ជឿថាប្រិយមិត្តប្រហែលជាមិនសូវបានដឹង ឬលឺពីឈ្មោះ Stewart Horejsi ប៉ុន្មានឡើយ តែតាមពិតទៅបុរសរូបនេះ គឺជាសេដ្ឋីប្រាក់ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោក គឺមានរហូតដល់ទៅ ២,៦ ពាន់លានដុល្លារឯណោះ ដែលសឹងតែ ៩៩% គឺបានមកពីការវិនិយោគតែម្ដងគត់។
Stewart គឺជាវិនិយោគិនមួយរូប ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ University of Kansas ក្នុងទសវត្ស ១៩៦០ និងបានចូលកាន់កាប់ជំនួញគ្រួសារ Brown Welding Supply LLC នៅទីក្រុង Kansas តែនៅទសវត្ស ១៩៨០ ក្រុមហ៊ុនមានគូប្រជែងច្រើន និងគួបផ្សំជំនួញមិនសូវកាក់កប ទើបធ្វើឲ្យក្រុមហ៊ុននេះពិបាកឈរជើងបន្តិច។
គ្រានោះហើយដែល Stewart ចាប់ផ្ដើមអានសៀវភៅមួយក្បាល The Money Masters ដែលនិពន្ធដោយលោក John Train ខណៈអត្ថន័យនៃសៀវភៅគឺរៀបរាប់ពីទំលាប់ និងការគិតរបស់បុគ្គលជោគជ័យជាច្រើនដូចជា John Templeton ឬ Benjamin Graham ជាដើម។
ក្រោយអានចប់ បុរសវ័យ ៨៣ ឆ្នាំមានគំនិតចង់ទិញភាគហ៊ុនលើកដំបូង ដោយពេលនោះលោកបានទិញភាគហ៊ុន Berkshire Hathaway ៤០ ហ៊ុនក្នុងតម្លៃ ២៦៥ ដុល្លារ/ហ៊ុន អស់ប្រមាណ ១០ ៦០០ ដុល្លារ។
ស្របពេលក្រុមហ៊ុនចាប់ផ្ដើមងើបឡើងបន្តិច Stewart Horejsi យកប្រាក់ចំណេញទាំងអស់ ទៅទិញភាគហ៊ុន Berkshire Hathaway ជាហូរហែរហូតបានដល់ ៥ ៨០០ ហ៊ុនដែលទាំងអស់នេះ លោកសុទ្ធតែទិញក្នុងតម្លៃក្រោម ៥០០ ដុល្លារ/ហ៊ុនទាំងអស់។
ការវិនិយោគតែមួយសាររបស់ Stewart ឲ្យធ្វើឲ្យលោកមានប្រាក់ចាយវាយដោយមិនខ្វល់ខ្វាយ ព្រោះបច្ចុប្បន្ន ភាគហ៊ុនរបស់ Berkshire Hathaway មានតម្លៃដល់ទៅ ៤២៩ ៩០០ ដុល្លារ/ហ៊ុន ដែលគិតមើលទៅប្រមាណ ២,៤៩ ពាន់លានដុល្លារឯណោះ។
បញ្ជាក់ដែរថា Berkshire Hathaway គឺជាក្រុមហ៊ុនខ្នាតយក្សដែលក្ដោបក្ដាប់មុខជំនួញជាច្រើននៅអាមេរិក ដែលបច្ចុប្បន្នមានលោក Warren Buffett ជានាយកប្រតិបត្តិ និងជាម្ចាស់ក្រុមហ៊ុន។ គិតមកត្រឹមពេលនេះ មូលធនទីផ្សាររបស់ Berkshire Hathaway គឺមានប្រមាណ ៦៤៧ ពាន់លានដុល្លារ៕
ប្រភព: naiametrics