Dave Girouard បច្ចុប្បន្នជាសហស្ថាបនិកក្រុមហ៊ុន Upstart ដែលជាក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីតាមរយៈបច្ចេកវិទ្យាទំនើប AI កំពុងមានភាពល្បីល្បាញខ្លាំងនៅអាមេរិក និងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិប្រមាណ ១,៣ ពាន់ដុល្លារ។ បើផ្អែកតាមរបាយការណ៍ពី Forbes។
ទ្រព្យសម្បត្តិរបស់អតីតបុគ្គលិកក្រុមហ៊ុន Google គឺបានកើនឡើងដូចទឹកបាក់ទំនប់ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៨ មីនា ២០២១ ខណៈពេលទីផ្សារភាគហ៊ុនកំពុងដំណើរការ ហើយតម្លៃហ៊ុនរបស់ Upstart ហក់ឡើងខ្ពស់រហូតដល់ ៨៩%ត្រឹមរយៈពេល ២៤ ម៉ោងពេលចូលផ្សារហ៊ុន។
ជាមួយគ្នានោះដែរ សហស្ថាបនិក David ដែលមានចំណែកភាគហ៊ុន ១៤% នៃក្រុមហ៊ុនទាំងមូលអាចនិយាយបានថា ជាភ័ព្វសំណាង ព្រោះភាគហ៊ុនដែលលោកមាននោះ បើគិតជាទឹកប្រាក់គឺប្រមាណ ១,៣ ពាន់លានដុល្លារ ដែលវាសមល្មមឲ្យលោកទទួលបានងារជាមហាសេដ្ឋីចុងក្រោយបង្អស់សម្រាប់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។
បញ្ជាក់ដែរថា Upstart ក៏មានការជួយជ្រោមជ្រែងពីសំណាក់ក្រុមហ៊ុន Google និង VC ផងដែរ ហើយបើតាមសេចក្ដីរាយការណ៍ពី Forbes បានឲ្យដឹងថា Upstart ទទួលបានមូលនិធិប្រមាណ ១៦០ លានដុល្លារពីក្រុមហ៊ុនដូចជា Google, Third Point, Khosla, First Round Capital និងក្រុមហ៊ុនផ្សេងៗទៀត ហើយត្រឹមរយៈពេល ៥ ខែកន្លះមូលធនទីផ្សាររបស់ Upstart កើនឡើងទ្វេដង ពោលនៅខែមីនាគឺ ៨,៣ ពាន់លានដុល្លារ តែគិតត្រឹមថ្ងៃទី ២៧ សីហាកើនដល់ ១៧,៣៦ ពាន់លានដុល្លារឯណោះ៕
ប្រភព: nairametrics