ម្ចាស់ក្លឹប Chelsae លោក Roman Abramovich មហាសេដ្ឋីជនជាតិរុស្សីបានជះលុយជិត ៦០០ លានដុល្លារដើម្បីទិញនាវាយក្សដើម្បីទុកជួបជុំគ្រួសារ និងមិត្តភ័ក្រដើរលេងលើសមុទ្រ។

យោងតាមរបាយការណ៍ចុះផ្សាយដោយ Daily Mail បានឲ្យដឹងថា មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ១៤, ៦ ពាន់លានដុល្លារ និងជាម្ចាស់ក្លឹបបាល់ទាត់មានបំផុតមួយរូបនៅលើពិភពលោក លោក Abramovich ទើបនឹងចំណាយប្រាក់ប្រមាណ ៤៣០ លានផោន ឬប្រមាណ ៥៩០ លានដុល្លារ សម្រាប់នាវាឯកជនខ្នាតយក្សមួយគ្រឿង ដែលមានភាពប្រណីតខ្លាំងបំផុត។

នាវាមួយនេះមានប្រវែង ១៤០ ម៉ែត្រ ដែលមានបន្ទប់ដល់ទៅ ៤៨ ទូទាំងនាវា ហើយក៏អាចផ្ទុកមនុស្សដល់ទៅជិត ១០០ នាក់ ប្រសិនបើ Abramovich មានបំណងចង់ហៅមិត្តភក្ដិ ឬក្រុមគ្រួសារមកកម្សាន្តលេង។


មិនទាន់អស់ទេ នាវានេះក៏មានបំពាក់នូវអាងហែលទឹកតិចបំផុតមួយ កន្លែងហាត់ប្រាណ ស្ទីមសោណា កន្លែងចតឧទ្ធម្ភាគចក្រ ម៉ូតូជិះលើទឹកល្បឿនលឿន ២០ គ្រឿង និងមានលឺល្ហៀងៗថា Abramovich មានគម្រោងទិញនាវាមុជទឹកផ្ទាល់ខ្លួនមួយគ្រឿងទៀត។

យ៉ាងណា នាវាខាងលើមិនមែនជានាវាធំបំផុតរបស់ម្ចាស់ក្លឹប Chelsea ឡើយ ដោយ Eclipse ទើបជានាវាធំបំផុតដែលមហាសេដ្ឋីរុស្សីមាន ពោលគឺមានប្រវែងដល់ទៅ ១៦០ ម៉ែត្រ ដែលទិញក្នុងតម្លៃ ៥០០ លានផោន កាលពីឆ្នាំ២០១០ ដែលគិតមកទល់បច្ចុប្បន្នតម្លៃរបស់វាគឺប្រមាណជាង ៨០០ លានដុល្លារ៕
ប្រភព: Sportbible