ក្រុមហ៊ុនរបស់មហាអំណាចចិន Sinopec Corp កំពុងដាក់គម្រោងចំណាយប្រមាណ ៣០ ពាន់លានយ៉ន់ (៤,៦ពាន់លានដុល្លារ) ក្នុងការអភិវឌ្ឍន៍ថាមពលដើរដោយឧស្ម័នអ៊ីដ្រូសែន ត្រឹមឆ្នាំ ២០២៥ ខាងមុខ ដើម្បីចូលរួមចំណែកជាមួយពិភពលោក ក្នុងការសម្រេចគោលដៅកាត់បន្ថយឧស្ម័នកាបូន ដែលបំភាយចេញពីបម្រើប្រាស់ប្រេងឥន្ធន: ទៅក្នុងបរិយាកាសឲ្យសល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ។
កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេនៅអាស៊ីមួយនេះ បាននិយាយថា ខ្លួនមានគម្រោងក្លាយទៅជាក្រុមហ៊ុនដំបូងគេ និងធំជាងគេរបស់ចិន ដែលផលិតថាមពលដើរដោយអ៊ីដ្រូសែន ដើម្បីបម្រើដល់ការដឹកជញ្ជូន ពោលគឺដូចគ្នាទៅនឹងថាមពលប្រេងឥន្ធន:ដែរ។
មិនតែប៉ុណ្ណោះក្រុមហ៊ុន បានបញ្ជាក់ទៀតថា ពួកគេនឹងសម្រេចគោលដៅផលិតអ៊ីដ្រូសែន ឲ្យបាន ២០០០០០ តោន ក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ ២០២៥ ។
ក្រៅពីនោះ ក្រុមហ៊ុនក៏មានបំណងផលិតអ៊ីដ្រូសែនបៃតងជាង ១ លានតោន ពីប្រភពថាមពលកកើតឡើងវិញ នៅចន្លោះឆ្នាំ ២០២១ និង ២០២៥ ផងដែរ ព្រមទាំងបន្ថែមសមត្ថភាពក្នុងការផលិតថាមពលពីពន្លឺព្រះអាទិត្យឲ្យបានចំនួន ៤០០ ម៉េហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ដល់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះក្រុមហ៊ុន បានសាងសង់ស្ថានីយ៍បំពេញអ៊ីដ្រូសែន ចំនួន ២០ កន្លែងនៅក្នុងប្រទេសរួចមកហើយ ដោយមានស្ថានីយ៍ចំនួន ៦០ ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណើរការសាងសង់ និងនៅដំណាក់កាលរៀបចំផែនការ និងអនុម័ត៕
ប្រភព: Reuters