លោកស្រី Françoise Bettencourt Meyers ដែលជាចៅស្រីរបស់ស្ថាបនិក L’Oreal ដែលជាក្រុមហ៊ុនគ្រឿងសម្អាងធំបំផុតក្នុងពិភពលោក បានជាប់ឈ្មោះជាសេដ្ឋីនីមានបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២១ នេះ។

លោកស្រីមានចំណែកភាគហ៊ុន ៣៣% នៃក្រុមហ៊ុន L’Oreal និងជាអ្នកស្នងតំណែងប្រធានក្រុមហ៊ុននេះ បន្ទាប់ពីម្ដាយបានចែកឋានកាលពី ៤ឆ្នាំមុន។
គិតតាំងពីដើមឆ្នាំ ២០២១ មកត្រឹមខែមិថុនា តម្លៃភាគហ៊ុននៃក្រុមហ៊ុនគ្រឿងសម្អាងខ្នាតយក្សមានការកើនឡើងខ្លាំង ពោលតាំងពីរយៈពេលប្រមាណ ១ ឆ្នាំមុនម៉្លេះ ដែលសន្ទុះនៃការកើនឡើងមិនបានមានការថមថយទាល់តែសោះ ដែលធ្វើឲ្យតម្លៃរបស់វាកើនឡើងដល់ទៅ ៣០% នាពេលនេះ។

ហេតុនេះហើយ ទើបធ្វើឲ្យទំហំទ្រព្យសម្បត្តិរបស់សេដ្ឋីនី Françoise Bettencourt Meyers មានការកើនឡើងរហូតដល់ ១២ ពាន់លានដុល្លារ ត្រឹមរយៈពេល ៦ ខែ ខណៈទ្រព្យសម្បត្តិបច្ចុប្បន្នគឺមានរហូតដល់ ៩៣,២ ពាន់លានដុល្លារ។

លើសពីនេះទៅទៀត L’Oreal ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗដូចជា Lancome និង Garnier ជាដើម ដែលកាលពីឆ្នាំទៅអាចរកចំណូលដល់ពួកគេប្រមាណ ៣២ ពាន់លានដុល្លារ ស្របពេលតម្លៃក្រុមហ៊ុន L’Oreal គឺមានដល់ទៅ ២៦២,១៤ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១១ សីហានេះ៕
ប្រភព: nairametrics