កាលពីចុងខែកក្កដា មហាសេដ្ឋីឥណ្ឌាម្នាក់ដែលគេស្គាល់ជាអ្នកជំនួញយក្សផ្នែកជួញដូរស្រា លោក Vijay Mallya ត្រូវបានតុលាការអង់គ្លេសប្រកាសក្ស័យធនជាផ្លូវការ ហើយដំណឹងនេះបានធ្វើឲ្យធនាគារឥណ្ឌា ១៧ កន្លែងកំពុងព្យាយាមតាមកាន់កាប់ទ្រព្យសម្បត្តិ Vijay ដែលនៅក្រៅប្រទេសជាច្រើន។
មានសេចក្ដីរាយការណ៍ដែរថា Vijay នឹងត្រូវជម្លៀសខ្លួនពីអង់គ្លេសមកប្រទេសកំណើតវិញនារយៈពេលដ៏ខ្លីខាងមុខ។ អាជីវកម្មរបស់បុរសជនជាតិឥណ្ឌារូបនេះ មានការដាំក្បាលចុះខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលលោកធ្លាប់មានងារជា ស្ដេចនៃភាពរីករាយ ព្រោះតែទម្លាប់ចាយវាយមិនសំចៃដៃរបស់លោក។
អតីតម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Kingfisher ធ្លាប់មានជីវិតដ៏អស្ចារ្យជាមួយឡានទំនើបៗជាច្រើន ភូមិគ្រឹះធំស្កឹមស្កៃ នាវា និងយន្តហោះឯកជន តែពេលនេះលោកត្រឹមតែជាជនរត់ភៀសខ្លួនប៉ុណ្ណោះ។
រំលឹកដែរថា មុនចាប់ផ្ដើមអាជីវកម្មក្រុមហ៊ុនអាកាសចរណ៍ Kingfisher លោក Vijay គឺជាបុគ្គលមានឥទ្ធិពលមួយរូបនៅឥណ្ឌាស្រាប់ហើយ ដោយលោកបានស្នងតំណែងពីឪពុកជាប្រធានក្រុមហ៊ុនផលិតស្រាបៀធំបំផុតនៅប្រទេសឥណ្ឌា។
តែគ្រប់យ៉ាងបានផ្លាស់ប្ដូរ ពេលលោកងាកមកចាប់អារម្មណ៍វិស័យហោះហើរ ពោលបន្ទាប់ពីសម្ពោធជើងហោះហើរ Kingfisher ក្នុងឆ្នាំ ២០០៥ លុះដល់ឆ្នាំ ២០១១ ក្រុមហ៊ុនចាប់ផ្ដើមមានភាពរញ៉េរញ៉ៃដូចជា បញ្ហាហិរញ្ញវត្ថុដ៏លើសលុប។
ឆ្នាំ ២០១២ ក្រុមហ៊ុននេះប្រកាសបាត់បង់ប្រាក់ចំណូលជិត ១ ពាន់លានដុល្លារ រហូតដល់ថ្នាក់ខ្ចីលុយធនាគារក្នុងប្រទេសឥណ្ឌាជាច្រើនកន្លែងផ្គត់ផ្គង់ការចំណាយ។ ឆ្នាំ ២០១៦ ធនាគារឥណ្ឌា ១៧ ដឹកនាំដោយធនាគារកណ្ដាលប្រទេសឥណ្ឌាដាក់ពាក្យបណ្ដឹងទៅតុលាការជាន់ខ្ពស់ក្នុងប្រទេសស្នើសុំមិនឲ្យ Vijay ចាកចេញពីឥណ្ឌាបាន តែពេលនោះ Vijay បានឆ្លងដែនមកចក្រភពអង់គ្លេសរួចស្រេចហើយ។
ឆ្នាំ ២០១៧ លោកត្រូវបានចាប់ខ្លួននៅទីក្រុងឡុងដុង ដោយបានចោទប្រកាន់អំពីបំណុលប្រមាណ ១,៣ ពាន់លានដុល្លារ ដែលភាគច្រើនពាក់ព័ន្ធទៅ Kingfisher។
ឆ្នាំ ២០១៨ តុលាការអង់គ្លេសសម្រេចដីកាជម្លៀស Vijay ទៅប្រទេសឥណ្ឌាវិញ តែគាត់បានប្ដឹងបក រហូតដល់ខែកក្កដា ២០២១ ពាក្យបណ្ដឹងរបស់លោកបានបដិសេធ និងប្រកាសក្ស័យធនជាផ្លូវការ៕
ប្រភព: celebritynetworth