ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានរបូតតំណែងជាមហាសេដ្ឋីមានបំផុតក្នុងពិភពលោកកាលពីពេលថ្មីៗនេះ ដោយសារភាគហ៊ុន Brand សម្លៀកបំពាក់ល្បីឈ្មោះ Louis Vuitton មានសន្ទុះបុកឡើងថ្លៃខ្លាំង និងបានធ្វើឲ្យលោក Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុនកើនទំហំទ្រព្យសម្បត្តិមួយរំពេច។
លោក Arnault ដែលត្រូវបានតែងតាំងជានាយកប្រតិបត្តិ Louis Vuitton តាំងពីចុងទសវត្ស ១៩៨០ មានចំណែកភាគហ៊ុន ៤៤%នៃក្រុមហ៊ុនយក្សមួយនេះ ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន វាមានតម្លៃប្រមាណ ១៩៦ ពាន់លានដុល្លារ ដែលច្រើនជាងទំហំទ្រព្យសម្បត្តិរបស់ Bezos ដែលមាន ១៨៦ ពាន់លានដុល្លារ បើយោងតាមប្រភព Forbes។
ក្រុមហ៊ុនដែលគ្រួសារ Arnault កំពុងគ្រប់គ្រងគឺរាប់បញ្ចូលទាំង Brand ល្បីៗដូចជា Louis Vuitton, Christian Dior, Bulgari, Tag Heuer, Sephora និង Hennessy ជាដើម ដែលតំលៃភាគហ៊ុនរបស់វាបានកើនឡើងច្រើនជាង ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ។
Louis Vuitton បានចាប់ផ្ដើមរើបម្រាស់ខ្លួនបានម្ដងបន្តិចៗ បន្ទាប់ពីការរីករាតត្បាតជំងឺ COVID-19 ហើយ ចាប់ផ្ដើមមានសន្ទុះនៃការលក់ និងប្រាក់ចំណេញនៅឆមាសទី១ នៃឆ្នាំ ២០២១។ ចូលក្បាលឆមាសទី២ ភ្លាម ក្រុមហ៊ុនរាយការណ៍ថា ចំណូលរបស់ពួកគេមាន ១៧,៤ ពាន់លានដុល្លារ ដែលច្រើនជាងមុនមានជំងឺ COVID ដល់ទៅ ១៤%។
រំលឹកដែរថា កាលពីសប្ដាហ៍មុន គ្រាន់តែការលក់របស់ Amazon ថយចុះត្រឹម ៧% មហាសេដ្ឋី Jeff Bezos ខាតបង់អស់ប្រមាណ ១៤ ពាន់លានដុល្លារត្រឹមរយៈពេលមួយថ្ងៃ ស្របពេល Elon Musk កំពុងខិតមកកាន់តែកៀកៗដែរហើយ ដោយបច្ចុប្បន្ន CEO ក្រុមហ៊ុន Tesla ជាបុគ្គលទី ៣ មានបំផុតក្នុងលោក ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១៦០ ពាន់លានដុល្លារ៕
ប្រភព: businessinsider