គិតមកត្រឹមឆ្នាំ ២០២១ បើទោះជាស្ថានការណ៍ COVID-19 នៅមិនទាន់ធូរស្រាលច្រើនក្ដី តែទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីភាគច្រើន គឺមានការកើនឡើងឥតឈប់ឈរ។ ជាក់ស្ដែងងារជាមហាសេដ្ឋីមានបំផុតលើលោក មានការប្រែប្រួលតាមសឹងមិនទាន់ដោយកាលពីសប្ដាហ៍មុន Elon Musk រ៉ាប់រងតំណែងនេះបានមួយភ្លែត មុនពេល Jeff Bezos ដណ្ដើមមកវិញ។
តែទន្ទឹមនឹងនោះ ក៏មានមហាសេដ្ឋីខ្លះមិនអាចបង្កើនទ្រព្យសម្បត្តិបាន ហើយថែមទាំងធ្លាក់ខ្លួន ខាតបង់ប្រាក់ច្រើនសន្ធឹកផងដែរ តួយ៉ាងស្ថាបនិកក្រុមហ៊ុន PinDuoDuo លោក Coling Zheng Huang បានខាតបង់ទ្រព្យសម្បត្តិដល់ទៅពាក់កណ្ដាលឯណោះសម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយ។
កាលពីខែកុម្ភៈ ទ្រព្យសម្បត្តិរបស់ Huang មានរហូតដល់ប្រមាណ ៧៥ ពាន់ពាន់ដុល្លារ នៅពេលតម្លៃភាគហ៊ុន Pinduoduo កើនដល់ខ្ទង់ ២០០ ដុល្លារ/ហ៊ុន ដែលកើនទ្រព្យប្រមាណ ១២ ពាន់លានដុល្លារ ពីខែមករា។
តែបច្ចុប្បន្នទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុនគូប្រជែង Alibaba មានប្រមាណត្រឹម ៣៣ ពាន់លានដុល្លារប៉ុណ្ណោះ ដែលខាតបង់រហូតដល់ជាង ៣០ ពាន់លានដុល្លារបើគិតតាំងពីដើមឆ្នាំ ២០២១ ឬ ៤២ ពាន់លានដុល្លារ គិតពីខែកុម្ភៈមកទល់ពេលនេះ។
ដោយឡែក មូលហេតុដែលធ្វើឲ្យ Huang ខាតបង់ប្រាក់ច្រើនម្លឹងៗគឺ ដោយសារការប្រកាសលាលែងតំណែងជា CEO កាលពីខែមីនា ដែលកាលនោះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមានតម្លៃ ២០០ ដុល្លារ ហើយធ្លាក់ចុះ ១៧% ភ្លាមៗ ក្រោយលោកប្រកាសដំណឹងមួយនោះ។
ហេតុផលមួយទៀតដែលបណ្ដាលឲ្យតម្លៃភាគហ៊ុន PDD ធ្លាក់ចុះបែបនេះគឺ ដោយសារប្រជាជនចិនអាចដើរហើរវិញបាន ដូច្នេះពួកគេលែងសូវចំណាយទិញរបស់របរគ្រប់យ៉ាងតាមអនឡាញទៀត។
តែអ្វីដែលជាមូលហេតុក្ដៅគគុកគឺ រាជរដ្ឋាភិបាលចិនកំពុងព្យាយាមដាក់ក្រុមមហាសេដ្ឋី និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗជាច្រើនក្រោមឱវាទរបស់ពួកគេ ឬបិទតែម្ដងក្រោមហេតុផលប្រឆាំងទំនុកចិត្ត។ ជាក់ស្ដែង កាលពីខែឧសភា អាជ្ញាធរចិនបានផាកពិន័យ Alibaba ជិត ៣ ពាន់លានដុល្លារ ក្រោមហេតុផលល្មើសច្បាប់ផ្ដាច់មុខ ដែលបានធ្វើឲ្យវិនិយោគិនចិនចាប់ផ្ដើមបារម្ភថា ការពិន័យនេះគ្រាន់តែជាការគម្រាមស្រាលៗប៉ុណ្ណោះ។
យ៉ាងណា ប្រហែលជាយល់ឃើញ និងចង់យកចិត្តអាជ្ញាធរចិន ម្ចាស់ក្រុមហ៊ុន PDD បានបរិច្ចាគប្រមាណ ២,៤% នៃភាគហ៊ុនធំរបស់ក្រុមហ៊ុនចូលរួមចំណែកសប្បុរសធម៌ និង ៧,៧% ផ្សេងទៀត សម្រាប់ជួយដល់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល៕
ប្រភព: celebritynetworth