កោះតៃវ៉ាន់ស្ថិតនៅអាស៊ីខាងកើត ជាប់ព្រំប្រទល់ប្រទេសចិន ជប៉ុន និងហ្វីលីពីន។ កោះតៃវ៉ាន់ ត្រូវបានអ្នកទេសចរណ៍ឲ្យរហស្សនាមថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តញាំអាហារតាមចិញ្ចើមផ្លូវ (Street Food) ដ្បិតនៅទីនោះ អាហារ Street Food គឺមានរាប់រយមុខឯណោះ។
ក្រៅពីល្បីរឿង Street Food កោះតូចមួយនេះ ក៏មានរហ័សនាមជាខ្លាសេដ្ឋកិច្ចទាំង ៤ នៅតំបន់អាស៊ី ដូច្នេះវាមិនមែនជារឿងចម្លែកឡើយដែលកោះតៃវ៉ាន់សំបូរមហាសេដ្ឋីនោះ។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីតៃវ៉ាន់មានបំផុតប្រចាំប្រទេសទាំង ៩ រូប៖
1/ Zhang Congyuna និងគ្រួសារ
លោក Zhang Congyuan ជាស្ថាបនិកក្រុមហ៊ុន Huali Industrial ដែលជារោងចក្រផលិតស្បែកជើង មានសាខាជាច្រើនកន្លែងតាំងនៅប្រទេសចិន វៀតណាម និងប្រទេសដូមីនីកាជាដើម។
ក្រុមហ៊ុនរបស់លោក Zhang ចែកចាយស្បែកជើងច្រើនម៉ាករួមមាន Nike, Puma, UGG និង Vans ជាដើម។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោកគឺមានប្រមាណ ១៣,៨ ពាន់លានដុល្លារ។
2/ បងប្អូន Tsai Hong-tu និង Cheng-ta
បងប្អូន Tsai Hong-tu និង Cheng-ta រួមជាមួយ Cheng-Chiu កំពុងក្ដោបក្ដាប់ក្រុមហ៊ុន Cathay Financial Holding ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ។ ក្រៅពីនេះ គ្រួសារមួយនេះក៏កំពុងគ្រប់គ្រង Cathay Real Estate ដែលមានវិសាលភាពខ្លាំងផ្នែកសណ្ឋាគារថែមទៀត។
បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់អ្នកទាំង ២ គឺមានប្រមាណ ៩,២ ពាន់លានដុល្លារ។
3/ បងប្អូន Daniel និងRichard Tsai
Fubon Financial ដែលជាស្ថាប័នមានហិរញ្ញវត្ថុធំបំផុតមួយនៅតៃវ៉ាន់ និងមានមូលធនទីផ្សារច្រើនជាង ២០ ពាន់លានដុល្លារកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់បងប្អូន Daniel និងRichard Tsai។ ដោយឡែកទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកទាំង ២ គឺប្រមាណ ៧,៩ ពាន់លានដុល្លារ។
4/ បងប្អូនត្រកូល Wei
បងប្អូន ៤ នាក់ Wei Ing-Chou, Ying-Chiao, Yin-Chun និង Yin-Heng កំពុងគ្រប់គ្រងក្រុមហ៊ុន Tingyi ដែលជារោងចក្រផលិតភេសជ្ជៈ និងគុយទាវធំបំផុតមួយនៅប្រទេសចិន។ ដ្បិតមានងារកាន់កាប់រោងចក្រតែមួយ តែបងប្អូនទាំង ៤ រូបសុទ្ធតែមានជំនួញផ្សេងៗក្នុងដៃ តួយ៉ាងដូចជា Ing-chun ធ្វើការផ្នែកចំណីអាហារ Ying-chiao ខាងគមនាគមន៍ និងអចលនទ្រព្យ Yin-chun ផ្នែកប្រេង និងទឹកដោះគោ ខណៈ Yin-heng ខាងអាហារដ្ឋាន និងផ្សារទំនើប។ បងប្អូនទាំង ៤ រូបនេះមានទ្រព្យសម្បត្តិប្រមាណ ៧,៨ ពាន់លានដុល្លារ ខណៈកាលពី ឆ្នាំ២០១៨ Yin-chun ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ៩ខែ ពីបទបំពានច្បាប់សុវត្ថិភាពចំណីអាហារ និងបំពានសេចក្ដីទុកចិត្តអតិថិជន។
5/ Jason និង Richard Chang
ក្រុមហ៊ុន ASE ដែលជាក្រុមហ៊ុនធំបំផុតលើលោកផ្នែកវេចខ្ចប់ឧបករណ៍អេឡិចត្រូនិក បច្ចុប្បន្នកំពុងគ្រប់គ្រងដោយបងប្អូន Chang ដោយមាន Jason ជាប្រធាន និង Richard ជាអនុប្រធាន។ អ្នកទាំង ២ មានដើមកំណើតនៅទីក្រុងសៀងហៃ តែបានភៀសខ្លួនមកកោះតៃវ៉ាន់ក្រោយបដិវដ្តឆ្នាំ ១៩៤៩។ គិតមកទល់ពេលនេះ ទំហំទ្រព្យសម្បត្តិរបស់បងប្អូនទាំង ២ គឺប្រមាណ ៧,២ ពាន់លានដុល្លារ
6/ Terry Gou
លោក Terry Gou ជាស្ថាបនិកក្រុមហ៊ុន Hon Hai Precision ដែលជារោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកធំបំផុតលើលោក ដែលមានអតិថិជនធំៗដូចជា Apple ជាដើម។ កាលពីឆ្នាំ ២០១៦ ពួកគេបានទិញក្រុមហ៊ុនជប៉ុន Sharp និង Nokia ហើយក្នុងឆ្នាំ ២០១៩ Terry បានប្រកាសចុះចេញពីតំណែងជាប្រមុខក្រុមហ៊ុន បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេល ៤៥ ឆ្នាំ។ បច្ចុប្បន្ន បុរសវ័យ ៧០ ឆ្នាំមានទ្រព្យសម្បត្តិប្រមាណ ៧,១ ពាន់លានដុល្លារ។
7/ Tsai Eng-meng
លោក Tsai ជាគណៈគ្រប់គ្រងក្រុមហ៊ុន Want Want China ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតមួយលើលោកផ្នែកអាហារសម្រន់ និងភេសជ្ជៈបែបចិន។ ក្រៅពីនោះ លោកក៏ជាវិនិយោគិនមួយរូបផងដែរ ដោយបានវិនិយោគលើវិស័យសណ្ឋាគារ សេវាកម្មហិរញ្ញវត្ថុ និងបណ្ដាញសារព័ត៌មានរួមមាន China Times និង China Television Co ជាដើម។ គិតមកទល់ពេលនេះ លោក Tsai មានទ្រព្យសម្បត្តិសរុបប្រមាណ ៦,១ ពាន់លានដុល្លារ។
8/ Barry Lam
លោក Barry Lam បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៥,៨ ពាន់លានដុល្លារ ខណៈលោកក៏ជាប្រធានក្រុមហ៊ុន Quanta Computer ដែលជារោងចក្រផលិតកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកធំបំផុតមួយក្នុងលោកផងដែរ ហើយ Quanta ក៏ជាអ្នកផលិតនាឡិកាឆ្លាតវៃ Apple ថែមទៀត។
9/ Pierre Chen
លោក Chen គឺជាប្រធានក្រុមហ៊ុន Yageo ដែលជារោងចក្រផលិតគ្រឿងបង្គំរាប់តាំងពីទូរស័ព្ទដល់ឡាន ដែលចាប់ផ្ដើមតំបូងក្នុងឆ្នាំ ១៩៧៧ និងប្រកាសជាសាធារណៈ ១៦ ឆ្នាំបន្ទាប់ពោលគឺ ១៩៩៣។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Chen មានប្រមាណ ៥ ពាន់លានដុល្លារ៕
ប្រភព: Forbes