Gokongwei Jr.។
ទ្រព្យសម្បត្តិសរុបរបស់ពួកគេគឺមួយចំនួនធំបានមកពីភាគហ៊ុននៃក្រុមហ៊ុន JG Summit ដែលក្ដោបក្ដាប់វិស័យដូចជា ក្រុមហ៊ុនអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ អាហារ ថាមពល និងអចលនទ្រព្យជាដើម។
បច្ចុប្បន្ន Lance គ្រប់គ្រង JG Summit ក្នុងតំណែងជានាយកប្រតិបត្តិ រីឯបងស្រី Robina ជានាយកប្រតិបត្តិក្រុមហ៊ុន Robinson Retail។ ក្នុងទំហំទ្រព្យសម្បត្តិរួមប្រមាណ ៤,១ ពាន់លានដុល្លាររបស់ពួកគេ ក៏រាប់បញ្ចូលទាំងក្រុមហ៊ុនចំណីអាហារ Universal Robina ធំបំផុតមួយប្រចាំប្រទេស ដែលបានបន្សល់ទុកដោយឪពុករបស់ពួកគេតាំងពីឆ្នាំ ១៩៥៧។
5/ Jaime Zobel de Ayala
មិនខុសគ្នាពីអ្នកមុនៗឡើយ Jaime ក៏ធំធាត់ក្នុងត្រកូលអ្នករកស៊ីដែរ ដោយជីតារបស់លោកមានរោងចក្រចម្រាញ់មួយនៅទីក្រុង Manila និងក្រោយមកបានពង្រីងអាជីវកម្មទៅគ្រប់វិស័យដូចជា ធនាគារ អចលនទ្រព្យ សណ្ឋាគារ ទូរគមនាគមន៍ និងសូម្បីតែវិស័យអប់រំ។
បុរសមានវ័យ ៨៧ ឆ្នាំបានគ្រប់គ្រងក្រុមហ៊ុន Ayala Group រហូតដល់ឆ្នាំ ២០០៦ ទើបប្រគល់តំណែងសំខាន់នេះទៅឲ្យកូនប្រុស Jaime II កាន់កាប់វិញ។ បច្ចុប្បន្ន កូនៗទាំង ៧ រូបរបស់លោកកំពុងគ្រប់គ្រងច្រើនជាង ១/៣ នៃប្រាក់ចំណូល ៣,៩ ពាន់លានដុល្លារនៃក្រុមហ៊ុន រីឯទ្រព្យសម្បត្តិរបស់លោកវិញគឺមានប្រមាណ ៣,៦ ពាន់លានដុល្លារ៕
ប្រភព: Forbes