មួយ​ថ្ងៃ​បាន​ជិត ៦ លាន​ដុល្លារ មូលនិធិ​ជួល​យន្តហោះ​ដឹកជម្លៀស​ជនជាតិ​អាហ្គានីស្ថានចេញពីដៃ​តាលីបង់

អន្តរជាតិ

​ស្ថានភាព​នៅ​ក្នុង​​ប្រទេស​អាហ្វហ្គានីស្ថាន​ហាក់​មិនសូវ​ជា​មាន​ភាព​ស្ងប់ស្ងាត់​ប៉ុន្មាន​ឡើយ បន្ទាប់​ពី​រដ្ឋធានី​កាប៊ុល​ត្រូវ​បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​តាលីបង់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​មើល​ឃើញ​ពី​ស្ថានការណ៍​ដ៏​អាក្រក់​មួយ​នេះ Tommy Marcus ដែល​ជា​អ្នក​បង្កើត​រូបភាព​ត្លុក​តាម​បណ្ដាញ​សង្គម​ Instagram ដ៏​ល្បី​ឈ្មោះ​មួយ​រូប ក៏​ចាប់ផ្ដើម​ធ្វើ​មូលនិធិ​រៃអង្គាស​ប្រាក់កាស​ដើម្បី​ចេញ​ថ្លៃ​សាំង​យន្តហោះ​សម្រាប់​ការ​ជម្លៀស​ប្រជាជន​អាហ្វហ្គានីស្ថាន​។

Tommy ដែល​មាន​គណនី​ឈ្មោះ Quentin Quarantino នៅ​លើ Instagram បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​មួយ​នៅ​លើ​គេហទំព័រ GoFundMe កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​រាយរាប់​អំពី​ការងារ​សប្បុរសធម៌​ដែល​គាត់​ធ្លាប់ធ្វើ​កន្លង​មក។

Tommy ក៏​បាន​ប្រាប់​ពី​គោលបំណង​នៃ​មូលនិធិ​នេះ​ គឺ​ដើម្បី​ជម្លៀស​ប្រជាជន​អាហ្វហ្គានីស្ថាន​គ្រប់ៗ​គ្នា ជាពិសេស​គឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រុមតាលីបង់​ដែល​មាន​ដូចជា ក្រុម​មេធាវី​ការពារ​សិទ្ធិមនុស្ស​ ក្រុម​ការពារ​សិទ្ធិ​នារី ក្រុម​គាំទ្រ​ការ​ស្រឡាញ់​ភេទ​ដូចគ្នា ក្រុម​អ្នក​សារព័ត៌មាន ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល ក្រុម​អ្នក​សិល្បៈ និង​អ្នក​បកប្រែ​ជាដើម។

បុរស​ខាងលើ​បាន​ពន្យល់​លំអិត​ទៀត​ថា តម្លៃ​សំបុត្រ​គឺ ១ ៥០០ ដុល្លារ​ក្នុង​មួយ​កៅអី ដូច្នេះ​បើ​មូលនិធិ​អាច​កើន​ដល់ ៥៥០ ០០០ ដុល្លារ​ នោះ​លោក​នឹង​អាច​ចរចា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​សម្រាប់​ការ​ចំណាយ​ត្រឹម​ថ្លៃ​សាំង​យន្តហោះ​ សម្រាប់​ការហោះហើរ​ ២ ជើង ដែល​ចេញ​ពី​ទីក្រុង​កាប៊ុល​ទៅ​កាន់​ប្រទេស​មួយ​ផ្សេងទៀត។

តែ​រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ដោយ​មូលនិធិ​មួយ​នេះ​បែរជា​មាន​កំណើន​រហូត​ដល់ ៥,៨ លាន​ដុល្លារ​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោម​ការ​ចូលរួម​ពី​សប្បុរសជន​ ១០ ម៉ឺន​នាក់ ខណៈ​គោលបំណង​ធំ​បំផុត​នៃ​កម្មវិធី​នេះ គឺ​ប៉ង​ចង់បាន​ត្រឹម ៤,៤ លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​មក​ទល់​បច្ចុប្បន្ន​តួលេខ​នៅ​តែ​បន្ត​កើនឡើង​ឥត​ឈប់ឈរ​។

បើ​ទោះជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្ដី តែ​ Tommy និង​ដៃគូ​របស់​លោក​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​បេសកកម្ម​មួយ​នេះ​ដែរ​ទេ ជាពិសេស​ពេល​នេះ​ពួកគេ​ក៏​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​ហោះហើរ​ ១២ ជើង​ ដូច​ដែល​បាន​សន្យា​ថែម​ទៀត។

ជាក់ស្ដែង សាស្ត្រាចារ្យ​ Karen Jacobsen នៃ​សកលវិទ្យាល័យ Tufts University ដែល​បង្រៀន​មុខ​វិជ្ជា​ទាក់ទង​នឹង​ការ​ធ្វើ​អន្តោប្រវេសន៍​ បាន​ពន្យល់​ប្រាប់ The New York Times ថា មូលនិធិ​ខាង​លើ​ស្ដាប់​ទៅ​ដូចជា​ ហួសហេតុ​ ព្រោះ​មាន​ភស្តុតាង​ដូចជា ការ​ស្នើសុំ​លិខិត​អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក សម្រាប់​ការ​ទទួល​ស្គាល់​ប្រជាជន​អាហ្វហ្គានីស្ថាន​ដែល​ភៀសខ្លួន គឺ​មិនទាន់​មាន​នៅ​ឡើយ៕

ប្រភព: therichest