កាលពីពេលថ្មីៗនេះ កម្មវិធីដេញថ្លៃរថយន្តទំនើប Monterey Car Week បានធ្វើឲ្យកក្រើកដល់ក្រុមអ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក ដ្បិតរថយន្តមួយគ្រឿងម៉ាក McLaren F1 ដែលផលិតឡើងនៅក្នុងឆ្នាំ ១៩៩៥ បានលក់ចេញក្នុងតម្លៃរហូតដល់ ២០ លានដុល្លារ។

បើតាមសារព័ត៌មាន Robb Report បានទម្លាយឲ្យដឹងទៀតថា រថយន្តមួយគ្រឿងនេះ មិនត្រឹមតែជារថយន្តថ្លៃបំផុតសម្រាប់ការដេញថ្លៃឆ្នាំនេះឡើយ ពោលគឺវាថែមទាំងជារថយន្តម៉ាក McLaren ថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រថែមទៀតផង។
រថយន្តទំនើបមួយគ្រឿងនេះ គឺលក់ចេញក្នុងតម្លៃ ២០,៤៧ លានដុល្លារ ខណៈម្ចាស់របស់វាគឺ មិនត្រូវបានទម្លាយឲ្យស្គាល់ពីអត្តសញ្ញាណនោះឡើយ។ តែវាមិនមែនជារឿងសំខាន់ឡើយ ព្រោះពួកគេនឹងក្លាយជាម្ចាស់រថយន្តដ៏កម្រមួយលើលោក ព្រោះ McLaren F1 គឺផលិតឡើងតែ ១០៦ គ្រឿងប៉ុណ្ណោះ ក្នុងចន្លោះឆ្នាំ ១៩៩២ ដល់ ១៩៩៨។

ដោយឡែកឈ្មោះពេញរបស់រថយន្តមួយនេះគឺ McLaren 1995 F1 Chassis 029 ដែលជារថយន្តទី ២៥ ក្នុងចំណោមរថយន្តម៉ូដែលដូចគ្នា ៦៤ គ្រឿង។ ម្ចាស់របស់វាបច្ចុប្បន្ន គឺទិញបន្តពីអ្នកស្រឡាញ់រថយន្តជប៉ុនប៉ុណ្ណោះ ខណៈតម្លៃ ២០,៤៧ លានដុល្លារនេះ គឺវាលើសពីតម្លៃរំពឹងទុកច្រើនគួរសម ដោយមុនដាក់លក់ម្ចាស់រថយន្តដើមរំពឹងថាអាចលក់ចេញក្នុងតម្លៃត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ។
ចង់ដឹងតើរចនាបទផ្នែកខាងក្នុងនៃរថយន្តមានសភាពស្អាតកម្រិតណា សូមតាមដានវីដេអូដូចខាងក្រោម៖
ប្រភព: celebritynetworth