ការងារនៅក្រុមហ៊ុនលំដាប់ពិភពលោក ជាមួយប្រាក់ខែខ្ពស់គឺជាក្ដីស្រមៃរបស់មនុស្សស្ទើរតែគ្រប់រូបទៅហើយ ខណៈនេះក៏មិនមែនមានន័យថា គ្រប់បុគ្គលិកដែលធ្វើការនៅស្ថាប័នធំៗទាំងនោះ សុទ្ធតែទទួលបានភាពរីករាយឡើយ។
ជាក់ស្ដែង ប្រាក់ខែកាន់តែខ្ពស់ ទំនួលខុសត្រូវកាន់តែច្រើន ដូចជា Ben Chon អតីតបុគ្គលិកក្រុមហ៊ុនយក្ស JPMorgan ធ្លាប់ទទួលបានប្រាក់ខែរហូតដល់ ១៥ ម៉ឺនដុល្លារ/ខែ តែម៉ោងធ្វើការវិញ គឺច្រើនខ្លាំង ពោលចន្លោះពី ៧០ ទៅ ១១០ ម៉ោង/សប្ដាហ៍ ហើយមានពេលខ្លះ លោកធ្លាប់ធ្វើការរហូតដល់ ២៨ ម៉ោងជាប់គ្នាក៏មាន។
យ៉ាងណា ទម្រាំទម្លាប់នឹងមជ្ឈដ្ឋានការងារនេះបាន Chon ត្រូវប្រើរយៈពេលរហូតដល់ ១ ឆ្នាំជាង ដើម្បីអាចសម្របខ្លួនបានប្រសើរជាងមុន។ នេះបើតាមការចុះផ្សាយរបស់ Insider។
តែគ្រប់យ៉ាងមិនស្ថិតស្ថេរ ពោលបន្ទាប់ពីធ្វើការនៅ JPMorgan បាន ៣ ឆ្នាំ Chon សម្រេចចិត្តដាក់ពាក្យលាឈប់នៅឆ្នាំ ២០១៨ បន្ទាប់ពីម្ដាយរបស់លោករកឃើញថាមានជំងឺ ALS ដែលជារោគប្រព័ន្ធប្រសាទមិនអាចព្យាបាលបាន ហើយពេលនោះហើយដែលបុរសវ័យ ២៨ ឆ្នាំទម្លាយថា គ្រប់យ៉ាងនៅក្នុងជីវិតគឺមិនស្ថិតស្ថេរឡើយ។
បន្ទាប់ពីដាក់ពាក្យលាឈប់ពីក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង San Francisco បុរសជនជាតិកូរ៉េ ក៏ធ្វើដំណើរលំហែអារម្មណ៍ជុំវិញពិភពលោកប៉ុន្មានខែ មុនសម្រេចចិត្តទៅធ្វើជា Youtuber ដែលជាទូទៅលោកតែងផ្ដល់ជាមតិយោបល់ ឬគន្លឹះផ្សេងៗទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ។
សម្រាប់អាជីពជា Youtuber នេះផងដែរ អាចសម្រួលការងារ Chon បានច្រើនជាងមុន ដ្បិតវាជាការងារឯករាជ្យ ដូច្នេះលោកមានពេលច្រើនសម្រាប់មើលថែម្ដាយនៅប្រទេសកំណើតផង។
តាមរបាយការណ៍ចុងក្រោយដែល Chon ប្រាប់ពីចំណូលរបស់លោក គឺកាលពីខែកក្កដាកន្លងទៅ លោកទទួលបានប្រមាណ ១៩ ១៦១ ដុល្លារ ដែលចំនួននេះបូកបញ្ចូលទាំងក្រុមហ៊ុនឧបត្ថម្ភនានាស្រាប់ តែបើធៀបនឹងចំណូលពីមុន គឺបានត្រឹមប្រមាណ ១៣% នៃប្រាក់ខែចាស់ដែល JPMorgan ផ្ដល់ឲ្យ ១៥ ម៉ឺនដុល្លារ/ខែប៉ុណ្ណោះ។
ដោយសារទើបប្រឡូកក្នុងវិស័យ Youtuber មិនដល់ ១ឆ្នាំផង ដូច្នេះម្ចាស់គណនី rareliquid ទើបនឹងមានចំនួន Subscribers ប្រមាណជិត ៤ ម៉ឺននាក់ប៉ុណ្ណោះ ហើយជាទូទៅបុរសវ័យ ២៨ ឆ្នាំច្រើននិយាយពីការវិនិយោគលើវិស័យធនាគារ ដីធ្លី ទីផ្សារ និងរូបិយប័ណ្ណឌីជីថលជាដើម៕
ប្រភព: businessinsider