លោក James Park គឺជាសហស្ថាបនិកក្រុមហ៊ុន Fitbit ដែលជាក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃតាមដានសុខភាព ដែលត្រូវបានទិញដោយក្រុមហ៊ុន Google កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ជាមួយតម្លៃ ២,១ ពាន់លានដុល្លារ។

ទាំងអស់គ្នាប្រហែលជាអាចនឹងភ្ញាក់ផ្អើលពេលដឹងពីមូលហេតុនៅពីក្រោយការកើបលុយច្រើនសន្ធឹកបែបនេះ។ ត្រឡប់ទៅអតីតកាលបន្តិច កាលពីឆ្នាំ ១៩៩៨ Park បានសម្រេចចិត្តបញ្ឈប់ការសិក្សានៅសាកលវិទ្យាល័យ Havard ដោយងាកមកធ្វើសហគ្រិនភាពវិញ តែត្រូវបរាជ័យ។
លុះដល់ឆ្នាំ ២០០៦ Park មានគំនិតអស្ចារ្យមួយក្រោយបានលេងឧបករណ៍ហ្គេម Nintendo Wii ដែលកាលនោះ ស្ទើរគ្រប់ហ្គេមតម្រូវឲ្យប្រើប្រាស់លំហាត់ប្រាណ បើនិយាយឲ្យខ្លីគឺដូចជាការហាត់ប្រាណ តែជាមួយគ្នាគឺបានទាំងលំហែអារម្មណ៍ទៀត។

គាប់ជួននិស្ស័យពីក្មេង Park ជាមនុស្សចូលចិត្តធ្វើលំហាត់ប្រាណប្រចាំថ្ងៃផង លោកក៏បបួលមិត្តភក្ដិម្នាក់ឈ្មោះ Eric Friedman បង្កើតឧបករណ៍តាមដានសុខភាព ដែលសព្វថ្ងៃគឺនាឡិកាសុខភាព Fitbit។

ដំបូងឡើយ អ្នកទាំង ២ បានប្រមែប្រមូលប្រាក់ពីក្រុមគ្រួសារ និងមិត្តភក្ដិបាន ៤០ ម៉ឺនដុល្លារ ដើម្បីបង្កើតវត្ថុគំរូនៃ Fitbit និងបានដាក់បង្ហាញនៅកម្មវិធី TechCrunch សម្រាប់សហគ្រិនដែលចង់បង្កើតអាជីវកម្មថ្មីថ្មោងនៅក្នុងឆ្នាំ ២០០៨ តែវាត្រូវការរយៈពេលដល់ទៅ ៨ ខែដើម្បីផលិត Fitbit ឲ្យចេញជារូបរាងបាន។

បើយោងតាមឯកសារពី Crunchbase ដំបូង Fitbit មិនសូវបានការទទួលស្គាល់ប៉ុន្មានឡើយ ដោយប្រជាជនពេលនោះមិនទាន់ផ្ដល់តម្លៃដល់បច្ចេកវិទ្យាដូចបច្ចុប្បន្ន។

រហូតដល់ឆ្នាំ ២០១៩ Google បានសម្រេចទិញយក Fitbit ក្នុងតម្លៃ ២,១ ពាន់លានដុល្លារ ហើយទើបនឹងបញ្ចប់លក្ខខណ្ឌផ្សេងៗជាផ្លូវការកាលពីខែមករា ២០២១ នេះប៉ុណ្ណោះ។

ជាចុងក្រោយ Fitbit ទទួលបានការគាំទ្រយ៉ាងលើសលុប ដោយមានច្រើនជាង ២៩ លាននាក់ដែលកំពុងប្រើប្រាស់ទូទាំងសកលលោក និងលក់ដាច់អស់ប្រមាណជាង ១២០ លានគ្រឿងហើយតាំងពីផលិតមក៕
ប្រភព: cnbc