កាលពីពេលថ្មីៗនេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់គឺ Cristiano Ronaldo បានបំបែកកំណត់ត្រាដ៏អស្ចារ្យ កម្រមានកីឡាករណាអាចធ្វើបាន។

កំណត់ត្រាមួយនោះគឺ ជាកីឡាករដែលរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិបានច្រើនបំផុត ខណៈកន្លងមកកំណត់ត្រាមួយនេះ កាន់កាប់ដោយអតីតកីឡាករអ៊ីរ៉ង់ Ali Daei ដែលធ្លាប់រកបាន ១០៩ គ្រាប់ រីឯ CR7 វិញ រកបាន ១១១ គ្រាប់គិតត្រឹមពេលបច្ចុប្បន្ន ហើយតួលេខនេះនៅអាចបន្តកើតមានឡើងទៀត ដរាបណាខ្សែប្រយុទ្ធព័រទុយហ្គាល់មិនទាន់ប្រកាសចូលនិវត្តពីក្រុមជម្រើសជាតិ។

ដោយឡែកសមិទ្ធផលខាងលើ ក៏ត្រូវបាន Guiness World Record ផ្ដល់ជូន Ronaldo នូវសញ្ញាប័ត្របញ្ជាក់ពីកំណត់ត្រាដ៏ពិបាកនឹងមានអ្នកធ្វើបានដូចជាលោកថែមទៀត។

ក្រៅពីជា Top Scorer នៅក្រុមជម្រើសជាតិ ម្ចាស់ពាន Ballon d’Or ៥ សម័យក៏ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតនៅប្រវត្តិសាស្ត្រ UEFA Champions League ផងដែរ ដោយរកបាន ១៣៤ គ្រាប់ច្រើនជាងគូប្រជែងច្រើនជំនាន់ Lionel Messi ១៤ គ្រាប់។
ក្រឡេកមកមើលស្ថានភាពអាជីពនៅក្នុងលីគវិញ Ronaldo បានសម្រេចផ្លាស់មកលេងនៅ Manchester United ដែលជាទ្រនំផ្ដល់កំណើតដំបូងរបស់លោកកាលពីថ្ងៃសុក្រ ខណៈការមកដល់របស់លោកជះឥទ្ធិពលខ្លាំងដូច Messi ទៅ Paris Saint-Germain អញ្ចឹង។

គ្រាន់តែមកដល់ភ្លាម ដ្បិតលេខអាវផ្លូវការមិនទាន់ប្រកាសមែន តែអាវចម្លងនៅឃ្លាំង Man utd ត្រូវបានលក់ចេញអស់គ្មានសល់ ក្រោយអ្នកគាំទ្រទទួលដំណឹងថា CR7 ពិតជាមកចូលរួមនៅ Old Trafford សារជាថ្មី។

មិនខុសពី Lionel Messi ដែលជាកីឡាករស៊ីថ្លៃខ្លួនខ្ពស់បំផុតនៅ PSG និង Ligue 1 ទេ Ronaldo ក៏ជាកីឡាករទទួលប្រាក់ពលកម្មខ្ពស់បំផុតក្នុងក្រុមបិសាចក្រហម និងនៅក្របខណ្ឌកំពូល Premier League ផងដែរ ដោយក្នុងមួយសប្ដាហ៍លោកទទួលបាន ៥១០ ០០០ ផោន ឬប្រមាណជាង ៧០ ម៉ឺនដុល្លារឯណោះ ដែលមានន័យថា ប្រាក់ពលកម្មលោក ១ ខែអាចទិញបានរថយន្តទំនើប Bugatti Chiron ដែលមានតម្លៃជិត ៣ លានដុល្លារបានដោយស្រួល៕
ប្រភព: បរទេស