តើ​អ្នក​ស្គាល់​ទេ? សេដ្ឋីអាមេរិក​ដើម​កំណើត​អាស៊ី ៧ រូប​ ​ចាក​ចោល​​ស្រុក​កំណើត ផ្សងព្រេង​រហូត​ក្លាយ​ជា​សេដ្ឋី​នៅអាមេរិក

អន្តរជាតិ

អាមេរិកជា​ទឹកដី​ឱកាស សម្រាប់ការ​ធ្វើ​ជំនួញ ​មានជនជាតិ​ចម្រុះជាតិសាសន៍​រស់នៅ។ ជនជាតិអាស៊ី​ជាច្រើន​បាន​ចោល​ស្រុកកំណើត ដើម្បី​ផ្សងព្រេង​ស្វែង​រក​ឱកាស​មាសប្រាក់លើ​ទឹកដី​ដ៏​ធំល្វឹងល្វើយនេះ។ ឆ្ងាយ​ពី​ទឹកដី​ដូន​តា ​ពួកគេ​បាន​ប្រឹងប្រែង​ ប្រើបញ្ញា​ខំធ្វើជំនួញរហូត​​ក្លាយ​ជា​សេដ្ឋី​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​បញ្ជី​ឈ្មោះ​​បុគ្គល​មាន​បំផុត​ក្នុង​លោក ១០០ នាក់​លើ​ពិភពលោក​របស់ Forbes មាន​សេដ្ឋី​ជនជាតិ​អាស៊ី​ដល់​ទៅ ៧ រូប​ឯណោះ ដែល​ក្លាយ​ជា​សេដ្ឋី​នៅ​អាមេរិក​។

តើ​សេដ្ឋីអាមេរិក​ដើម​កំណើត​អាស៊ី​ទាំង ៧​ រូប​​ជា​នរណា​​​៖

១/ Eric Yuan

លោក Eric Yuan គឺ​ជា​សហគ្រិន​ជនជាតិ​ចិន​កាត់​អាមេរិក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Zoom។ សេដ្ឋីធំធាត់​នៅ​ប្រទេស​ចិន និង​បាន​ប្ដូរ​លំនៅឋាន​មក​រស់នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ១៩៩៧ មក​ទល់​បច្ចុប្បន្ន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៥,៥ ពាន់​លាន​ដុល្លារ។

២/​Jensen Huang

ជា​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ក្រាហ្វិក​កាត​ NVIDIA បំពាក់លើ​​កុំព្យូទ័រ​។ ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍន៍​​ក្រាហ្វិក​តាំងពី​កុំព្យូទ័រ​ រហូត​ដល់​យានយន្ត​បើក​ដោយ​ខ្លួនឯង​ថែម​ទៀត។

Huang កើត​នៅ​កោះ​តៃវ៉ាន់​ និង​បាន​អន្តោប្រវេសន៍​មក​សហរដ្ឋ​អាមេរិក និង​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​ពី​សកលវិទ្យាល័យ Oregon State University និង Stanford University។ បន្ទាប់​ពី​ធ្វើការ​នៅ LSI Logic និង Advanced Micro Devices បុរស​រូប​នេះ​បាន​រក​ឃើញ NVIDIA ក្នុង​ឆ្នាំ​១៩៩៣ ហើយ​បច្ចុប្បន្ន​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក​គឺ ១៧,៦ ពាន់​លាន​ដុល្លារ។

៣/ Shahid Khan

បុរស​កើត​នៅ​ប្រទេស​ប៉ាគីស្ថាន​ បាន​ចាប់​ផ្ដើម​ធ្វើការ​នៅ​ក្រុមហ៊ុន Flex-N-Gate រហូត​ទិញ​បាន​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ១៩៨០ និង​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​រថយន្ត​ធំ​បំផុត​មួយ​នៅ​អាមេរិក​ខាងជើង។

ក្រៅពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​រថយន្ត​ មហាសេដ្ឋី​ Khan ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ម្ចាស់​ក្លឹប​កីឡា​ជា​ច្រើន​ដូចជា Jacksonville Jaguars និង Fulham F.C ជាដើម។ បច្ចុប្បន្ន បុរស​ខាងលើ​គឺ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៧ ពាន់​លាន​ដុល្លារ។

៤/ Jay Chaudhry

ជា​ធម្មតា​ការ​គ្រប់គ្រង​អាជីវកម្ម​ច្រើន​កន្លែង​ គឺ​មាន​ហានិភ័យ​ណាស់​សម្រាប់​សហគ្រិន​នីមួយៗ តែ​ករណីនេះ​មិនមែន​សម្រាប់​ Jay Chaudhry ឡើយ ព្រោះ​លោក​គឺ​បាន​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ច្រើន​កន្លែង​ដូចជា AirDefense, CipherTrust, CoreHarbor និង SecureIT ជាដើម ដែល​សុទ្ធ​តែ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ធំៗ​។

បុរស​ធំធាត់​ឡើង​នៅ​ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​ទំហំ​ទ្រព្យ​សម្បត្តិ​ប្រមាណ ១០,៧ ពាន់​លាន​ដុល្លារ និង​ជា​សហ​ស្ថាបនិក​ ក៏​ដូចជា​ CEO នៃ​ក្រុមហ៊ុន Zscaler ផង​ដែរ។

៥/​ David Sun និង John Tu

សេដ្ឋីដើមកំណើតអាស៊ី​​នេះ ធ្លាប់​បរាជ័យ​ជោគជាំ​លើ​អាជីវកម្ម​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​​ Camintonn Corporation ដែល​ដួល​បះជើង​ក្នុង​ឆ្នាំ ១៩៨៧។ យ៉ាងណា អ្នក​ទាំង ២ មិន​បាន​អស់សង្ឃឹម​ឡើយ ដោយ​បាន​យក​ប្រាក់​សន្សែសន្សំ​មក​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ថ្មី​ឈ្មោះ Kingston Technology ដែល​បច្ចុប្បន្ន​ជា​ក្រុមហ៊ុន​​ផលិត​អង្គ​ចងចាំ​កុំព្យូទ័រ​ធំ​បំផុត​មួយ​ក្នុង​លោក ខណៈ​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង ២​ វិញ​គឺ​មាន​ប្រមាណ ៨,៤ ពាន់​លាន​ដុល្លារ​ក្នុង​ម្នាក់។

៦/ Sun Hongbin

គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ​ Sunac China Holdings ដែល​រ៉ាប់រង​ស្ទើរ​គ្រប់​សំណង់​ធំៗ​គ្រប់​បែបយ៉ាង​ តាំងពី​រមណីយដ្ឋាន​ រហូត​ដល់​សួន​កម្សាន្ត។ បុរស​មាន​ដើម​កំណើត​នៅ​ខេត្ត Shanxi ប្រទេស​ចិន​ បច្ចុប្បន្ន​​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៣ ពាន់​លាន​ដុល្លារ។

៧/ Patrick Soon-Shiong

ជា​ស្ថាបនិក​ក្រុមហ៊ុន ImmunityBio ដែល​ផ្ដោត​ទៅលើ​ការ​ផលិត​ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកជំងឺ​។ Patrick កើត​នៅ​អាហ្វ្រិក​ខាង​ត្បូង បន្ទាប់ពី​ឪពុក​ម្ដាយ​របស់​លោក​បាន​ធ្វើ​អន្តោប្រវេសន៍​ពី​ប្រទេស​ចិន។

ក្រៅពី​ក្រុមហ៊ុន​ផ្នែក​វេជ្ជសាស្ត្រ​ Patrick បាន​ចំណាយ​លុយ​ទិញ​ក្រុមហ៊ុន​សារព័ត៌មាន​ The Los Angeles Times និង The San Diego Union-Tribuneផង​ដែរ និង​បាន​រស់នៅ​ទីក្រុង California ភាគ​ខាងត្បូង​អស់​រយៈពេល ៤ ទសវត្ស​ថែម​ទៀត។ បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​លោក​មាន​ប្រមាណ​ ៧ ពាន់​លាន​ដុល្លារ៕

ប្រភព: investopedia