ចង់​ចេញរកស៊ី បិតា​វិនិយោគិន Warren Buffett ទម្លាយ​តិចនិក​​ សម្រាប់​វិនិយោគិន​ក្មេងៗ

អន្តរជាតិ

បើ​និយាយ​ដល់​វិស័យ​វិនិយោគ គ្រប់គ្នា​ប្រហែល​ជា​នឹកឃើញ​ដល់ Warren Buffett ជាមិនខាន​ ព្រោះ​លោក​គឺ​ជា​វិនិយោគិន​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​សម័យ​កាល​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​ភាព​ជោគជ័យ​ដ៏​សម្បើម​បាន​ពី​ការ​វិនិយោគ​ផ្សេងៗ ម្ចាស់ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​រហូត​ដល់ ១០៣,៧ ពាន់​លាន​ដុល្លារ​គិត​មក​ត្រឹម​ពេលនេះ​។

ដោយឡែក​ កាលពី​ពេល​កន្លង​ទៅ នៅក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​របស់ Berkshire Hathaway មហាសេដ្ឋី​ខាងលើ ក៏​បាន​ទម្លាយ​នូវ​តិចនិក​មួយ​ចំនួន​សម្រាប់​វិនិយោគិន​ក្មេងៗ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ ដែល​នោះ​គឺ៖

ការ​សម្រេចចិត្ត​មុន​ធ្វើការ​វិនិយោគ ៖ មុន​សម្រេច​ធ្វើអ្វី​មួយ​ អ្នក​គួរ​គប្បី​ស្វែងយល់​ពី​វា​ឲ្យ​បាន​ច្បាស់​ ហើយ​សម្រាប់​ Buffett វិញ​ មុន​ចូល​វិនិយោគ​លើ​អ្វីមួយ លោក​តែង​ស៊ើបសួរ​រាល់​ព័ត៌មាន​ទាក់ទង​ពី​គម្រោង​មួយ​នោះ ហើយ​វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ “Scuttlebutt Approach”។

គន្លឹះ​នេះ គឺ​តម្រូវ​ឲ្យ​អ្នក​ទៅ​សាកសួរ​ព័ត៌មាន​ពី​អតិថិជន អ្នក​ផ្គត់ផ្គង់​ទំនិញ គូប្រជែង និង​សូម្បី​តែ​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​អ្នក​បណ្ដាក់ទុន​ជាមួយ។

ចេះ​ជ្រើសរើស​ idol ឬ​អ្នក​ណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ៖ ពេលខ្លះ​វិនិយោគិន​ក្មេងៗ​មួយ​ចំនួន​គិត​ថា ពួកគេ​អាច​ធ្វើអ្វីៗ​បាន​គ្រប់យ៉ាង ដោយ​មិន​ចាំបាច់​ត្រូវការ​យោបល់​ពី​អ្នក​ជុំវិញ​ខ្លួន។ តែ​នេះ​គឺ​ជា​ការ​គិត​ខុស ជាក់ស្ដែង​ប្រសិន​បើ​អ្នក​ទទួល​បាន​ ឬ​ស្ដាប់​បទពិសោធន៍​ពី​មនុស្ស​ជុំវិញ​អ្នក នោះ​អ្នក​ប្រាកដ​ជា​បាន​មេរៀន​ថ្មីៗ និង​អាច​មិន​សូវ​ជួប​ហានិភ័យ​ពេល​មាន​បញ្ហា​នៅ​ថ្ងៃណា​មួយ។

ដូច្នេះ​ហើយ​ការ​ជ្រើសរើស អ្នកណែនាំ ឬ Idol គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​វិនិយោគិន​ក្មេងៗ ហើយ​អ្នកណែនាំ​ទាំងនោះ​មិនមែន​ចាំបាច់​តែ​ជា​អ្នក​ស្គាល់គ្នា អ្នក​នៅ​ក្បែរ​គ្នា​ឡើយ ពោល​ពួកគេ​អាច​ជា​អ្នកនិពន្ធ អ្នក​និយាយ​តាម​សាធារណៈ ហើយ​អ្នក​អាច​យល់ដឹង​ដោយ​អាន​សៀវភៅ ឬ​ស្ដាប់​ការ​និយាយ​របស់​ពួកគេ​បាន។

ហើយ​ក្រៅ​ពី​ដំបូន្មាន​ធំៗ​ទាំង ២ ខាងលើ ក៏​នៅ​មាន​គន្លឹះ​មួយ​ចំនួន​ទៀត​ដូចជា៖

  • កុំ​សូវ​បារម្ភ​ពី​ការ​បង្កើត​កំហុស​ខ្លាំង​ពេក
  • តែងតែ​អាន​នូវ​ចំណុច​សំខាន់ ជាជាង​ចំណុច​បន្ទាប់​បន្សំ
  • កុំ​ទាន់​អាល​ឡើង​សេរី​រថយន្ត​ទំនើប ប្រសិន​បើ​អ្នក​មិនទាន់​អាច​បង្កើន​ប្រាក់ចំណូល​បាន
  • ចេះ​ជ្រើសរើស​គូ​អនាគត​ឲ្យ​បាន​ច្បាស់ រៀបការ​ជាមួយ​មនុស្ស​ត្រឹមត្រូវ ព្រោះ​មនុស្ស​មួយ​រូប​នោះ​នឹង​កែប្រែ​ជីវិត​របស់​អ្នក​ទាំងស្រុង
  • ដើម្បី​កែប្រែ អភិវឌ្ឍន៍​ខ្លួន ចំណេះដឹង ថាមពល ភាព​សុចរិត ​ភាព​អត់ធ្មត់ ការ​ចេះ​បែងចែក គឺ​ជា​កត្តា​សំខាន់​បំផុត៕

ប្រភព: nairametrics