ឥទ្ធិពលរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ហាក់ធ្វើឲ្យផ្អើលគក្រើកអ្នកគាំទ្របាល់ទាត់ជាច្រើន កំពុងតែជ្រួលច្របល់ខ្លាំង ក្នុងការស្វែងរកឱកាសទិញសំបុត្រចូលមើលការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ឲ្យក្រុមបិសាចក្រហម Manchester United នៅចុងសប្តាហ៍នេះ។
Ronaldo ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅឯទឹកដី Old Tafford សាជាថ្មីម្តងទៀត សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ទី ១១ ខែកញ្ញាខាងមុខនេះ នៅពេលក្រុម Man United ត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវ Newcastle របស់គ្រូបង្វឹកលោក Steve Bruce ។
យ៉ាងណា ជុំវិញការវិលត្រលប់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ បានធ្វើឲ្យតម្រូវការសំបុត្រចូលរួមទស្សនាការប្រកួត មានការកើនឡើងខ្ពស់ហួសការស្មាន ស្របពេលគេហទំព័រផ្លូវការរបស់ក្លិបបិសាចក្រហម បានដំឡើងតម្លៃរហូតដល់ទៅ ៧០០ ផោន (៩៧០ ដុល្លារ) ក្នុងមួយសំបុត្រ។
មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍មួយរបស់កាសែត The Times បានបង្ហាញទៀតថាតម្លៃសំបុត្រ ដែលត្រូវដាក់លក់ដោយគេហទំព័រធំមួយរបស់អាមេរិកគឺ Stuhub បានដាក់លក់សំបុត្រចូលទស្សនានៅកីឡដ្ឋាន Old Trafford សម្រាប់ប្រកួតដំបូងរបស់ Ronaldo នេះ ក្នុងតម្លៃរហូតដល់ទៅ ២ ៥១៤ ដុល្លារ ឬចូលជិត ៣ ៥០០ ដុល្លារឯណោះ សម្រាប់កៅអីនៅតំបន់ជិតទីលានប្រកួត ដែលអាចមើលឃើញកីឡាករច្បាស់ ។
ស្រពពេលជាមួយគ្នានោះ វេបសាយលក់សំបុត្រមួយផ្សេងទៀតគឺ Live Football Tickets ក៏បានផ្សព្វផ្សាយថាខ្លួនមានសល់សំបុត្រសម្រាប់ចូលមើលការប្រកួត ចំនួន ១៩៨ ទៀតផងដែរ ដោយដាក់លក់នៅក្នុងតម្លៃចន្លោះពី ២៦៥ ផោន ដល់ ៦៩៩ ផោន ។
តែទោះជាយ៉ាងណាក្លិប United បានធ្វើការទទូចដល់អ្នកគាំទ្រ កុំទិញយកសំបុត្រពីគេហទំព័រលក់សំបុត្រទាំងនោះ ដើម្បីចៀសវាងការលុបចោលការកក់ ឬប្រឈមមុខនឹងផលវិបាកក្នុងការទទួលយកសំបុត្រផងដែរ ៕
ប្រភព: Daily Mail
ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ