ក្រុមហ៊ុន Samsung គ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅភាគខាងជើងខេត្ត Bac Ninh ប្រទេសវៀតណាម នៅឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពផលិតទូរស័ព្ទទំនើប ដែលអាចបត់អេក្រង់បាន។
ក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងចាប់ផ្តើមគម្រោងពង្រីកនៅឆមាសទីពីរ នៃឆ្នាំនេះ ដោយកំណត់យកទិសដៅប្រតិបត្តិការពេញលេញនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Econommic Daily ។
ការពង្រីករោងចក្រនៅក្នុងប្រទេសវៀតណាមនេះ គឺដើម្បីបង្កើនសមត្ថភាពផលិតស្មាតហ្វូនដែលអាចបត់អេក្រង់បានរបស់ Samsung ឲ្យបាន ៤៧% ពីចំនួន ១៧ លានគ្រឿងក្នុងពេលបច្ចុប្បន្ន ដល់ ២៥ លានគ្រឿង ។
អ្នកជំនាញនិយាយថា នៅពេលក្រុមហ៊ុន Samsung បញ្ចប់ការពង្រីកក្រុមហ៊ុននេះ នោះពួកគនឹងអាចផលិតបាននូវម៉ូដែល Galaxy Z Fold ចំនួន ១០ លានគ្រឿង និងម៉ូដែល Z Flip ចំនួន ១៥ លានគ្រឿងក្នុងមួយឆ្នាំ។
យ៉ាងណា ការសម្រេចចិត្តរបស់ Samsung ក្នុងការបង្កើនសមត្ថភាពនៃការផលិតរបស់ខ្លួន ត្រូវបានជំរុញដោយសារតែតម្រូវការទីផ្សារបច្ចុប្បន្នមានការកើនឡើងខ្ពស់។ រម្លឹកថាម៉ូឌែលស្មានហ្វូនអេក្រង់បត់ជំនាន់ទី ៣ របស់ខ្លួន ទទួលបានការបញ្ជាទិញទុកមុនរហូតដល់ចំនួន ៩២០ ០០០ គ្រឿង នៅកូរ៉េខាងត្បូង ពោលគឺខ្ពស់ជាងស្មានហ្វូនត្រកូល Galaxy S21 រហូតដល់ ១,៨ ដង៕
ប្រភព: VN Express