ពាក្យចាស់ពោលថា គិតមុនគូរ គឺចង់សំដៅឲ្យមុននឹងសម្រេចធ្វើអ្វីមួយ ត្រូវចេះធ្វើការវិភាគ និងគិតពីលទ្ធផលនាពេលក្រោយ។ ជាក់ស្ដែង សេដ្ឋីជនជាតិចិនមួយរូប មានឈ្មោះ Wang Xing បានធ្វើឲ្យប្រាក់ក្រុមហ៊ុនបាត់បង់រហូតដល់ ១៦ ពាន់លានដុល្លារ ដោយសារកំហុសអចេតនាមួយ។

នាយកប្រតិបត្តិក្រុមហ៊ុន Meituan Dianping បានធ្វើឲ្យក្រុមហ៊ុនរបស់លោកបាត់បង់ប្រាក់រហូតដល់ ១៦ ពាន់លានដុល្លារ ក្រោយពីបានបង្ហោះកំណាព្យមួយឃ្លានៅលើបណ្ដាញសង្គម និងក្រោយមកបានលុបវិញ តែគ្រប់យ៉ាងគឺហួសពេលបាត់ទៅហើយ។

កំណាព្យដែលលោក Xing បានបង្ហោះនោះ គឺបាននិពន្ធនៅអំឡុងរជ្ជកាល Tang ដោយអធិរាជដំបូងនៃប្រទេសចិន គឺស្ដេច Qin Shihuang ខណៈអត្ថន័យនៃកំណាព្យមួយបទនោះ គឺសំដៅឲ្យការញុះញង់នៅក្នុងឆាកនយោបាយ។
បើទោះជាបានធ្វើការលុបចោលភ្លាមៗក្ដី តែគ្រប់យ៉ាងគឺហួសពេលហើយ ដោយ Post របស់លោកមានការចែករំលែកជាច្រើនដង និងធ្វើឲ្យតម្លៃភាគហ៊ុននៃក្រុមហ៊ុន Meituan ធ្លាក់ចុះ ៩,៨% ហើយត្រឹមរយៈពេល ២ ខែ ក្រុមហ៊ុនខាតបង់ប្រាក់អស់ប្រមាណ ១៦ ពាន់លានដុល្លារ។

បច្ចុប្បន្ន ក្រុមហ៊ុន Meituan ដែលមានលំនាំផ្ដល់សេវាកម្មតាមបែប Amazon កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់រាជរដ្ឋាភិបាល ដោយសង្ស័យថាបានបំពានច្បាប់ប្រឆាំងទំនុកចិត្តរបស់រដ្ឋាភិបាល។ ទោះបាត់បង់ចំណូលពីក្រុមហ៊ុនច្រើនក្ដី តែ Wang Xing នៅអាចរក្សាតំណែងជាមហាសេដ្ឋីមានបំផុតទី ១៦ ប្រចាំប្រទេសចិន ដោយមានទ្រព្យប្រមាណ ១៨,៦ ពាន់លានដុល្លារ៕
ប្រភព: nairametrics