បច្ចុប្បន្ន ការចាយវាយដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬ Cryptocurrency កំពុងមានការទទួលស្គាល់គួរសម បើធៀបនឹងពេលអតីតកាល ដោយកន្លងមកយើងធ្លាប់បានដឹងថា ការទិញផ្ទះនៅតំបន់ថ្លៃៗដូចជា Beverly Hills ឬ Los Angeles ជាដើម ក៏ទទួលការទូទាត់ជាប្រភេទលុយឌីជីថលដូចគ្នា។


ដោយឡែក កាលពីពេលថ្មីៗនេះ នៅតំបន់ Miami ឯណោះវិញ ក៏មានដំណឹងមកថា ខុនដូតម្លៃដល់ទៅ ២២,៥ លានដុល្លារបានរកឃើញម្ចាស់ហើយ តែអ្នកទិញមិនត្រូវបានបង្ហាញឲ្យស្គាល់ពីអត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹងថាបុគ្គលរូបនោះទូទាត់តម្លៃខុនដូដោយប្រើប្រាស់លុយឌីជីថលទាំងអស់។


អចលនទ្រព្យមួយនេះ គឺស្ថិតនៅតាមបណ្ដោយឆ្នេរ Miami Beach តែម្ដង ជាមួយទំហំ ៤៧០,៧ ម៉ែត្រការ៉េ និងស្ថិតនៅជាន់ទី ៩ នៃអគារដែលមានកំពស់ ១២ ជាន់។ ខុនដូនេះក៏មានបំពាក់ជាមួយបន្ទប់គេង ៤ បន្ទប់ទឹក ៤ រួមជាមួយរានហាលខាងមុខដ៏ធំទូលាយអាចគយគន់ឆ្នេរ Miami បានដោយពេញភ្នែក។


ជាមួយតម្លៃថ្លៃមហាសាល ២២,៥ លានដុល្លារ ពិតណាស់លំនៅឋានមួយនេះ មិនមែនមានលក្ខណៈអស្ចារ្យតែត្រឹមហ្នឹងឡើយ ពោលមានទាំងអាងហែលទឹកក្នុង និងក្រៅផ្ទះ កន្លែងលេងវាយកូនបាល់នៅលើដំបូលផ្ទះ កន្លែងហាត់ប្រាណ និងហាត់ Yoga បន្ទប់ស្ទីម និងសោណា ហើយអ្វីកាន់តែពិសេស គឺកន្លែងចតយានយន្តដែលអាចកំណត់សីតុណ្ហភាពបានថែមទៀត៕
ប្រភព: luxurylaunches