ប្រទេសឥណ្ឌាជាប់ឈ្មោះជាប្រទេសមានប្រជាជនច្រើនបំផុតលើលោក បន្ទាប់ពីប្រទេសចិន ហើយក្នុងចំណោមប្រជាជនទាំងអស់ ក៏មានបុគ្គល ១០ រូបជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេស និងជាប់ឈ្មោះក្នុងបញ្ជី Forbes។
1/ Mukesh Ambani

មិនត្រឹមតែជាមហាសេដ្ឋីមានបំផុតនៅឥណ្ឌាឡើយ លោក Ambani ក៏ជាស្ដេចត្រាញ់ប្រចាំតំបន់អាស៊ីផងដែរ ពោលគឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនដាច់គេនៅទ្វីបអាស៊ី ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកគឺ ៨៨,៧ ពាន់លានដុល្លារ។
2/ Gautam Adani និងគ្រួសារ

ត្រកូល Adani គឺជាម្ចាស់ភាគហ៊ុនធំបំផុតនៅប្រលានយន្តហោះ Mumbai International Airport ពោល ៧៤% នៃភាគហ៊ុនសរុប ខណៈប្រលានយន្តហោះអន្តរជាតិនេះផងដែរគឺ ជាប់ឈ្មោះជាប្រលានមានចរាចរណ៍ច្រើនបំផុតទី ២ ប្រចាំប្រទេសទៀតផង។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលលោក Adani និងគ្រួសារឈរលេខ ២ ជាមហាសេដ្ឋីមានបំផុតនៅឥណ្ឌាជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ២៥,២ ពាន់លានដុល្លារ។
3/ Shiv Nadar

ជាសហស្ថាបនិកក្រុមហ៊ុនផ្នែកផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រ HCL Technologies និងជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាធំបំផុតទី ៣ ប្រចាំប្រទេស បើផ្អែកតាមមូលធនទីផ្សារ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Nadar គឺមានប្រមាណ ២០,៤ ពាន់លានដុល្លារ ហើយកាលពីពេលកន្លងទៅ លោកបានបរិច្ចាគប្រាក់ប្រមាណ ៦៦២ លានដុល្លារទៅកាន់មូលនិធិ Shiv Nadar Foundation សម្រាប់ផ្គត់ផ្គង់ផ្នែកអប់រំនានា។
4/ Radhakishan Damani និងគ្រួសារ

ស្ថាបនិកក្រុមហ៊ុន DMart បច្ចុប្បន្នមានវ័យ ៦៦ ឆ្នាំ ខណៈទ្រព្យសម្បត្តិរបស់លោកគឺស្ថិតនៅខ្ទង់ប្រមាណ ១៥,៤ ពាន់លានដុល្លារ។ លោកគឺជាមហាសេដ្ឋីមួយរូបដែលរកស៊ីពីបាតដៃទទេ រហូតពង្រីងក្រុមហ៊ុនទូទាំងប្រទេស ស្របពេលបច្ចុប្បន្ន DMart គឺមានសាខា ២១៤ កន្លែងទូទាំងឥណ្ឌា។
5/ បងប្អូនត្រកូល Hinduja

Hinduja Group គឺជាក្រុមហ៊ុនយក្សធំមួយនៅឥណ្ឌាដែលក្ដោបក្ដាប់ជំនួញជាច្រើន ដែលមានដូចជា ឡានដឹកទំនិញ ប្រេង ធនាគារ និងសូម្បីតែទូរទស្សន៍ខ្សែកាប។
យ៉ាងណាក្រុមហ៊ុនដ៏ធំមួយនេះគឺ កាន់កាប់ដោយបងប្អូន Hinduja ៤ រូបគឺ Srichand, Gopichand, Prakash និង Ashok ខណៈទ្រព្យសម្បត្តិពួកគេគឺប្រមាណ ១២,៨ ពាន់លានដុល្លារ។
6/ Cyrus Poonawalla

ដ្បិតមានដើមកំណើតក្នុងត្រកូលអ្នកបង្កាត់ពូជសេះ តែ Cyrus Poonawalla គឺជាស្ថាបនិកវិទ្យាស្ថាន Serum Institute of India នៅឆ្នាំ ១៩៦៦ និងវិវត្តវាក្លាយជាកន្លែងផលិតវ៉ាក់សាំងធំបំផុតលើលោក។
ជាទូទៅ ក្រុមហ៊ុនរបស់ Poonawalla ផលិតវ៉ាក់សាំងប្រហែល ១,៥ ពាន់លានដូសជារៀងរាល់ឆ្នាំ ខណៈទ្រព្យសម្បត្តិរបស់បុរសវ័យ ៨០ ឆ្នាំគឺមានប្រមាណ ១១,៥ ពាន់លានដុល្លារ។
7/ Pallonji Mistry

បច្ចុប្បន្ន លោក Mistry គឺជាម្ចាស់ក្រុមហ៊ុន Shapoorji Pallonji Group ដែលមានអាយុកាល ១៥៥ ឆ្នាំ ពោលលោកបន្តតំណែងនេះពីឪពុករបស់លោក។ Shapoorji Pallonji Group គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ធំបំផុតមួយនៅឥណ្ឌា ដូច្នេះទ្រព្យសម្បត្តិរបស់បុរសវ័យ ៩២ ឆ្នាំក៏មានច្រើនរហូតដល់ ១១,៤ ពាន់លានដុល្លារដែរ។
8/ Uday Kotak

លោក Kotak មិនបានដើរតាមគន្លងក្រុមគ្រួសារ ក្នុងការស្នងអាជីវកម្មជួញដូរឡើយ ពោលលោកបានបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុដោយខ្លួនឯងកាលពីឆ្នាំ១៩៨៥ និងវិវត្តទៅជាធនាគារនៅឆ្នាំ ២០០៣។
បច្ចុប្បន្ន Kotak Mahindra Bank គឺជាប់ក្នុងបញ្ជី Top 4 នៃគ្រឹះស្ថានហិរញ្ញវត្ថុឯកជនប្រចាំប្រទេស ស្របពេលទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ថាបនិករូបនេះមានប្រមាណ ១១,៣ ពាន់លានដុល្លារ។
9/ គ្រួសារត្រកូល Godrej

មិនខុសពីលោក Mistry ឡើយ គ្រួសារត្រកូល Godrej គឺស្នងតំណែងតជំនាន់ ដោយតំបូងឡើយ ក្រុមហ៊ុន Godrej Group គឺរកឃើញដោយលោក Ardeshir Godrej ក្នុងឆ្នាំ ១៨៩៧ បន្ទាប់ពីបោះបង់អាជីពជាមេធាវី។ សព្វថ្ងៃក្រុមហ៊ុនដែលមានអាយុកាល ១២៣ ឆ្នាំមួយនេះ គ្រប់គ្រងដោយលោក Adi Dodrej តាំងពីឆ្នាំ ២០០០ រីឯទំហំទ្រព្យសម្បត្តិវិញគឺប្រមាណ ១១ ពាន់លានដុល្លារ។
10/ Lakshmi Mittal

បិទបញ្ជីមហាសេដ្ឋីមានបំផុតនៅឥណ្ឌាគឺលោក Lakshmi Mittal ដែលជាស្ថាបនិក និងដើរតួជាប្រធានក្រុមហ៊ុនArcelorMittal ដែលជាក្រុមហ៊ុនដែកថែប និងរ៉ែធំបំផុតលើលោក។ បើនិយាយពីទំហំទ្រព្យសម្បត្តិវិញ លោក Mittal មានប្រមាណ ១០,៣ ពាន់លានដុល្លារ៕
ប្រភព: Forbes