Facebook គឺជាបណ្ដាញសង្គមដ៏ពេញនិយមបំផុតមួយក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់ប្រមាណ ២,៨៩ ពាន់លានគណនីជារៀងរាល់ខែ។
ដោយសារទទួលបានការពេញនិយមខ្លាំងបែបនេះហើយ ទើបតម្លៃភាគហ៊ុនរបស់ Facebook ក៏មានការកើនឡើងខ្ពស់ខ្លាំង រហូតដល់ ៣៧៩ ដុល្លារ/ហ៊ុន ដែលតួលេខនេះមានការកើនឡើងដល់ទៅ ២៧% បើធៀបនឹងឆ្នាំទៅ។

មិនត្រឹមតែប៉ុណ្ណោះ គេរំពឹងថា វានឹងអាចបន្តហក់ដល់តម្លៃ ៤០០ ដុល្លារ/ហ៊ុន ស្របពេលបច្ចុប្បន្ន មូលធនទីផ្សាររបស់ Facebook គឺឈានមកដល់ចំណុចកំពូលមួយហើយ ពោលប្រមាណ ១,០៧ ទ្រីលានដុល្លារ ហើយនេះក៏ជាក្រុមហ៊ុនអាមេរិកទី ៥ ដែលឈានមកដល់កម្រិតនេះ បន្ទាប់ពី Amazon, Apple, Microsoft និង Alphabet។

អាស្រ័យដោយក្រុមហ៊ុនមានតម្លៃកើនឡើងខ្លាំងបែបនេះ ច្បាស់ណាស់ម្ចាស់ក្រុមហ៊ុន Mark Zuckerberg ច្បាស់ជាកើនទ្រព្យសម្បត្តិច្រើនដូចគ្នា ដោយគិតត្រឹមបច្ចុប្បន្នលោកមានទ្រព្យប្រមាណ ១៣៦ ពាន់លានដុល្លារ និងជាមហាសេដ្ឋីវ័យក្មេងបំផុតដែលមានទ្រព្យច្រើនជាង ១០០ ពាន់លានដុល្លារក្នុងប្រវត្តិសាស្ត្ររបស់ Bloomberg Billionaire។

យ៉ាងណា ទោះមានទ្រព្យច្រើនលើសលប់ក្ដី តែ Mark ធ្លាប់ទម្លាយឲ្យដឹងថា លោកមានគម្រោងអស្ចារ្យមួយ គឺនឹងចែករំលែក និងផ្ដល់នូវចំណែកភាគហ៊ុន Facebook រហូតដល់ ៩៩% ទៅកាន់គម្រោងសប្បុរសធម៌ និងមូលនិធិផ្សេងៗនៅពេញមួយជីវិតតែម្ដង៕
ប្រភព: nairametrics