បងប្អូនត្រកូល Thakur ដែលបងប្រុសឈ្មោះ Ishaan មានអាយុ ១៤ ឆ្នាំ និងប្អូនស្រីឈ្មោះ Aanya មានអាយុ ៩ ឆ្នាំ អាចមានសមត្ថភាពដ៏អស្ចារ្យពោល រកចំណូលបានខ្ទង់ម៉ឺនដុល្លារជារៀងរាល់ខែ ពីវិស័យជីកកាក់ឌីជីថល ឬ Cryptocurrency Mining។

ជារៀងរាល់ខែ បងប្អូនទាំំងពីរនាក់នេះ រកបានច្រើនជាង ៣ ម៉ឺនដុល្លារ ពីការជីកកាក់ឌីជីថល ៣ ប្រភេទដែលកំពុងពេញនិយមខ្លាំងគឺ Bitcoin, Ethereum និង Ravencoin។

ដើម្បីអាចរកចំណូលពីវិស័យនេះបាន គឺពិតជាមិនមែនជារឿងងាយស្រួលឡើយ ដោយពួកគេត្រូវសិក្សាស្វែងយល់ពីកម្មវិធីកុំព្យូទ័រដ៏រញ៉េរញ៉ៃ និងត្រូវរៀបចំប្រព័ន្ធដ៏សាំញ៉ាំដើម្បីអាចជីកកាក់ឌីជីថលបាន។

យ៉ាងណា អាចនិយាយថា វាជាចំណូលចិត្ត និងមានដុងពីកំណើតផង Ishaan សិក្សាត្រឹមរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីមើលការបង្រៀនតាម YouTube និងស្រាវជ្រាវបន្ថែមលើអ៊ីនធឺណិត ដោយដំបូងឡើង គេច្នៃកុំព្យូទ័រម៉ាក Alienware ដែលជាកុំព្យូទ័រ Gaming មានកម្លាំងម៉ាស៊ីនខ្លាំងទៅជាឧបករណ៍ជីកកាក់ដំបូងក្នុងខែមេសា ហើយក្នុងថ្ងៃដំបូងគេរកបាន ៣ ដុល្លារពីវា។
ដោយមានការគាំទ្រ ពីឪពុកម្ដាយ Ishaan បានសម្រេចបង្កើតការជីកកាក់នេះជាមុខរបរអាជីពតែម្ដង ដោយគេនិងប្អូនស្រី Aanya បានបង្កើតក្រុមហ៊ុនជីកកាក់ផ្ទាល់ខ្លួនឈ្មោះ Flifer Technologies ដែលមានការជួយជ្រោមជ្រែងពីឪពុក Manish Raj នៅថ្ងៃទី ៣០ ខែមេសា។

ចាប់តាំងពីពេលនោះមក ចំណូលរបស់បងប្អូនទាំង ២ បន្តកើនឡើងឥតឈប់ឈររហូតដល់ចុងខែកក្កដា ពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសម្ភារៈយកមកជីកកាក់បន្ថែមដែលមានដូចជា ក្រាហ្វិកកាត Nvidia RTX 3080-Ti និង Antminers ជាដើម។
ជាទូទៅ Ishaan និង Aanya តែងប្រើប្រាស់ក្រាហ្វិកកាត Nvidia RTX 3090 សម្រាប់ជីកកាក់ ដែលតម្លៃរបស់វាគឺចន្លោះពី ២ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយគ្រាប់ ខណៈបច្ចុប្បន្នពួកគេប្រើប្រាស់ឧបករណ៍ដែលបំពាក់ក្រាហ្វិកកាតបែបនេះដល់ទៅ ៩៧ គ្រឿងឯណោះ។

ហេតុដូច្នេះហើយ ការខ្ចីលុយធនាគារយកមករកស៊ី គឺជៀសមិនផុតទេ ដោយឪពុករបស់គេជាអ្នករ៉ាប់រងលើបន្ទុកទាំងនេះ ខណៈទំហំប្រាក់កម្ចីមិនត្រូវបានបង្ហើបឲ្យដឹងឡើយ។
ដោយឡែក ថ្លៃអគ្គិសនីនៅក្រុមហ៊ុន និងផ្ទះដែលមានទីតាំងនៅទីក្រុង Dallas រដ្ឋ Texas គឺពួកគេចំណាយអស់ប្រមាណជិត ៣ ០០០ ដុល្លារ/ខែ ស្របពេលសម្រាប់ខែកញ្ញានេះ Ishaan រំពឹងថា នឹងបានចំណូលមកវិញខ្ទង់ ៣៦ ០០០ ដុល្លារ បើផ្អែកតាមការ Update ឧបករណ៍ជីកកាក់កន្លងមក។
តែយ៉ាងណា បើទោះជាកំពុងមានចំណូលខ្ពស់មួយលើវិស័យជីកកាក់ឌីជីថលក្ដី តែបងប្អូនទាំង ២ នាក់ បែរជាមានក្ដីស្រមៃខុសពីអ្វីដែលពួកគេកំពុងធ្វើ ពោលទាំង ២ នាក់បងប្អូនចង់ក្លាយជាគ្រូពេទ្យ ដោយបងប្រុសចង់ចូលរៀននៅសាកលវិទ្យាល័យ University of Pennsylvania ខណៈបច្ចុប្បន្នគេទើបចូលរៀនថ្នាក់វិទ្យាល័យ។
រីឯប្អូនស្រី Aanya វិញ ចង់ក្លាយជាគ្រូពេទ្យដូចបងប្រុសដែរ តែចង់ទៅរៀននៅសាកលវិទ្យាល័យ New York University ខណៈបច្ចុប្បន្នកុមារីរូបនេះទើបនឹងរៀនថ្នាក់ទី ៤ នៅបឋមសិក្សាប៉ុណ្ណោះ៕
ប្រភព: cnbc