ការប្រកួតរវាងអ្នកប្រដាល់ Manny Pacquiao និង Yordenis Ugas បានបញ្ចប់ជាស្ថាពរ ខណៈ Ugas ជាអ្នកទទួលជ័យជម្នះដោយបានពិន្ទុខ្ពស់ជាងអ្នកប្រដាល់ហ្វីលីពីន។
អ្នកប្រដាល់ Pacquiao ក៏បានសារភាពក្រោយចប់ការប្រកួតដែរថា គ្រាន់តែចាប់ផ្ដើមចូលទឹកទី ២ ភ្លាម លោកមានអារម្មណ៍ថា រមួលក្រពើបាត់ទៅហើយ និងបានបង្ហើបថា ការចូលនិវត្តន៍ពីសង្វៀនគឺមិនយូរឡើយ។
យ៉ាងណារឿងដែលអ្នកគាំទ្រកំពុងបារម្ភពេលនេះគឺ ពួកគេដឹងថា Pacquiao មានរបួសត្រង់ភ្នែករហូតដល់ពាក់វ៉ែនតាខ្មៅពេលផ្ដល់កិច្ចសម្ភាសន៍ទៀត តែពួកគេមិនដឹងទេថា របួសនោះមានកម្រិតធ្ងន់កម្រិតណា រហូតដល់ឃើញវីដេអូប្រពន្ធរបស់បុរសវ័យ ៤២ ឆ្នាំបង្ហោះនៅលើ Instagram របស់អ្នកនាង។
ក្នុងវីដេអូមួយនោះ អ្នកស្រីកំពុងបញ្ចុកអាហារដល់ប្ដី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយបើកភ្នែកសឹងមិនរួច ដូច្នេះអ្នកគាំទ្រប្រហែលជានឹងទទួលបានដំណឹងពីការព្យួរហ្កង់ពីសង្វៀនរបស់អ្នកប្រដាល់ហ្វីលីពីននាពេលឆាប់ៗខាងមុខនេះជាមិនខាន។
ក្រោយពីចប់ការប្រកួតដំបូង បន្ទាប់ពីសម្រាកពីសង្វៀនអស់រយៈពេលជាង ២ ឆ្នាំ Pacquiao បានប្រាប់អ្នកសារព័ត៌មានថា៖ “នៅថ្ងៃអនាគត អ្នកប្រហែលនឹងមិនឃើញ Manny Pacquiao ឡើងវាយលើសង្វៀនម្ដងទៀតឡើយ”។
“ខ្ញុំមិនប្រាកដចិត្តឡើយ តែគ្រាន់តែដឹងថា រយៈពេលប៉ុន្មានទសវត្សនេះ ខ្ញុំពិតជាសប្បាយជាមួយនឹងអ្វីដែលខ្ញុំសម្រេចបាននៅក្នុងវិស័យប្រដាល់នេះណាស់។ ខ្ញុំបានបង្កើតកំណត់ត្រា និងបានជួយឲ្យវិស័យប្រដាល់ឡើងមកដល់កម្រិតកំពូល តែអ្វីដែលកាន់តែពិសេស គឺបានលើកមុខមាត់ប្រទេសខ្ញុំ និងប្រជាជនហ្វីលីពីនតែម្ដង”៕
ប្រភព: Metro