ព្រះនាងម្ចាស់​ជប៉ុន ​រៀប​អភិសេក​ជាមួយ​សង្សារ​ជា​រាស្ត្រ​សាមញ្ញ បដិសេធ​ចំណង​ដៃ​ពី​ខ្សែ​រាជវង្ស​

អន្តរជាតិ

កាលពី​ពេល​ថ្មីៗនេះ នៅ​ប្រទេស​ជប៉ុន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ព្រះនាង Mako ដែល​ជា​បុត្រី​របស់​ព្រះអង្គម្ចាស់ Akishino និង​ជា​ក្មួយស្រី​របស់​អធិរាជ Naruhito បាន​ប្រកាស​ថា ទ្រង់​នឹង​រៀប​អភិសេក​ជាមួយ​សង្សារ​សំណព្វចិត្ត​ដែល​ជា​ប្រជារាស្ត្រ​សាមញ្ញ​ឈ្មោះ Kei Komuro។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ទាំង ២ បាន​ប្រកាស​គម្រោង​អាពាហ៍ពិពាហ៍​ដោយ​នឹង​មិន​រៀបចំ​តាម​បែប​ប្រពៃណី​ច្រើន​ឡើយ ហើយ​ក៏​បាន​បដិសេធ​មិនព្រម​ទទួល​ចំណងដៃ​ដែល​ជាទូទៅ​ គ្រួសារ​រាជវង្ស​ត្រូវ​ផ្ដល់​ទឹកប្រាក់​មួយចំនួន​សម្រាប់​ សមាជិក​ណា​ម្នាក់​ដែល​សម្រេច​ចាកចេញ​ពី​គ្រួសារ​រាជវង្ស។

នេះ​មាន​ន័យ​ថា ព្រះនាង Mako នឹង​បាត់បង់​គោរមងារ​ បន្ទាប់ពី​បញ្ចប់​ការ​រៀបអាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ជាមួយ​សង្សារ​ជា​រាស្ត្រ​សាមញ្ញ។ ដោយឡែក​ទំហំ​ទឹកប្រាក់​ដែល​ខ្សែ​រាជវង្ស​គ្រោង​ផ្ដល់​ឲ្យ​ព្រះនាង Mako នោះ​ គឺ​មិន​ដឹង​ពី​ចំនួន​ជាក់លាក់​ឡើយ គ្រាន់តែ​ប្រភព​ខ្លះ​អះអាង​ថា ប្រមាណ ១,២ លាន​ដុល្លារ​ ឬ​អាច​ច្រើន​ជាង​នេះ។

ថ្វីត្បិត​មាន​មតិ​រិះគន់​ជាច្រើន​ជុំវិញ​រឿងរ៉ាវ​ដ៏​ក្ដៅ​គគុក​មួយ​នេះ តែ​ព្រះបិតា​របស់​ព្រះនាង គឺ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេចចិត្ត​របស់​ទ្រង់ តែ​ព្រះអង្គ​ឲ្យ​ដំបូន្មាន​ថា​ ព្រះនាង Mako គួរ​តែ​ព្យាយាម​យក​ឈ្នះ​ចិត្ត​មតិ​សាធារណៈ​ផង។

យ៉ាងណា ព្រះនាង Mako បាន​សម្រេចចិត្ត​រួចស្រេច​ហើយ គឺ​នឹង​រៀបការ​ បើ​ទោះ​ជា​មជ្ឈដ្ឋាន​ជុំវិញ​មិន​ពេញចិត្ត​ក៏​ដោយ ហើយ​គម្រោង​បន្ទាប់​គឺ​ ទ្រង់​និង​សង្សារ​នឹង​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក ក្រោយ​បញ្ចប់​ការ​រៀបអាពាហ៍ពិពាហ៍​ ខណៈ​កាលបរិច្ឆេទ​គឺ​មិន​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ៕

ប្រភព: scmp