លោក Gerrit Cole ដែលជាកីឡាករ Baseball ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិក ប៉ុន្តែបើមើលទៅជីវភាពរបស់លោកគឺ សាមញ្ញមិនស៊ីគ្នាជាមួយទំហំកុងត្រាតម្លៃ ៣២៤ លានដុល្លាររបស់លោកឡើយ។

បច្ចុប្បន្ន លោក Cole នៅបន្តប្រើប្រាស់រថយន្តម៉ាក Toyota Tacoma ផលិតឆ្នាំ ២០០៦ ដដែល ដែលលោកបានប្រើប្រាស់វារយៈពេល ១៦ ឆ្នាំមកហើយ ហើយបើទោះជាអាចរកចំណូលបានរហូតដល់ ៣៦ លានដុល្លារ/ឆ្នាំក៏ពិតមែន តែបុរសវ័យ ៣០ ឆ្នាំនៅតែបន្តប្រើប្រាស់រថយន្តសេរីចាស់មិនផ្លាស់ប្ដូរដដែល។

ទាក់ទិននឹងហេតុផលដែលលោកនៅប្រើប្រាស់រថយន្ត Tacoma នេះ គឺលោកបានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយ NJ.Com ថា៖ “មូលហេតុធំចំបងគឺ វានៅប្រើប្រាស់បាន ហើយធន់ខ្លាំងមែនទែន តែខ្ញុំនិយាយនេះមិនមែនចង់ឃោសនាឲ្យ Toyota ទេ តែផ្អែកតាមបទពិសោធន៍ផ្ទាល់ខ្លួន គឺវាពិតជាមិនមានបញ្ហាច្រើនពិតមែន”។

បញ្ជាក់ដែរថា រថយន្តមួយគ្រឿងនេះគឺ ជាកាដូដែលឪពុករបស់លោកបានទិញឲ្យ នៅពេល Cole បញ្ចប់ថ្នាក់វិទ្យាល័យ ហើយបើតាមអ្នកជំនាញបានឲ្យដឹងថាតម្លៃរបស់វាកាលនោះ ខ្ទង់ ១៥ ០០០ ដុល្លារ បើមួយទឹក ឬ ២៥ ០០០ ដុល្លារបើថ្មី ហើយបច្ចុប្បន្នបើ Gerrit Cole ចង់លក់គឺអាចបាន ៧ ៨០០ ដុល្លារថ្លៃបំផុត។
រំលឹកដែរថា ទម្លាប់មិនផ្លាស់ប្ដូររថយន្តទំនើបនេះ គឺមានមហាសេដ្ឋីច្រើនណាស់ដែលមានទម្លាប់មួយនេះ ដូចជា Jeff Bezos បន្តប្រើប្រាស់រថយន្តHonda Accord ឆ្នាំ ២០១៣ ស្របពេល Mark Zuckerberg បន្តជិះ Acura TSX តម្លៃ ៣ ម៉ឺនដុល្លារដដែល៕
ប្រភព: cnbc