នាវា​ចំណាស់​ប៊ិះ​​វៃ​ចេញ​ជា​​អេតចាយ​ ឥឡូវនេះកំពុង​ប្រែក្លាយ​បន្តិច​ម្តងៗ​ ជា​សណ្ឋាគារ​ទំនើប

អន្តរជាតិ

លោក Brock Pierce ដែល​​គេ​ស្គាល់​ជា​មហាសេដ្ឋី​ Bitcoin មួយ​រូប ដែល​មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១,១ ពាន់​លាន​ដុល្លារ​ បាន​ធ្វើ​ការ​វិនិយោគ​លើ​អាជីវកម្ម​ថ្មីមួយ​ គឺ​សាងសង់​សណ្ឋាគារ​ទំនើប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពពី Fox Business បាន​ឲ្យ​ដឹងថា Pierce បាន​ជះ​លុយ​ប្រមាណ ១,៩ លាន​ដុល្លារ​ទិញ​យក​នាវា​ចំណាស់​មួយ​ដែល​មាន​ប្រវែង​ដល់​ទៅ​ជាង ១៥៣ ម៉ែត្រ គ្រោងកែប្រែ​ទៅជា​សណ្ឋាគារ​ទំនើប និង​សារមន្ទី​រថែម​ទៀត។

គិត​មក​ទល់​ពេលនេះ មហាសេដ្ឋី Bitcoin រូបនេះ ចាយ​អស់​ប្រមាណ​ជិត ៧ លាន​ដុល្លារ​ទៅ​លើ​ថ្លៃ​ជួសជុល និង​តុបតែង​នាវា​សារជាថ្មី ខណៈ​នៅ​មាន​ការកែកុន​ច្រើន​កន្លែង​ទៀត ហើយ​បច្ចុប្បន្ន​នេះ​មាន​បុគ្គលិក​ច្រើនជាង ១៨០ នាក់​កំពុង​ធ្វើការ​លើ​គម្រោង​មួយ​នេះ។

បើតាម​ប្រវត្តិ​នាវានេះ​​ធ្លាប់​​ប្រើប្រាស់​ដោយ​ប្រធានាធិបតី​ប្រទេស​ព័រទុយហ្គាល់​ក្នុង​អំឡុង​ទសវត្ស ១៩៦០ ហើយ​រហូត​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​វា​ក៏​ត្រូវបាន​ទុក​ចោល​ និង​ប៊ិះ​តែ​នឹង​វៃ​ចេញ​ជា​អេតចាយ​ទៅ​ហើយ។

ប្រាប់​ទៅ​កាន់ Page Six មហាសេដ្ឋី​វ័យ ៤០ ឆ្នាំ​ពន្យល់​ថា លោក​បាន​ចាប់អារម្មណ៍​ភ្លាមៗ​តែ​ម្ដង ពេល​ដឹង​ដំណឹង​ថា នាវា​ចំណាស់​មួយ​ត្រូវ​បាន​បោះបង់​ចោល ហើយ​លោក​ក៏​មាន​គម្រោង​ទុក​នាវា​នោះ នៅ​ទីក្រុង​លីសបូន​ប្រទេស​ព័រទុយហ្គាល់​ជា​រៀង​រហូត​ដែរ។

លើស​ពី​នេះ លោក​ក៏​មាន​គម្រោង​បើក​សម្ពោធ​នាវា​ខាងលើ​ជា​សាធារណៈ​ពេល​បញ្ចប់​ការ​ជួសជុល និង​បាន​ធានា​ដល់​រដ្ឋាភិបាល​ព័រទុយហ្គាល់​ថា គោល​បំណង​តែ​មួយ​គឺ ចង់​ថែរក្សា​វត្ថុ​ដែល​មាន​អាយុកាល​ចំណាស់​ប៉ុណ្ណោះ មិន​ចង់​បាន​ផល​ចំណេញ​អ្វី​ឡើយ៕

ប្រភព: therichest