មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក Bill Gates ធ្លាប់ទទួលរហស្សនាមថា ជាមហាសេដ្ឋីមិនចូលចិត្តចំណាយប្រាក់លើសម្ភារៈនិយម ដូចជានាវាឯកជន ឬរថយន្តទំនើបៗថ្លៃៗអ្វីឡើយ ហើយបើនិយាយពីនាឡិកាវិញ លោកពាក់ត្រឹមតម្លៃថ្លៃបំផុត ៧០ ដុល្លារប៉ុណ្ណោះ។

យ៉ាងណា មិនមែនមានន័យថា មហាសេដ្ឋីមានបំផុតលើលោកលំដាប់ទី ៤ មិនដែលចំណាយលុយរាប់លានឡើយ ពោលកាលពីខែមីនាឆ្នាំទៅ Bill Gates ធ្លាប់ជះលុយ ៤៣ លានដុល្លារទិញផ្ទះមួយខ្នងនៅរដ្ឋ California ផងដែរ។
តែផ្ទះមួយខ្នងនោះគ្រាន់តែជាចំណែកតូចមួយបើធៀបនឹងវត្ថុ ៣ យ៉ាងដែលស្ថាបនិក Microsoft ធ្លាប់ចំណាយរាប់សិបលានឥតស្ទាក់ស្ទើរ៖
1/ កំណត់ត្រារបស់អ្នកប្រាជ្ញ Lenonardo da Vinci សតវត្សទី ១៦

កាលពីឆ្នាំ ១៩៩៤ សហស្ថាបនិកមូលនិធិ Bill and Melinda Gates Foundation បានចំណាយប្រមាណ ៣០,៨ លានដុល្លារ ឬប្រមាណជិត ៦០ លានដុល្លារពេលបច្ចុប្បន្ន សម្រាប់ការទិញកំណត់ត្រារបស់អ្នកប្រាជ្ញ Leonardo da Vinci ដែលត្រូវគេជឿថា បានសរសេរក្នុងចន្លោះឆ្នាំ ១៥០៦ ដល់ ១៥១០ ខណៈបច្ចុប្បន្ន Bill Gates បានឲ្យសារមន្ទីរខ្ចីដាក់តាំងបង្ហាញជាសាធារណៈ។
2/ យន្តហោះផ្ទាល់ខ្លួន

គ្មាននាវាឯកជន គ្មានឡានទំនើបថ្លៃៗ តែមិនមែនមានន័យថា Bill Gates គ្មានយន្តហោះផ្ទាល់ខ្លួនទេ។ មហាសេដ្ឋីប្រាក់ពាន់លានដុល្លាររូបនេះ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ Ellen DeGeneres ថា យន្តហោះម៉ាក Bombardier BD-700 Global Express គឺលោកចំណាយប្រមាណ ៤០ លានដុល្លារដើម្បីទិញ ហើយគោលបំណងនៃការទិញគឺសម្រាប់តែដំណើរទស្សនកិច្ចជំនួញប៉ុណ្ណោះ។
3/ ភូមិគ្រឹះតម្លៃ ១២៧ លានដុល្លារ

ដូចបានរៀបរាប់ពីខាងលើ កាលពីខែមីនា ២០២០ Bill Gates ចំណាយលុយប្រមាណ ៤៣ លានដុល្លារទិញផ្ទះមួយខ្នងនៅ California ។ នៅរដ្ឋ Washington ឯណោះវិញ មហាសេដ្ឋីរូបនេះក៏មានភូមិគ្រឹះមួយទៀតតម្លៃវិញ គឺដល់ទៅ ១២៧ លានដុល្លារឯណោះ៕
ប្រភព: luxurylaunches