ជាទូទៅអ្នកជំនាញធ្លាប់បានផ្ដល់ដំបូន្មានថា អ្នកគួរទៅដល់ប្រលានយន្តហោះមុនម៉ោងចេញដំណើរយ៉ាងហោចណាស់ ២ ម៉ោង ព្រោះត្រូវមានឯកសារច្រើនត្រូវបំពេញ ឬជើងហោះហើរអាចប្ដូរពេលវេលា។
យ៉ាងណា ប្រសិនបើអ្នកត្រូវធ្វើដំណើរតាមប្រលានយន្តហោះ Hamad International Airport នោះ អ្នកប្រហែលជាគួរតែទៅមុនតិចបំផុត ៤-៥ ម៉ោង តែមិនមែនដោយសារទីនោះមានបញ្ហាស្ទះកកផ្លូវ ឬបញ្ហាផ្សេងៗឡើយ តែដោយសារប្រលាននេះគឺជាប់ឈ្មោះជាប្រលានយន្តហោះប្រណីតបំផុតក្នុងលោក ដូច្នេះអ្នកប្រហែលជាចង់ចំណាយពេលច្រើនបន្តិចនៅក្នុងប្រលានក៏ថាបាន ព្រោះនៅក្នុងនោះ មានគ្រប់សព្វបែបយ៉ាង តាំងពីកន្លែងទិញទំនិញប្រណីតៗជាដើម។
តទៅនេះគឺជាហេតុផល ៤ យ៉ាងនាំឲ្យប្រលានយន្តហោះនៅប្រទេសកាតាជាប់ឈ្មោះជាប្រលានប្រណីតបំផុតក្នុងលោកដូចតទៅ៖
1/ មានភាពស្ងប់ស្ងាត់ និងទីតាំងអំណោយផល
ជាទូទៅ នៅប្រលានយន្តហោះគឺមិនសូវខុសគ្នាពីផ្សារត្រីប៉ុន្មានឡើយ ពោលគឺមានមនុស្សច្រើន និងរញ៉េរញ៉ៃខ្លាំង តែសម្រាប់ប្រលាន Doha Hamad គឺខុសពីគេ ដោយសារទីនោះគឺគ្មានភាពរញ៉េរញ៉ៃ និងស្ងប់ស្ងាត់ល្អ អាចឲ្យអ្នកសម្រាក និងសម្រួលអារម្មណ៍មុន ឬក្រោយធ្វើដំណើរបានយ៉ាងងាយស្រួល។
ដោយឡែកទីតាំងនៃប្រលានវិញ គឺសង់ឡើងនៅកៀកសមុទ្រ សំណង់មួយនេះគឺមានរចនាបទស្អាតប្លែក ហើយកាន់តែធ្វើឲ្យអ្នកដំណើរមានអារម្មណ៍ល្អមួយកម្រិតទៀត។
2/ ការតុបតែង និងរចនាបទផ្នែកខាងក្នុង
រូបតុក្កតាខ្លាឃ្មុំធំមួយនៅកណ្ដាលប្រលានគឺសង់ឡើងដោយវិចិត្រករជនជាតិស្វីស Urs Fischer ដែលវាមានរូបរាងដ៏ធំ និងមានពណ៌លឿង អង្គុយចំពីក្រោមអំពូលភ្លើងខ្មៅធំមួយ។ អាចនិយាយថា វាជានិមិត្តរូបនៃប្រលានមួយនេះ ដ្បិតមុនមានបញ្ហារាតត្បាត COVID-19 គ្រប់អ្នកដំណើរទាំងអស់សុទ្ធតែទៅថត Selfie ជាមួយរូបសំណាកនេះ ពេលបានទៅប្រលានយន្តហោះ Doha Hamad ម្ដងៗ។
នៅផ្នែកខាងក្នុងទៀត ក៏មាននៅផ្ទាំងសិល្បៈដូចជា SMALL LIE ដែលសង់ដោយវិចិត្រករ KAWS និងមានគំនូរជាច្រើនទៀតនៅប្រលានយន្តហោះនេះ ដែលល្មមឲ្យអ្នកដើរមើលកម្សាន្តដូចនៅសារមន្ទីរអំឡុងពេលរង់ចាំជើងហោះហើរផងដែរ។
3/ បរិយាកាសបែបស៊ីវិល័យ
ស្របពេលហាងល្បីៗដូចជា Gucci, Burberry, Coach, Rolex ជាដើមបានផ្អាកដំណើរការតាមបណ្ដាប្រលានយន្តហោះមួយចំនួនដោយសារវិបត្តិ COVID-19 តែនៅ Hamad Airport ក្រុមហ៊ុនល្បីៗទាំងនេះនៅបន្តដំណើរការដដែល។
សម្រាប់ការផ្ដល់សេវាកម្មវិញ គឺរឹតតែពិសេស សម្រាប់អ្នកដែលមានជើងហោះហើរយូរ ឬក៏ត្រូវប្ដូរជើងហោះហើរនៅទីនោះ នឹងទទួលបានសេវាកម្មផ្សេងៗដើម្បីបន្ថយភាពនឿយហត់ ហើយនៅក្នុងប្រលានទៀតសោត មានបំពាក់នូវអាងហែលទឹកប្រវែង ២៥ ម៉ែត្រ ជាមួយកន្លែងហាត់ប្រាណដ៏ធំសម្បើមថែមទៀត។
4/ ឋានសួគ៌សម្រាប់ VIP
ចំណុចចុងក្រោយរាងហ៊ឺហាជាងគេបន្តិច ព្រោះប្រសិនបើ ៣ ចំណុចខាងលើមិនទាន់បំពេញតម្រូវការអ្នកដំណើរទូទៅបាន ចំណុចទី ៤ នេះ គឺសម្រាប់អ្នក។ បើអ្នកជាអ្នកដំណើរអង្គុយកៅអី First Class របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នោះអ្នកអាចជិះជណ្ដើរយន្តទៅកាន់ជាន់ VIP the Al Safwa Lounge។
សម្រាប់បរិយាកាសនៅទីនោះ អ្នកដំណើរអាចចាំជើងហោះហើររបស់ពួកគេយ៉ាងមានផាសុកភាព ដោយបន្ទប់នោះដាក់មនុស្សបានត្រឹម ៥៣០ នាក់ប៉ុណ្ណោះ។ ពួកគេក៏អាចទទួលទានអាហារថ្លៃៗ ក៏ដូចជាស្រាពិសេសៗបានទៀតផង។
បើចង់មើលកុន មានរោងកុនឯកជន ហើយបើចង់សម្រាកវិញ គឺមានទាំងបន្ទប់គេងឯកជនដែលអាចកក់រយៈពេល ៤ ម៉ោងទៀតផង។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺជាន់ VIP នេះ មានទាំងបន្ទប់ស៉្បាដ៏ស្រស់ស្អាត ដែលចេញពីរមណីយដ្ឋានផ្កាយ ៧ ជាពិសេសថែមទៀត ដែលចំណុចអស់ទាំងនេះ គឺពិបាកនឹងរកមានដូចណាស់សម្រាប់ប្រលានយន្តហោះដទៃទៀត៕
ប្រភព: CNN