ការមកដល់ទឹកដី Old Trafford សារជាថ្មីរបស់ Cristiano Ronaldo បានជះឥទ្ធិពលជាខ្លាំង សម្រាប់ក្រុម Manchester United ព្រោះគ្រាន់តែប្រកាសការមកដល់របស់ CR7 ភ្លាមតម្លៃភាគហ៊ុនរបស់ក្រុមរហស្សនាមបិសាចក្រហមកើនឡើងជាគំហុកតែម្ដង។
យ៉ាងណា កាលពីពេលថ្មីនេះ បន្ទាប់ពីក្រុម Man Utd បានប្រកាសលេខអាវផ្លូវការរបស់ Ronaldo ហើយ ក្រុមអ្នកគាំទ្របានសម្រុកនាំគ្នាទៅទិញអាវដែលមានឈ្មោះ និងលេខសម្គាល់របស់ម្ចាស់ពាន Ballon d’Or ៥សម័យ ហើយត្រឹមរយៈពេល ១២ ម៉ោងប៉ុណ្ណោះអាវទាំងប៉ុន្មានត្រូវលក់អស់ពីឃ្លាំងរលីង។
ការលក់អាវសារនេះ របស់ Manchester United បានក្លាយជាការលក់ដាច់លឿនបំផុត និងច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ Premier League តែម្ដង រីឯចំណូលពីការលក់នោះគឺ ទទួលបាន ៣២,៥ លានផោន ខណៈតម្លៃអាវគឺមានចន្លោះពី ៨០ ទៅ ១១០ ផោន/អាវ ដែលនេះមានន័យថា ត្រឹមរយៈពេលកន្លះថ្ងៃ Man utd លក់អាវបានចន្លោះពី ២៩៥ ៥០០ ទៅ ៤០៦ ២៥០ អាវ។
ដោយឡែកបើគិតពីចំណូលនោះ យើងអាចនិយាយបានថា គឺជាការលក់ធំបំផុតមួយរបស់ Man utd ដ្បិតវាអាចទិញបានរថយន្ត Bugatti Chiron ដែលមានតម្លៃរហូតដល់ជិត ៣ លានដុល្លារ/គ្រឿង រហូតដល់ ១០ គ្រឿងបានដោយងាយស្រួលបំផុត។
តែទោះជាយ៉ាងណា ថ្វីបើចំណូលបានដល់ ៣២,៥ លានផោនក្ដី តែម្ចាស់ដី Old Trafford អាចទទួលភាគលាភត្រឹម ៣,២៥ លានផោនប៉ុណ្ណោះ ដែល ៩០% ទៀតគឺក្រុមហ៊ុនផ្គត់ផ្គង់ Adidas ជាអ្នកទទួលបាន៕
ប្រភព: nairametrics