ជំងឺតួឯក ជាមូលហេតុទាញអតីតស្ដេច​ប្រដាល់​ Mike Tyson ពីអភិជនមាន​លុយ​វាល់​លាន ធ្លាក់​ខ្លួនដល់សព្វថ្ងៃ

អន្តរជាតិ

​បច្ចុប្បន្ន បើ​និយាយ​ដល់​វិស័យ​ប្រដាល់​ប្រហែលជា​នឹកឃើញ Floyed Maywether ដែល​ជា​អ្នកប្រដាល់​មាន​បំផុត តែ​បើ​កាលពី​ជាង ១០ ឆ្នាំ​មុន​វិញ Mike Tyson គឺ​អាច​ហៅ​បាន​ជា​ស្ដេច​ប្រដាល់ ដ្បិត​ទេពកោសល្យ​ និង​ភាព​ជោគជ័យ​របស់​លោក​កម្រ​មាន​អ្នកធ្វើ​បាន​ណាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណូល​សរុប​ពី​អាជីព​ជា​អ្នកប្រដាល់ Mike Tyson រក​បាន​មិន​តិច​ជាង​ ១ ពាន់​ដុល្លារ​ឡើយ តែ​ដោយសារ​ការ​ចាយវាយ​ខ្ជះខ្ជាយ​ពេក ទើប​ទំហំ​ទ្រព្យសម្បត្តិ​នៅសល់​​ត្រឹមជាង ៤០០ លាន​ដុល្លារ​ប៉ុណ្ណោះ។

ខ្សែ​ជីវិត​របស់​ស្ដេច​ប្រដាល់​ Mike Tyson បាន​ដាំ​ក្បាល​ចុះ​បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ការពារ​ជើងឯក ក្រោម​ថ្វីដៃ​អ្នកប្រដាល់ Buster Douglas កាលពី​ឆ្នាំ​១៩៩០។ មួយឆ្នាំ​ក្រោយ​បាត់បង់​ខ្សែក្រវាត់​លំដាប់​ពិភពលោក Mike ត្រូវ​ទទួលរង​ការចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ពី​បវរកញ្ញា​អាមេរិក Desiree Washington ហើយ​បើ​ទោះជា​ប្រកែក​ដាច់​អហង្ការ​បែប​ណា​ក្ដី​ក៏ Mike ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ​ដែរ។

នៅ​ឆ្នាំ ១៩៩៥ ក្រោយ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​អតីត​អ្នកប្រដាល់​រូប​នេះ សល់​លុយ​ក្នុង​កុង ៣០០ លាន​ដុល្លារ ដែល​អាច​ឲ្យ​មនុស្ស​ធម្មតា​រស់នៅ​បាន​ដោយ​ស្រួល តែ​សម្រាប់ Mike Tyson គឺ​គ្រាន់​ជា​កំទេច​លុយ​ប៉ុណ្ណោះ ពោល ៣៣ ខែ​ដំបូង​ជាមួយ​ជីវិត​ក្រៅ​ពន្ធនាគារ Mike ជះ​លុយ​អស់​មិន​តិច​លាន​ដូចជា​៖

៤,៥ លាន ដុល្លារ សម្រាប់ យានយន្ត ដែល ១៩ គ្រឿង ទិញ ជូន មិត្តភក្ដិ
១០ ម៉ឺន ដុល្លារ ជា រៀងរាល់ ខែ សម្រាប់ គ្រឿងអលង្ការ និង សម្លៀកបំពាក់
៤០ ម៉ឺន ដុល្លារ សម្រាប់ សត្វ ចិញ្ចឹម ដូចជា ព្រាប និង ខ្លា
១២,៥ ម៉ឺន ដុល្លារ ប្រចាំ ឆ្នាំ សម្រាប់ ការ ថែទាំ សត្វ ចិញ្ចឹម
២៤ ម៉ឺន ដុល្លារ ជា រៀងរាល់ ខែ សម្រាប់ ការ ដើរលេង ហ៊ឺហា សំញែង ទ្រព្យ
៣០ ម៉ឺន ដុល្លារ ក្នុង ការ ថែទាំ សួនច្បារ
២៣ ម៉ឺន ដុល្លារ សម្រាប់ ការ ទិញ ទូរស័ព្ទ និង ថ្លៃ កាត

នៅ​អំឡុង​ពេលនោះ Mike Tyson ក៏​មាន​ផ្ទះ​ជាច្រើន​កន្លែង​ផង​ដែរ ដូចជា​ភូមិគ្រឹះ​នៅ Connecticut ដែល​មាន​បន្ទប់​គេង ២១ បន្ទប់ទឹក ២៤ កាស៊ីណូ និង​ក្លឹប​កម្សាន្ត​ក្នុង​នោះ​ស្រាប់​ទៀត។ រីឯ​យានយន្ត​វិញ ឡាន​សរុប​ដែល Mike បាន​ទិញ​គឺ ១១១ ​គ្រឿង ដែល​មាន​ស្ទើរ​គ្រប់​ម៉ូដែល មិនថា Ferrari, Lamborghini, Range Rover, Mercedes-Benz, Bentley និង Roll Royce ជា​ដើម។

រហូតដល់​ពេលខ្លះ Mike ភ្លេច​ទាំង​ឲ្យ​ឡាន​មិត្តភក្ដិ​ខ្ចី និង​មិន​ចាំ​កន្លែង​ដាក់​ឡាន​ថែមទៀត ដោយសារ​មាន​ឡាន​ច្រើនពេក។

ដោយសារ​ការ​ចាយវាយ​របៀប​នេះ​ហើយ នៅ​ឆ្នាំ ២០០៧ Mike Tyson បាន​ប្រកាស​ក្ស័យធន​ទ្រព្យ​សម្បត្តិ​ និង​ជំពាក់​លុយ​រដ្ឋាភិបាល​រហូត​ដល់ ៦០ លាន​ដុល្លារ។ តែ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រពន្ធ ដោយ​បង្កើត​កម្មវិធី Broadway ទើប​បុរស​ធ្លាប់​មាន​រហស្សនាម​កណ្ដាប់​ដៃ​ដែក អាច​ដោះ​បំណុល​ និង​សាង​ទ្រព្យ​មកវិញ​បាន​ខ្លះ​ ខណៈ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​ប្រមាណ ១០ លាន​ដុល្លារ៕

ប្រភព: moneymakers