កាលពីពេលថ្មីៗនេះ មានរបាយការណ៍ជាច្រើនចុះផ្សាយថា ក្រុមហ៊ុនយក្ស Alibaba Group នឹងធ្វើការវិនិយោគជាសាច់ប្រាក់ប្រមាណ ១០០ ពាន់លានយ៉ន់ ឬប្រហែល ១៥,៥ ពាន់លានដុល្លារដល់ឆ្នាំ ២០២៥ សម្រាប់គម្រោងសប្បុរសធម៌ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jingping ដោយផ្ទាល់។
បើតាមការចុះផ្សាយរបស់គេហទំព័រ Zhejiang News មូលនិធិទទួលបានពី Alibaba នឹងផ្ដល់ទៅឲ្យសហគ្រាសធុនតូច ឬមធ្យម ក៏ដូចជាយកទៅពង្រឹងគុណភាពធានារ៉ាប់រងនៃអ្នកធ្វើការតូចតាច ដូចជាអ្នកនាំសំបុត្រ និងអ្នកដឹកជញ្ជូនជាដើម។
ក្រៅពី Alibaba រដ្ឋាភិបាលចិនក៏ជ្រោមជ្រែងឲ្យក្រុមហ៊ុនខ្នាតយក្សជាច្រើនទៀត ជួយជាប្រាក់ឧបត្ថម្ភ ឬមូលនិធិផ្សេងៗ ដើម្បីកាត់បន្ថយវិសមភាពសង្គមនៃប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទី ២ នេះផងដែរ ខណៈក្រុមហ៊ុនដូចជា Tencent Holdings ក៏ប្រកាសចូលរួមចំណែក ១០០ ពាន់លានយ៉ន់ ដូចគ្នានឹង Geely Automobile ដែរ។
បញ្ជាក់ដែរថា ការចាប់ផ្ដើមប្រមូលមូលនិធិជាហូរហែរបស់ក្រុមហ៊ុនខ្នាតយក្សជាច្រើនទូទាំងប្រទេសបែបនេះ គឺកើតឡើងបន្ទាប់ពីរដ្ឋាភិបាលចិនធ្វើការពិន័យ Alibaba ប្រមាណ ២,៧៥ ពាន់លានដុល្លារ ដោយចោទថា បំពានច្បាប់ផ្ដាច់មុខ ខណៈវាប្រៀបបាននឹងការព្រមានដល់ក្រុមហ៊ុនផ្សេងៗទៀតដូចគ្នា៕
ប្រភព: kfgo