អាជីពជាតារាចម្រៀងនៅប៉ែកអឺរ៉ុបទទួលបានចំណូល រហូតដល់អ្នកចម្រៀងខ្លះមានទ្រព្យសម្បត្តិច្រើនមហាសាលក្លាយជាសេដ្ឋី។ដូចអ្នកនាង Rihanana ដែលទើបនឹងក្លាយជាអ្នកចម្រៀងមានប្រាក់ពាន់លានដុល្លារជាដើម។
ដោយឡែក ក្រឡេកទៅមើលតារាចម្រៀង The Weeknd ដែលមានសម្លេងស្រទន់វិញ ក៏មានចំណូលច្រើនមិនធម្មតាដែរ ដោយលោកទើបនឹងចំណាយថវិកាប្រមាណ ៧០ លានដុល្លារទិញយកភូមិគ្រឹះមួយកន្លែងនៅតំបន់ Bel Air កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពសារព័ត៌មានWall Street Journal ភូមិគ្រឹះតម្លៃ ៧០ លានដុល្លាររបស់ The Weeknd គឺមានផ្ទៃក្រឡា ៣ ០៦៥,៨ ម៉ែត្រការ៉េ ដែលមាន ៩ បន្ទប់គេង អាងហែលទឹកទាំងក្នុង និងក្រៅផ្ទះ រោងភាពយន្ត ស្ទូឌីយោថតចម្រៀង កន្លែងលេងកីឡា និងកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។


ផ្ទះមួយខ្នងនេះ គ្រាន់តែជាសម្បត្តិអចលនទ្រព្យមួយប៉ុណ្ណោះរបស់អ្នកចម្រៀងសញ្ជាតិកាណាដា ព្រោះកាលពីឆ្នាំ ២០១៧ ក៏បានចាយលុយ ១៨ លានដុល្លារទិញផ្ទះមួយកន្លែងនៅ Hidden Hills តែលក់ទៅឲ្យតារាចម្រៀង Madonna ក្នុងតម្លៃ ២០ លានដុល្លាកាលពីខែមេសា ២០២១។


ដោយឡែក កាលពីឆ្នាំ ២០១៩ តារាចម្រៀងរូបនេះបានចំណាយ ២១ លានដុល្លារទិញផ្ទះមួយទៀតនៅ Beverly Hills ហើយបើគិតពីតម្លៃសរុបនៃផ្ទះទាំង ២ នេះគឺ ៩១ លានដុល្លារទៅហើយ ខណៈវាក៏មានន័យថា The Weeknd ត្រូវរកចំណូលបានតិចបំផុត ២ លានដុល្លារ/ឆ្នាំ ដ្បិតច្បាប់បង់ពន្ធអចលនទ្រព្យនៅ California តម្រូវឲ្យបង់ ១%នៃតម្លៃផ្ទះសរុប ដូច្នេះ The Weeknd ត្រូវចាយ ៩ សែនដុល្លារជារៀងរាល់ឆ្នាំសម្រាប់ផ្ទះ ២ កន្លែងនេះ៕
ប្រភព: celebritynetworth